លោក Carlos Queiroz គ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ីរ៉ង់ បានវាយបកទៅលើក្រុមអ្នករិះគន់ ក្រោយពីក្រុមរបស់លោកបានលត់ក្រុមយេម៉ែន យ៉ាងចាស់ដៃក្នុងលទ្ធផល 5-០ កាលពីថ្ងៃចន្ទ ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួនទៅកាន់ក្រុមជាគូប្រជែងពាន។
អតីតគ្រូបង្វឹករបស់ក្រុម Real Madrid រូបនេះ បានកោតសរសើរកីឡាកររបស់លោកសម្រាប់ការយកឈ្នះលើក្រុមខ្សោយជាងគេក្នុងពូល D ដោយងាយ ក្នុងទីក្រុងអាប៊ូដាប៊ី ខណៈដែលពួកគេបានបំបាក់មុខការបង្ហាញខ្លួនជាលើកទី1 របស់ក្រុមប្រទេសដាច់ដោចដោយសង្គ្រាមមួយនេះ ក្នុងយុទ្ធនាការ Asian Cup។
ប៉ុន្តែ អារម្មណ៍របស់លោកបានផ្លាស់ប្តូរភ្លាមៗ នៅពេលដែលត្រូវបានរំឭកពីអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិលោក BrankoI vankovic ដែលបច្ចុប្បន្នកំពុងតែដឹកនាំក្រុម Persepolis របស់អ៊ីរ៉ង់ ហើយលោកបាននិយាយទាក់ទងនឹងគ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ីរ៉ាក់លោក SreckoKatanec។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដែលជារឿយៗបានប៉ះទង្គិចជាមួយនឹងមន្ត្រីកីឡាបាល់ទាត់អ៊ីរ៉ង់ និងបណ្តាញសារព័ត៌មាចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ2011 រូបនេះបានឱ្យដឹងថា៖ «បច្ចុប្បន្ន យើងវិលទៅកាន់ការងារផ្ទះវិញ»។
លោក Queiroz ដែលបាននិយាយទាក់ទងនឹងគ្រូបង្វឹកសញ្ជាតិក្រូអាស៊ីលោក Ivankovic ក្រោយពីការប្រកួតបើកឆាកវគ្គចែកពូលរបស់ខ្លួននៃយុទ្ធនាការ Asian Cup បានបន្ថែមទៀតថា៖ «នេះគឺជាសុភាពបុរសដែលស៊ាំទៅនឹងការហៅកីឡាបាល់ទាត់អ៊ីរ៉ង់ គឺជាសៀក»។
ការបង្ហាញពីទម្រង់លេងរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ក្នុងទីក្រុងអាប៊ូដាប៊ីមានភាពផ្ទុយគ្នាស្រឡះទៅនឹងក្រុមខ្លាំងកូរ៉េខាងត្បូង ដែលបានយកឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីនទាំងត្រដាបត្រដួស ស្របពេលដែលក្រុមជម្រើសជាតិចិន បានដណ្តើមយកប្រៀបទៅលើការប្រព្រឹត្តកំហុសរបស់អ្នកចាំទី ដើម្បីបំពេញការវាយបកវិញលើក្រុមគៀហ្ស៊ីគីស្ថាន។
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនតាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល 1-០ ខណៈដែលក្រុមជម្រើសជាតិចិន បានវាយបកដើម្បីផ្តួលក្រុមគៀហ្ស៊ីគីស្ថាន 2-1៕
ប្រភពពី៖ Channel News Asia