នៅពេលថ្មីៗកន្លងទៅបុរសជប៉ុនម្នាក់បានបង្ហាញក្តីស្រឡាញ់ដល់កម្ពុជា ដោយដើកាន់ស្លាកសរសេរថា «ឱបដោយសេរី ដើម្បីសន្តិភាព»។ តាមរយៈវីដេអូដែលបង្ហោះដោយលោក Koichi Kuwabara ដែលដើរកាន់បដាឱ្យគ្រប់គ្នាមកឱបលោកនោះ បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ពលលេងបណ្តាញសង្គមហ្វេសប៊ុកស្រុកខ្មែរ ដោយបានឃើញជនជាតិបរទេស ពិសេសជនជាតិជប៉ុនធ្វើរឿងដំបូងគេនៅស្រុកខ្មែរ ដែលកន្លងមកធ្លាប់ឃើញតែនៅបរទេសប៉ុណ្ណោះ។
ដំបូងឡើយ ពុំសូវមានមនុស្សចាប់អារម្មណ៍មកឱបរូបលោកឡើយ តែប៉ុន្មាននាទីក្រោយមក មកយុវវ័យនិងក្មេងៗជាច្រើនមកឱបរូបលោកជាបន្តបន្ទាប់ដោយក្តីរីករាយនិងរាប់អាន ព្រោះជាមនុស្សជាតិតែមួយរស់លើផែនដី។ លោកថា កម្ពុជា ពោរពេញទៅដោយក្ដីស្រឡាញ់ មិនមែនដូចជាអ្វីដែលជនជាតិដទៃនិយាយនោះទេ។
ថ្មីៗនេះ លោក Koichi Kuwabara បានចេញវីដេអូថ្មីមួយទៀតដែលរៀបរាប់ថា នៅពេលដែលលោកសួរទៅកាន់ជនជាតិជប៉ុន និយាយអំពីប្រទេសកម្ពុជា ភាគច្រើនគេឆ្លើយតបមកលោកវិញថា ជាប្រទេសក្រីក្រ ដីគ្រាប់មីន និងកើតជំងឺអេដស៍។ តែលោកចង់ឱ្យជនជាតិជប៉ុនផ្លាស់ប្ដូរគំនិតវិញថា ប្រទេសកម្ពុជា គឺជាសេចក្ដីស្រឡាញ់ពេញលេញនៃប្រទេសជប៉ុន ព្រោះថា សូម្បីតែរូបិយបណ្ណប្រាក់រៀលខ្មែរ ក៏មានទង់ជាតិប្រទេសជប៉ុនផងដែរ ដែលបានបង្ហាញពី ការស្រឡាញ់ និងអរគុណចំពោះជនជាតិជប៉ុន។
ចង់ដឹងថា បុរសជនជាតិជប៉ុនរូបនេះ និយាយអ្វីបន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