ចង់សម្រាក និងកម្សាន្ដអារម្មណ៍បែបបរិយាកាសដូចនៅប្រទេសជប៉ុនដែរទេ? មិនចាំបាច់ហោះហើរទៅឆ្ងាយទៀតឡើយ នៅក្នុងប្រទេសថៃ មានផ្ទះសំណាក់ដែលបានរៀបចំស្ទាយល៍ដូចនៅប្រទេសជប៉ុនតែម្តង ហើយជាពិសេសគឺស្ថិតនៅក្នុងតំបន់ទេសចរណ៍ល្បីៗនៅក្នុងប្រទេសថៃទៀតផង។ យ៉ាងណាមិញ សម្រាប់គូស្នេហ៍ដែលទើបតែរៀបការហើយថ្មោងថ្មី មានបំណងប្រាថ្នាចង់ទៅក្រេបចន្ទទឹកឃ្មុំនៅប្រទេសថៃ និងចង់ទទួលបាននូវបរិយាកាសប្លែកភ្នែកនោះ សូមកុំរំលេងផ្ទះសំណាក់ស្ទាយល៍ជប៉ុនទាំង5ទីតាំងនេះ។
1. Archita Hostel ស្ថិតនៅក្នុងខេត្តឈៀងម៉ៃ
Archita Hostel ជាផ្ទះសំណាក់បែបទាន់សម័យ តាមស្ទាយល៍ទំនើបរបស់ប្រទេសជប៉ុន។ កន្លែងនេះមានទីតាំងស្ថិតនៅតំបន់ប្រៈស៊ីង ក្រុងឈៀងម៉ៃ ខេត្តឈៀងម៉ៃ ប្រទេសថៃ។ នៅពេលដែលអ្នកបានចូលទៅដល់ក្លោងទ្វារចូលដំបូង អ្នកនឹងបានឃើញសួរផ្កាចម្រុះពណ៌ ផ្លូវដើរមានដុំថ្មតូចៗ និងគ្រឿងលម្អ គ្រឿងសង្ហារិមបែបជនជាតិជប៉ុនតែម្ដង។ លើសពីនេះទៅទៀតនៅក្នុងបរិវេណផ្ទះសំណាក់នេះ ក៏មានការដេគ័របែបផ្ទះបុរាណល្បីល្បាញបំផុតនៅប្រទេសជប៉ុនដែលមានឈ្មោះថា Machiya។ ចំពោះតម្លៃស្នាក់នៅវិញ គឺមានតម្លៃសមរម្យបំផុត។
2. Chiang Rai Ryokan ស្ថិតនៅក្នុងតំបន់ទេសចរណ៍នៃខេត្តឈៀងរ៉ាយ
ផ្ទះសំណាក់មួយនេះ មិនមែនជាបន្ទប់ទេ តែហាក់ដូចជាបណ្ដុំកូនផ្ទះតូចៗរបស់ជនជាតិជប៉ុនទៅវិញ។ នៅពេលដែលអ្នកបានមកស្នាក់នៅផ្ទះសំណាក់នេះ អ្នកនឹងទទួលបានអារម្មណ៍ថា ដូចកំពុងតែស្នាក់នៅក្នុងភូមិមួយនៃប្រទេសជប៉ុនអីុចឹងដែរ។ នៅក្នុងផ្ទះមួយ មាន4បន្ទប់ មានកន្លែងត្រាំទឹកក្ដៅ កន្លែងទទួលទានអាហារកន្លែងប្រជុំ និងបន្ទប់គេង។ នៅក្នុងផ្ទះសំណាក់នេះ ប្រដាប់ដោយផលិតផល និងគ្រឿងប្រើប្រាស់មកពីប្រទេសជប៉ុនតែម្ដង។ ហើយមានហាងកាហ្វេ និងហាងតែ ដែលមានរសជាតិដើមរបស់ជនជាតិជប៉ុនផងដែរ។
3. Vartika Resovilla Kuiburi ស្ថិតនៅក្នុងក្រុងគុយប៊ុរី
