ខ្សែប្រយុទ្ធ Gabriel Jesus បានស៊ុតបាល់បញ្ចូលទី 4គ្រាប់ ខណៈដែលក្រុម Manchester City បានធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន League Cup ឬ Carabao Cup តាមរយៈការយកឈ្នះលើក្រុម Burtonរបស់ក្របខ័ណ្ឌ League Oneក្នុងលទ្ធផល 9-០ នាកីឡដ្ឋាន Etihad កាលពីថ្ងៃពុធ។
ការប្រកួតដែលមានប្រៀបតែលើក្រុមម្ខាងក្នុងវគ្គពាក់កណ្តាលផ្តាច់ ជើងទី1 ត្រូវបានកាត់សេចក្តី ខណៈដែលខ្សែបម្រើ Kevin De Bruyne បានរកគ្រាប់បាល់បើកឆាក ក្រោយពីលេងបានត្រឹមតែ 5នាទី ខណៈដែល Jesus បានបន្ថែមគ្រាប់បាល់ 2គ្រាប់ទៀត ហើយ OleksandrZinchenko បានបន្ថែម 1គ្រាប់ទៀត នៅមុនពេលសម្រាកតង់ទី1។
Jesus រកបានគ្រាប់បាល់ 2គ្រាប់ទៀត ក្នុងចន្លោះពេល 13នាទីក្នុងតង់ទី2 ខណៈដែលកីឡាករ Phil Foden និង Kyle Walker ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ នៅមុនពេល Riyad Mahrez បំពេញជ័យជម្នះដ៏ធំសម្រាប់ក្រុមខ្លួន។
វាជាការដណ្តើមបានជ័យជម្នះដ៏ធំបំផុតសម្រាប់ក្រុម Man City បើគិតចាប់តាំងពីពួកគេបានផ្តួលក្រុម Huddersfield 10-1 កាលពីឆ្នាំ1987 និងបានធានាថា ការប្រកួតជើងទី2 គ្រាន់តែការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។
លោក Guardiola គ្រូបង្វឹករបស់ក្រុម Man City បានឱ្យដឹងថា៖ «ពិតណាស់ យើងស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្ររួចជាស្រេច។ យើងត្រូវតែលេងការប្រកួតជើងទី2 ហើយយើងនឹងលេងដោយប្រុងប្រយ័ត្ន។ យើងពិតជារីករាយណាស់ក្នុងការទៅវគ្គផ្តាច់ព្រ័ត្រម្តងទៀត»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាមិនងាយស្រួលនោះឡើយក្នុងការលេងក្នុងការប្រកួតបែបនេះ។ យើងបាននិយាយពីមុនពេលការប្រកួតឱ្យចាត់ទុកជាការប្រកួតសំខាន់ ហើយយើងបានចាប់ផ្តើមយ៉ាងល្អ»៕
ប្រភពពី៖ Channel News Asia