Harry Styles បានផ្ដល់កម្លាំងចិត្តដល់ក្មេងស្រីរងគ្រោះក្នុងករណីបំផ្ទុះគ្រាប់បែកដែលជាហេតុការណ៍មួយដ៏គួរឱ្យរន្ធត់ និងសោកសៅបំផុតនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់តារាចម្រៀងស្រី Ariana Grande កាលពីថ្ងៃទី ២២ ខែឧសភា ដែលធ្វើឡើងនៅទីក្រុង Manchester ចក្រភពអង់គ្លេស ដែលបានសម្លាប់មនុស្សអស់ ២៣ នាក់ និងរងរបួស ៥៩នាក់ ក្នុងនោះភាគច្រើនគឺជាអ្នកគាំទ្រតារាចម្រៀង Ariana Grande។
តារាចម្រៀងស្រី Ariana Grande
ក្រោយពីកើតហេតុ តារាចម្រៀងប្រុសវ័យ ២៣ឆ្នាំ លោក Harry Style បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងបានផ្ដល់កម្លាំងចិត្តដល់ជនរងគ្រោះម្នាក់គឺនាងតូច Freya Lewis អាយុ ១៤ ឆ្នាំ។ តារាចម្រៀងមកពីក្រុម One Direction ម្នាក់នេះ បានលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់ Freya Lewis តាមរយៈការហៅទូរស័ព្ទដោយផ្ទាល់ទៅកាន់នាង ខណៈដែលនាងកំពុងគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Royal Machester Children’s Hospital។
នាងតូច Freya Lewis
ឪពុករបស់នាងបានប្រាប់ថា តារាចម្រៀង Harry Style បានទូរស័ព្ទមកដោយផ្ទាល់ហើយផ្ដាំប្រាប់នាងតូចថា គេសូមផ្ដល់ជាកម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ចំពោះនាង Freya ។ ជាចុងក្រោយដោយសេចក្ដីត្រេកអរបំផុតដែលបានទទួលដំណឹងនេះ បងស្រីរបស់ Freya Lewis បានចូលបង្ហោះសារអរគុណតារាចម្រៀង Harry Style នៅលើបណ្ដាញសង្គមផ្ទាល់របស់គេថា «នាងខ្ញុំមិនចង់ជឿសោះឡើយថា លោក Harry Style បានទូរស័ព្ទមកកាន់ឪពុកខ្ញុំ សំឡេងរបស់គាត់ប្រៀបដូចធ្វើឱ្យយើងមានព្រលឹងឡើងវិញ ហើយប្អូនស្រី Freya របស់ខ្ញុំក៏បានដឹងខ្លួនឡើងវិញដែរ នេះពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ។ ខ្ញុំស្រឡាញ់លោកណាស់ណា៎ Harry »៕