កីឡាករ និងកីឡាការិនីវាយកូនបាល់ចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោកចំនួន 2នាក់ គឺ Novak Djokovic និង Simona Halep កាលពីថ្ងៃព្រហស្បតិ៍ សុទ្ធសឹងត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ1 ប្រចាំព្រឹត្តិការណ៍ Australian Open នៅសប្តាហ៍ក្រោយ ខណៈដែលម្ចាស់ជើងឯកពានរង្វាន់ធំៗ 23សម័យកាល Serena Williams ស្ថិតក្នុងចំណាត់ថ្នាក់លេខ16 ក្នុងវិញ្ញាសាផ្នែកនារី។
Djokovic នឹងឈរពីលើគូប្រជែងដ៏ខ្លាំងរបស់ខ្លួន Rafael Nadal និងម្ចាស់ការពារតំណែងជើងឯក Roger Federer ស្របពេលដែលកីឡាករវ័យក្មេង Alexander Zverev ស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ប្រចាំព្រឹត្តិការណ៍ ខណៈរូបគេសម្លឹងរកការឈ្នះពានកម្មវិធី Grand Slam ជាលើកទី1។
កីឡាករសញ្ជាតិស៊ែប៊ី Djokovic កំពុងតែសម្លឹងរកការបង្កើតប្រវត្តិសាស្ត្រតាមរយៈការឈ្នះពាន Australian Open ជាលើកទី7 នៅពេលដែលយុទ្ធនាការនេះចាប់ផ្តើមនៅទីលាន Melbourne Park នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈកីឡាករជើងចាស់សញ្ជាតិស្វ៊ីស Federer ក៏សម្លឹងរកការឈ្នះពានជាលើកទី7 ដូចគ្នាដែរ។
ជើងខ្លាំងទាំង2 នឹងត្រូវប៉ះការប្រជែងដ៏ខ្លាំងក្លាមួយពី Zverev ដែលជាជើងខ្លាំងជំនាន់ក្រោយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់ឆ្លងផុតវគ្គ 8នាក់ចុងក្រោយនៅឡើយទេក្នុងយុទ្ធនាការដ៏ធំមួយ។
កីឡាករមានចំណាត់ថ្នាក់លេខ5 ក្នុងពិភពលោក Juan Martin del Potro នឹងត្រូវអវត្តមានដោយសារតែរបួស ខណៈកីឡាករអាហ្វ្រិកខាងត្បូង Kevin Anderson ត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ5 ប្រចាំព្រឹត្តិការណ៍ ស្របពេលម្ចាស់ជើងឯករងកាលពីឆ្នាំមុន Marin Cilic ស្ថិតក្នុងចំណាត់ថ្នាក់លេខ6។
Halep ស្ថិតក្នុងចំណាត់ថ្នាក់លេខ1 ប្រចាំព្រឹត្តិការណ៍ក្នុងវិញ្ញាសានារី ដោយផ្អែកទៅលើចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោករបស់នាង៕
ប្រភពពី៖ Channel News Asia