ធនាគារជាតិនៅកម្ពុជាធ្លាប់បានធ្វើការប្រកាសព័ត៌មាន និងព្រមានធ្ងន់ៗរួចមកហើយចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលបានបង្កើនតម្លៃសេវារបស់ខ្លួនពីប្រជាពលរដ្ឋដែលទៅខ្ចីប្រាក់ និងលក្ខខណ្ឌមួយចំនួនទៀតដែលធនាគារជាតិបានកំណត់ថា អាចប្រឈមនឹងការបញ្ឈប់ប្រតិបត្តិការ ឬមានវិធានការផ្លូវច្បាប់នានា។
បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានសម្រួលឱ្យកាន់តែមានលក្ខណៈប្រសើរឡើងសម្រាប់ប្រជាជននៅទូទាំងប្រទេសដោយការកំណត់ពិតានការប្រាក់រួចមក ធនាគារជាតិនៃកម្ពុជាបានមើលឃើញថាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបែរជាបង្កើនតម្លៃសេវាផ្សេងៗរបស់ខ្លួនដើម្បីទាញយកប្រយោជន៍ពីប្រជាជនទៅវិញ។ ជាវិធានការទប់ស្កាត់ មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាធ្លាប់បានព្រមានហើយថា អាចនឹងចាត់វិធានការធ្ងន់ធ្ងរបំផុតចំពោះគ្រឹះស្ថានណាដែលកេងយកចំណេញច្រើនហួសហេតុពេកពីប្រជាជន។
នៅដើមឆ្នាំ2019 នេះធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ឈប់ប្រតិបត្តិករដែលជាគ្រឹះស្ថានឥណទានជនបទចំនួន 4 គឺ៖
ទី1- គ្រឹះស្ថាន វីរៈជន កសិករ ម.ក
ទី2- គ្រឹះស្ថាន វឌ្ឍករសិករ ម.ក
ទី3- ឥណទានខ្មែរ ដើម្បីការអភិវឌ្ឍន៍ ម.ក
ទី4 ខេ ភី ភី ឌី ហ្វាយនែន ម.ក
គួរបញ្ជាក់ថា ការបញ្ឈប់ប្រតិបត្តិការរបស់គ្រឹះស្ថានជនបទទាំង4 នេះ ធនាគារជាតិនៃកម្ពុជាមិនទាន់បានបញ្ជាក់មូលហេតុនៅឡើយទេ គ្រាន់តែបានជូនដំណឹងដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធឱ្យបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ៕