ចង់ឱ្យគ្រប់គ្នានៅក្នុងគ្រួសារមានសុខភាពល្អរាងស្អាតស្រស់សង្ហាទាំងអស់មែនទេ? ដូច្នេះហើយបានជាម្នាក់ៗ ជាពិសេស ស្ត្រីយើងតែម្តងតែងតែខិតខំចម្រាញ់យកតែអាហារណាដែល មានរសជាតិឆ្ងាញ់ មានប្រយោជន៍ចំពោះសុខភាព តែទន្ទឹមនឹងការហូបចុកល្អ មានអនាម័យហើយនោះលោកអ្នកក៏មិនត្រូវភ្លេចបបួលគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាពដែរ ជាពិសេសគឺដើម្បីសម្រកខ្លាញ់ដែលលើសកំណត់នៅក្នុង រាងកាយចេញឱ្យអស់។ មានលំហាត់ប្រាណច្រើនយ៉ាងណាស់ដែលអាចឱ្យអ្នកធ្វើជុំគ្នាដើម្បីសម្រកខ្លាញ់ ហើយវិធីទាំងនោះមានដូចជា៖
ជិះកង់ : មិនពិបាកនោះទេ ឱ្យតែមានកង់ ចង់ជិះពេលណាក៏បាន ឌុបគ្នាម្តងម្នាក់ក៏ចាត់ទុកថាជាការហាត់ប្រាណម្នាក់ម្តងដែរ។ ជិះកង់បណ្តើរជជែកគ្នាលេងបណ្តើរ លេងៗរយៈពេលកន្លះម៉ោងក៏កន្លងផុតទៅបាត់ទៅហើយ ហើយអ្វីដែលពិសេសនោះគឺពេលវេលានៃការហាត់ប្រាណក៏អាចចាត់ទុកថាគ្រប់គ្រាន់ទៅហើយសម្រាប់ថ្ងៃនេះ។
ហែលទឹក : ចាត់ទុកថាជាកីឡាដែលមានភាពទាន់សម័យ និងពេញនិយមបំផុតសម្រាប់ មនុស្សសម័យនេះ ហើយអ្វីដែលសំខាន់ជាង នេះទៀតនោះគឺ កីឡាប្រភេទនេះ មិនធ្វើឱ្យអ្នកបារម្ភខ្លាចថាមានញើសដែលនាំឱ្យមានក្លិនមិនល្អភាយដាក់អ្នកផ្សេងនោះទេ ព្រោះនៅក្នុងទឹកត្រជាក់ស្រួលបំផុតហើយ។
ដើរ : មិនចាំបាច់ត្រូវស្វែងរកឧបករណ៍អីនោះ ទេ ប្រើតែជើងទាំងពីររបស់អ្នកក៏អាចធ្វើឱ្យអ្នក និងសមាជិកនៅក្នុងក្រុមគ្រួសារ កម្ចាត់ជាតិខ្លាញ់មិនល្អចេញពីរាងកាយបានដែរ។ នាំសមាជិកនៅក្នុងគ្រួសាររបស់អ្នកដើរទៅជាមួយគ្នាអ្នកនឹងទទួលបានទាំងការសម្រកទម្ងន់ និងចំណងសុភមង្គល នៅក្នុងគ្រួសារថែមទៀតផង។
រត់ : វាខុសពីការដើរត្រង់ថា អ្នកត្រូវចំណាយកម្លាំងច្រើនជាង ត្រូវមានការតាំងចិត្តច្រើនជាងខុសពីការដើរដែលអ្នកអាចធ្វើវាលេងៗក៏បាន ប៉ុន្តែយ៉ាងណាលទ្ធផលដែលអ្នកទទួលបានក៏វារហ័សជាងការដើរលេងៗដែរ។
ម៉ាស៊ីនរត់ហាត់ប្រាណ : អាចសម្រកទម្ងន់ ដោយមិនចាំបាច់ទៅណាឆ្ងាយ រត់តែមួយកន្លែងក៏អាចចេញញើស មិនត្រូវការរើសទីតាំង ឬចំងាយដែលត្រូវរត់នោះទេ ទាំងអស់នេះគឺជាភាពងាយស្រួលនៃការសម្រកទម្ងន់ដោយការ រត់លើម៉ាស៊ីន។ ក្រៅពីសកម្មភាពហាត់ប្រាណទាំងនេះអ្នកក៏អាចជ្រើសរើសលេងកីឡាផ្សេងៗដូចជា វាយសី លោតអន្ទាក់ និងធ្វើការងារក្នុងសួនជាដើម សុទ្ធសឹងតែជាកីឡា និងការងារដែលអ្នកអាចលេងជាមួយសមាជិកក្នុងគ្រួសារ ដើម្បីទទួល បាននូវប្រយោជន៍មួយផ្សេងទៀតគឺ ការសម្រកទម្ងន់៕