កីឡាករវាយកូនបាល់ Novak Djokovic និង Roger Federer នឹងឈានទៅកាន់ការបង្ហាញខ្លួននៅទីលាន Melbourne Park សម្រាប់ការប្រកួតពានបើកឆាកប្រចាំឆ្នាំ2019 នៃកម្មវិធី Grand Slam ក្នុងនាមជាបេក្ខភាពមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន Australian Open ស្របពេលដែលសំណួរផ្សេងៗ នៅតែចោទសួរថា តើមានកីឡាករជំនាន់ក្រោយណាម្នាក់អាចបញ្ឈប់ការគ្រប់គ្រងពានរបស់ពួកគេទាំង 2នាក់បានដែរឬទេ?។
កីឡាករមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោក Djokovic សញ្ជាតិស៊ែប៊ី និងគូប្រជែងជាជនជាតិស្វ៊ីសរបស់គេ បានឈ្នះពាន8 ក្នុងចំណោមពាន9 នៅលើទីលាន Rod Laver Arena គិតចាប់តាំងពីឆ្នាំ2010 និងឈ្នះពាន11 ក្នុងចំណោមពានទាំង13ចុងក្រោយនៅលើទីលានពណ៌ខៀវ ក្នុងទីក្រុង Melbourne មួយនេះ។
កីឡាករទាំង2 បានឈ្នះពាន 6លើកដូចគ្នា និងកំពុងតែសម្លឹងរកការតាមស្មើកំណត់ត្រានៃការដណ្តើមបានជ័យជម្នះដ៏ច្រើនបំផុតរបស់លោក Roy Emerson របស់អូស្ត្រាលី។
ស្របពេលដែល Federer បានឈ្នះពាន Australian Open សម្រាប់រយៈពេល 2ឆ្នាំចុងក្រោយ ប្រវត្តិរបស់កីឡាករ Djokovic ក្នុងប្រទេសអូស្ត្រាលី និងការរកឃើញទម្រង់លេងដ៏ល្អរបស់គេកាលពីឆ្នាំមុន មានន័យថា កីឡាករមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោករូបនេះ នឹងក្លាយជាគូប្រជែងដ៏ខ្លាំងដែលត្រូវផ្តួល។
កីឡាករវ័យ 31ឆ្នាំរូបនេះ បានធ្លាក់ចុះទម្រង់លេងនៅពាក់កណ្តាលឆ្នាំ2016 ដែលបានបញ្ចប់នៅត្រឹមពេលដែលរូបគេបានឈ្នះពាន Wimbledon កាលពីឆ្នាំមុន នៅមុនពេលរូបគេបានបន្តធ្វើដំណើរទៅឈ្នះពាន US Open ជាលើកទី3 របស់គេ និងឈ្នះពាន Grand Slam សរុប 14លើក ដោយតាមពីក្រោយ Rafa Nadal 3លើក៕
ប្រភពពី៖ Channel News Asia