លោក Pep Guardiola ត្រូវបានជំរុញឲ្យធ្វើការប្រជែងដណ្តើមពាន ៣ ដោយម្ចាស់កម្មសិទ្ធិដ៏មានមហិច្ឆតារបស់ Manchester City ខណៈដែលក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ មានបំណងធ្វើការស្តារមុខមាត់ឡើងវិញពីយុទ្ធនាការដ៏ខកចិត្តកន្លងទៅ។
រដូវកាលទី១របស់លោក Guardiola បានបញ្ចប់ទៅទាំងភាពខកចិត្ត ខណៈដែលពួកគេបានបញ្ចប់រដូវកាលដោយការមិនបានឈ្នះពានអ្វីសោះ ក្រោយពីមិនអាចធ្វើការប្រជែងពាន Premier League និងធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ Man City ក៏បានធ្លាក់ចេញពីយុទ្ធនាការពាន FA Cup និង League Cup ផងដែរ ក្នុងរដូវកាលដ៏កម្រនៃការមិនឈ្នះពានណាមួយសោះសម្រាប់លោក Guardiola ដែលធ្លាប់បានឈ្នះពានជាច្រើនអំឡុងពេលលោកដឹកនាំក្នុងក្លិប Barcelona និង Bayern Munich។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Khaldoon Al Mubarak ដែលជាប្រធានក្លិប Man City ជឿជាក់ថា កំណត់ត្រារបស់លោក Guardiola នៃការឈ្នះពានសរុបចំនួន២១លើកក្នុងរយៈពេល៧ឆ្នាំរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅ បង្ហាញថា រដូវកាលខាងមុខនឹងក្លាយជាពេលវេលាដ៏ជោគជ័យ។
លោក Khaldoon បានប្រាប់គេហទំព័ររបស់ក្លិប Man City ថា៖ «យើងនឹងខិតខំព្យាយាមដណ្តើមពានក្របខ័ណ្ឌ Premier League និង Champions League ហើយទាំងអស់នោះនៅតែជាគោលដៅរបស់យើង។ យើងនៅតែមានមហិច្ឆតានៃការឈ្នះពាន Champions League ហើយក្តីសុបិននោះធ្វើឲ្យខ្ញុំមានការរំភើបជារៀងរាល់ថ្ងៃ និងដឹងថា យើងអាចធ្វើបាន»។ លោក Khaldoon បានបន្ថែមទៀតថា៖ «សុបិននៃការឈ្នះពានបីក្នុងរដូវកាលតែមួយមែនទេ? ពិតមែនហើយ។ ហេតុអ្វីមិនអាចទៅរួច?»៕
ប្រភពពី៖ Sport24