តារាសម្ដែង កែវ សុបញ្ញា មួយរយៈចុងក្រោយនេះ នាងហាក់ពុំសូវរវីរវល់នឹងរឿងសិល្បៈប៉ុន្មានទេ ពិសេសក្រោយពីការសម្ដែងក្នុងបទលោក ជី ដេវីដ ដែលមានចំណងជើងថា «Feel in good» កាលពីប៉ុន្មានខែមុនរួចមក ក៏ស្រាប់តែបាត់មុខនាងឈឹងតែម្តង។ បញ្ហានេះត្រូវបានមិត្ដភ័ក្ដិក្នុងសិល្បៈរបស់នាងលើកឡើងថា ប្រសិនបើរូបគេជានាងវិញក៏លែងចង់ប្រឡូកការងារសិល្បៈដែរ ព្រោះនាងកំពុងតែសម្ងំមានសេចក្ដីសុខជាមួយគូកំណាន់ចិត្ដជាអ្នកមានទ្រព្យសម្បត្ដិម្នាក់។
ថ្មីៗនេះតារាសម្ដែង កែវ សុបញ្ញា បានសរសេរសារមួយចំនួនខ្លីៗ ដែលធ្វើឱ្យគេអាចសន្និដ្ឋានបានថា នាងកំពុងតែចង់បង្ហាញពីអារម្មណ៍ពិបាកចិត្ដទៅកាន់អ្នកគាំទ្រក្នុងបណ្ដាញសង្គម ខុសពីគ្រាកន្លងមកដែលនាងធ្លាប់បង្ហោះតែសកម្មភាព និងរូបភាពសប្បាយរីករាយតែប៉ុណ្ណោះ។
កញ្ញា កែវ សុបញ្ញា បានប្រាប់ថា មួយរយៈចុងក្រោយនេះនាងពិតជាពិបាកចិត្ដពិតមែន ព្រោះនាងនឹងសង្សារដែលស្រឡាញ់គ្នាពេញបេះដូងបានចែកផ្លូវគ្នាទៅហើយ។ នាងបញ្ជាក់ថា៖ «គាត់ជាបុរសល្អម្នាក់ នៅពេលយើងចាប់ដៃគ្នាយើងគិតថា ចង់ដើរទៅលើផ្លូវវែងឆ្ងាយជាមួយគ្នា តែដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ពួកយើងក៏សម្រេចចិត្តបែកគ្នាតែម្ដង»។ ទោះជាយ៉ាងណាក៏នាងទទួលស្គាល់ថា ការរស់នៅជាមួយសង្សារកន្លងមក នាងក៏ធ្លាប់ទទួលបានភាពរីករាយ និងសេចក្ដីសុខច្រើនដែរមុនពេលបែកគ្នា។
តារាសម្ដែងរូបនេះបញ្ជាក់ថា បន្ទាប់ពីនាងបានចែកផ្លូវជាមួយសង្សារហើយ នាងនឹងងាកមកចាប់អាជីពសិល្បៈអោយពេញទំហឹងតែម្ដង។ ពិសេសការងារដែលត្រូវរកស៊ីលើដីធ្លីជាមួយក្រុមគ្រួសារនាងនឹងត្រូវពង្រឹងវាឡើងវិញ។
ទោះយ៉ាងណាកញ្ញា សុបញ្ញា បានបញ្ជាក់ថា ការបែកពីមនុស្សដែលខ្លួនស្រឡាញ់មិនមែនជារឿងងាយស្រួលនោះទេ វាពិតជាមានរឿងឈឺចាប់ តែបើការរស់នៅជាមួយគ្នាហើយមិនចុះសម្រុងគ្នា ទោះស៊ូទ្រាំក៏រស់នៅគ្មានសុភមង្គលដែរ៕