សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំសកល 2018-2019 កន្លងទៅនោះ ពលរដ្ឋកម្ពុជាបានចេញទៅដើរកម្សាន្ដទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះគោលដៅទៅក្រៅប្រទេសមានប្រទេសចិន និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុប គឺមានការកើនឡើងប្រមាណ20% បើធៀបទៅនឹងឆ្នាំ2017។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការឆ្លងឆ្នាំសកលកន្លងមកនេះ គឺមានភ្ញៀវទេសចរដើរកម្សានកើនឡើងទាំងនៅក្នុងស្រុក និងក្រៅប្រទេសមានប្រមាណ20% ដោយសារតែប្រទេសមានសុខសន្ដិភាព និងជីវភាពរបស់ប្រជាពលរដ្ឋក៏ធូរធារជាងមុន ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានកសាង និងអភិវឌ្ឍនូវតំបន់ទេសចរណ៍ ព្រមទាំងបង្កើនផលិតផលទេសចរណ៍នៅគ្រប់ទីកន្លែងទូទាំងប្រទេស។
លោកស្រី បានលើកឡើងថា ក្នុងអំឡុងពិធីឆ្លងឆ្នាំសកលកន្លងមក មានប្រជាពលរដ្ឋកម្ពុជាប្រមាណជិត 2ម៉ឺននាក់ បានចាកចេញទៅកម្សាន្ដនៅក្រៅប្រទេស ក្នុងនោះមានធ្វើដំណើរទៅប្រទេសចិន ប្រទេសអឺរ៉ុប និងប្រទេសមួយចំនួនទៀតក្នុងតំបន់។
លោកស្រីបានបញ្ជាក់ថា ការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុកដែលចេញទៅកម្សាន្ដនៅក្រៅប្រទេសនេះ គឺដោយសារតែបច្ចុប្បន្នមានជើងហោះហើរត្រង់ច្រើន និងមានក្រុមហ៊ុនទេសចរណ៍រៀបចំកញ្ចប់ទេសចរណ៍ក្នុងតម្លៃប្រកួតប្រជែង ដើម្បីបង្កលក្ខណៈដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជន យុវនារី មានឱកាសចេញទៅសិក្សាស្វែងយល់ពីការធ្វើអាជីវកម្មផ្សេងៗ នៅតាមបណ្ដាប្រទេសរីកចម្រើនមួយចំនួន ក្រៅពីការធ្វើទេសចរណ៍កម្សាន្ដនោះ ដើម្បីដកស្រង់នូវបទពិសោធពីប្រទេសគេមកធ្វើការអភិវឌ្ឍ ក្នុងប្រទេសរបស់ខ្លួន។
លោកស្រីបានបន្ដថា ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្ដរជាតិដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍ គួរតែពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជារមណីយដ្ឋានកែច្នៃ និងធម្មជាតិ ផលិតផលទេសចរណ៍ ព្រមទាំងពង្រីកនូវគោលដៅទេសចរណ៍នៅក្នុងស្រុកឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីបង្កើនការគាំទ្រផលិតផលទេសចរណ៍ក្នុងស្រុក។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ និងពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយក្នុងពិធីឆ្លងឆ្នាំសកលនៅរាជធានីភ្នំពេញ គឺមានចំនួនច្រើនជាងគេ គឺ ប្រមាណជា 2,200,000នាក់ ក្នុងនោះបានទៅទស្សនាកម្សាន្តនៅវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ គឺមានប្រមាណ 2លាននាក់ ។
ឯកឧត្តមរដ្ឋមន្ដ្រីបានអះអាងថា ក្នុងឱកាសឆ្លងឆ្នាំសកលនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង 3,134,434នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស។ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋកម្ពុជា ដែលបានដើរកម្សាន្តនាឱកាសឆ្លងឆ្នាំសកលនេះ គឺមានការកើនឡើងប្រមាណ25.78% ក្នុងនោះភ្ញៀវជាតិកើនឡើង 25.32% និងភ្ញៀវអន្តរជាតិកើនឡើង 41.60% បើធៀបទៅនឹងឆ្នាំមុន៕