ផ្ទះសំណាក់នេះរៀងទំនើប និងទាន់សម័យបន្ដិច ព្រោះការរចនាត្រូវបានធ្វើឡើងតាមបែបលក្ខណៈស្ដង់ដារសណ្ឋាគារលំដាប់ផ្កាយទៅហើយ គ្រាន់តែខុសប្លែកត្រង់ថា នៅទីនោះជាផ្ទះសំណាក់វីឡា ដែលមានសាខានៅបណ្ដាប្រទេសមួយចំនួនដូចជា នៅប្រទេសជប៉ុន ចិន ឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី (កោះប៉ាលី) ជាដើម។ ការរៀបចំបន្ទប់ គឺដេគ័រឡើងតាមស្ទាយល៍របស់ប្រទេសជប៉ុន។ នៅវីឡានេះ មានសភាពស្ងប់ស្ងាត់ និងស្រស់ស្រាយតាមបែបធម្មជាតិតែម្ដង។ វាមានទីតាំងស្ថិតនៅភូមិទី5 ស្រុកបរណក ក្រុងគុយប៊ុរី។
4. ផ្ទះសំណាក់ Haiku Guesthouse
ផ្ទះសំណាក់នេះ បែ្លកភ្នែកខ្លាំងមែនទែន ព្រោះមានការបូកបញ្ចូលរចនាបទបែបជនបទទាំងពីរប្រទេសបញ្ចូលគ្នា ថៃ-ជប៉ុន ដែលធ្វើឱ្យភ្ញៀវទេចរទទួលបាននូវអារម្មណ៍ប្លែកខុសពីធម្មតា និងមិនធ្លាប់បានឃើញពីមុនមក។ នៅក្នុងមួយល្វែងមាន4បន្ទប់ ដែលបានតាំងឈ្មោះបែបជប៉ុនដូចជា បន្ទប់អីុតៈសៈ, បន្ទប់បៈសុ, បន្ទប់ស៊ិគិ និងបន្ទប់ប៊ុឈុនជាដើម។ បន្ទប់នីមួយៗធ្វើអំពីឫស្សីទាំងអស់ និងមានដំបូលប្រក់ដោយស្បូវ។ វាមានទីតាំងស្ថិតនៅក្នុងស្រុកណងលូ ស្រុកស័ងខឡៈប៊ុរី ខេត្តកានចៈណៈប៊ុរី។
5. Baanmek hostel ស្ទាយល៍ជប៉ុន
ផ្ទះសំណាក់នេះ មានទីតាំងស្ថិតនៅជាប់តំបន់ទេសចរណ៍ខេត្តឈៀងម៉ៃ ទាំងអាហារដ្ឋាន ហាងកាហ្វេ និងបន្ទប់ស្នាក់នៅ គឺស្រស់ស្អាត និងគួរឱ្យចង់ស្នាក់នៅខ្លាំងបំផុត។ មិនត្រឹមតែមានរចនាបទបែបជនជាតិជប៉ុននោះទេ សូម្បីតែបុគ្គលិក ក៏មានការរាក់ទាក់ស្វាគមន៍ភ្ញៀវ និងយកចិត្តទុកចំពោះភ្ញៀវតាមបែបសុជីវធម៌របស់ជនជាតិជប៉ុនផងដែរ។
នៅចាំអីទៀត កុំភ្លេចណ៎ាធ្វើការកក់សំបុត្រយន្តហោះឱ្យហើយ និងរីករាយជាមួយនឹងដំណើរក្រេបចន្ទទឹកឃ្មុំដ៏សែនរ៉ូមែនទិកនៅក្នុងមួយជីវិតរបស់អ្នក បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចនៅតំបន់ទេសចរណ៍ដ៏សម្បូរបែបទាំងនេះ។ សូមឱ្យដំណើរកម្សាន្ដរបស់អ្នកប្រកបដោយសុវត្ថិភាព និងភាពរីករាយ៕