តារាសចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា ក្រៅពីអាជីពសិល្បៈ សព្វថ្ងៃនេះអ្នកនាងមានភាពមមាញឹកច្រើនជាមួយមុខជំនួញរកស៊ីផ្ទាល់ ដោយបច្ចុប្បន្នកំពុងពង្រីកបន្ថែម។ បើទោះបីជាមមាញឹកយ៉ាងណាក៏ដោយ អ្នកនាងក៏មិនបានដកឃ្លាពីសិល្បៈដែរ អ្នកនាង បានធ្វើចម្រៀងថ្មីជាមួយខាងផលិតកម្មថោន ដែលត្រៀមចេញក្នុងពេលឆ្នាំថ្មីនេះ។
ជាការពិតណាស់ គេមើលឃើញថាជាច្រើនឆ្នាំមកហើយ ដែលគ្រួសាររបស់អ្នកនាង យក់ ថិតរដ្ឋា គឺលោក ឃុំ ប៉ុណ្ណាដែត បានទម្លាក់ចោលអាជីពជាតារាចម្រៀង ទៅរកស៊ីជំនួញដីធ្លី និងសំណង់ផ្ទះល្វែង ដែលជាមុខជំនួញមួយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារអ្នកសិល្បៈមួយគូនេះកាន់តែមានទ្រព្យច្រើនជាងកាលប្រឡូកសិល្បៈ។ ទោះបីជា ស្វាមីអ្នកនាងទៅរកស៊ីជំនួញដីធ្លី និងសំណង់ផ្ទះល្វែងក៏ពិតមែន ប៉ុន្តែតារាចម្រៀងរូបនេះមិនដែលធ្លាប់ប្រាប់ថា ក្រុមហ៊ុនរបស់ខ្លូនមានឈ្មោះអ្វីនោះឡើយ ហើយមានភាគហ៊ុនបែបណាឡើយ។ ក្រៅពីជំនួញដីធ្លី តារាសិល្បៈស្រីរូបនេះ និងស្វាមី បានបើកហាងបែប Pub មួយកន្លែងមានឈ្មោះថា “វិចធើរីផាប” នៅខាងកើតស្ថានទូតរុស្សី ដោយគិតមកដល់ពេលនេះ បានដំណើរការ2ឆ្នាំជាងហើយ។
ជំនួញទាំងពីរនេះលោក ឃុំ ប៉ុណ្ណាដែត គឺជាអ្នកមើលការខុសត្រូវទាំងអស់ ចំណែកឯ ភរិយា អ្នកនាង យក់ ថិតរដ្ឋាវិញ ក៏មិនបណ្ដោយឱ្យខ្លួនទំនេរឡើយ ក្រៅពីការងារសិល្បៈដែលនាងមិនព្រមទម្លាក់ចោលនោះ គឺអ្នកនាងមានបើកហាងលក់ផលិតផលកែសម្ផស្សមួយទៀតផង។ ហាងលក់ផលិតផលកែសម្ផស្សមាន Brand ទទួលបន្តផ្ដាច់មុខពីប្រទេសកូរ៉េ និងថៃ ចំណែកដើមទុនក្នុងការបើក អ្នកនាងថាមិនច្បាស់ ព្រោះអ្វីៗភាគច្រើនសុទ្ធតែស្វាមីជាអ្នករ៉ាប់រងទាំងអស់។ រហូតមកដល់ពេលថ្មីៗនេះ ស្រាប់តែគេឃើញថា អ្នកនាង យក់ ថិតរដ្ឋា បន្ថែមអាជីពមួយផ្សេងទៀត គឺ «យក់ ថិតរដ្ឋា លក់ក្រណាត់ប៉ាក់ » អ្នកនាងថា បាននាំចូលក្រណាត់ប៉ាក់ស្អាតជាច្រើនដោយផ្ទាល់ពីរោងចក្រតែម្តង។
ចុងក្រោយមហាជនបានកត់សម្គាល់ថា តារាចម្រៀងស្រីល្បីឈ្មោះមួយរូបនេះ មានជំនួញក្ដោបនៅក្នុងដៃ ជាមួយនិងស្វាមីច្រើន មិនចាញ់សិល្បករមួយចំនួនឡើយ បើទោះបីជាស្វាមីបានផ្អាកពីសិល្បៈក្ដី តែអ្នកនាងនៅតែបន្ដបោះជំហ៊ានលើវិថីកម្សាន្ដមួយនេះដដែរ៕