កាលពីចុងខែវិច្ឆិកា និងដើមខែធ្នូឆ្នាំ2018 រឿងស្រូវរបស់ អ្នកនាង គង់ សុត្រាវី ដែលគេស្គាល់ថាជាម្ចាស់ហាងម្កុដមាសខ្មែរសម្អាងការ និងជាម្ចាស់ហាងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល ស្ថិតនៅម្ដុំទួលគោល បានធ្វើឱ្យកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ជាពិសេសក្នុងចង្កោមអ្នកលេងហ្វេសប៊ុក បន្ទាប់ពីមានការទម្លាយថា អ្នកស្រីបានជាប់ពាក់ព័ន្ធចំណងស្នេហ៍ជាមួយអតីតឧកញ៉ាល្បីឈ្មោះ ហូ ចំរើន ដោយបានទាំងក្លែងឯកសារដាក់ឈ្មោះលោក ហូ ចំរើន ក្នុងឯកសារគ្រួសាររបស់ខ្លួនថា ឈ្មោះ ហូ សម្បត្តិ ក្នុងពេលដែលលោក ហូ ចំរើន មានភរិយាស្របច្បាប់ម្នាក់រួចទៅហើយ។
ឈានដល់ដើមឆ្នាំ2019 នេះ អ្នកស្រី ហូវ ដាណេ ថៅកែមជ្ឈមណ្ឌលកែសម្ផស្ស«ឌែម៉ូគ្លីនិក» ដែលត្រូវគេស្គាល់ថាជាដៃគូជំនួញស្អិតរមួតរបស់អ្នកស្រី គង់ សុត្រាវី ក៏មានរឿងអាស្រូវផ្ទុះឡើងដូចគ្នា ដែលធ្វើឱ្យគេចាប់អារម្មណ៍ភ្លាមៗថា ដៃគូជំនួញស្រីល្បីឈ្មោះក្នុងពិភពសិល្បៈទាំងពីរ យីអ៊ុនដាក់ស្របគ្នា ដោយសារតែរឿងអាស្រូវរបស់អ្នកទាំំងពីរ សុទ្ធតែជារឿងផ្អើលស្រទាប់មហាជន ហើយខុសពេលគ្នាតែជាងមួយខែ គឺចុងឆ្នាំ និងដើមឆ្នាំ។
ព័ត៌មានចុងក្រោយពីតំណាងអយ្យការបានឱ្យដឹងថា អ្នកស្រី ហូវ ដាណេ ត្រូវបានតុលាការចោទលើបទល្មើសចំនួន3 ទី1-បទល្មើសធ្វើអោយប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលតាមមាត្រា302នៃក្រមព្រហ្មទណ្ឌ ទី2-ពីបទកំហែងយកតាមមាត្រា363 និងមាត្រា364 នៃក្រមព្រហ្មទណ្ឌ និងបទល្មើសទី3-ពីបទការគំរាមកំហែងហែកកេរ្តិ៍តាមមាត្រា272 និងមាត្រា273 នៃក្រមព្រហ្មទណ្ឌ ដែលនេះគឺជាបទបន្ទាប់ពី អ្នកស្រីត្រូវអតិថិជនម្នាក់ដាក់បណ្ដឹងថា បានគំរាមបង្ហោះរូបភាពដេរប្រដាប់ភេទអតិថិជននៅលើបណ្តាញសង្គមហ្វេសប៊ុក ជាថ្នូរការទាមទារប្រាក់រាប់ម៉ឺនដុល្លារអាមេរិក។ ជាមួយនឹងការផ្ទុះឡើងរឿងដ៏រសើបនៅដើមឆ្នាំនេះ មហាជននឹកឃើញភ្លាមៗ ដោយសារតែមុននេះតែរយៈពេលជាងមួយខែ អ្នកស្រី គង់ សុត្រាវី ដែលជាដៃគូជំនួញរបស់អ្នកស្រី ដោយសូម្បីតែទៅណាមកណាក៏ទាំងគូ ដោយមុនផ្ទុះរឿងមានការប្រកាសថា អ្នកស្រីគង់ សុត្រាវី ហ៊ានបើកមជ្ឈមណ្ឌលកែសម្ផស្សឈ្មោះ ឌីសែល ស្ថិតនៅម្ដុំទួលគោល ក៏ដោយសារតែអ្នកស្រី ហូវ ដាណេ ធ្វើជាអ្នកជ្រោមជ្រែង លើបញ្ហាបច្ចេកទេស និងកិច្ចសហការជាមួយអ្នកឯកទេសក្រៅប្រទេស ស្រាប់តែមានរឿងដូចគ្នា។ យ៉ាងណាមិញ អ្នកស្រីគង់ សុត្រាវី នៅមិនទាន់ប្រកាសពីការបើកសម្ពោធហាងកែសម្ផស្សឌីសែលនៅឡើយទេមកទល់នឹងអ្នកស្រី ហូវ ដាណេ មានរឿងផ្លូវច្បាប់នេះ បើទោះជាមុនផ្ទុះរឿង អ្នកស្រី គង់ សុត្រាវី ប្រកាសថាខ្លួន នឹងបើកសម្ពោធហាងឌីសែល ដែលមានសេវាដូចគ្នានឹងហាងឌែម៉ូគ្លីនិក ឱ្យផ្អើលពិភពសិល្បៈ និងមហាជន នៅដើមខែមករានេះ។ អ្នកតាមដានពីរឿងរ៉ាវផ្ទុះឡើងរបស់អ្នកទាំំងពីរ បង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែរឿងរ៉ាវរបស់អ្នកដៃគូជំនួញទាំងពីរ សុទ្ធតែកក្រើកមហាជន ហើយខុសត្រូវតែចុងឆ្នាំ និងដើមឆ្នាំ។
សូមរំឭកថា រឿងអាស្រូវរបស់អ្នកស្រី គង់ សុត្រាវី កើតឡើងដោយសារតែអ្នកស្រីតវ៉ាថា លោក ហូ ចំរើន គឺស្វាមីដើមរបស់ខ្លួន ហើយត្រូវបានភាគីអ្នកជិតស្និទ្ធិរបស់អ្នកស្រីទម្លាយថា លោក ហូ ចំរើន ដែលក្នុងបញ្ជីសៀវភៅគ្រួសាររបស់អ្នកស្រីបានដាក់ឈ្មោះថា ហូ សម្បត្តិ ដែលមានន័យថាមនុស្សម្នាក់ប្រើឯកសារ2ផ្សេងគ្នា មានភរិយាស្របច្បាប់។ អ្នកស្រី គង់ សុត្រាវី ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីបាត់លុយរាប់លានដុល្លារដែល លោក ហូ ចំរើន បានយកពីចិន ហើយមានរឿងដាក់ថ្នាក់ត្រូវគេប្ដឹងផ្ដល់ដាក់ព័ន្ធធនាគារនោះ បន្ទាប់ពីអ្នកស្រីរំលេចជំនួញមិនតិចជាង2លានដុល្លារ ទាំងហាងសម្អាងការ និងហាងកែសម្ផស្សត្រៀមដំណើរការ។ ក្រោយលោក ហូ ចំរើន មានរឿងជាប់ពន្ធធនាគារ ហើយអ្នកស្រី ហូវ ដាណេ ក៏មានបញ្ហាប្រឈមផ្លូវច្បាប់ គេមិនដឹងថាមុខជំនួញរបស់អ្នកស្រីនឹងអាចដំណើរការតាមគម្រោង ឬយ៉ាងណាទេ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺអ្នកស្រី គង់ សុត្រាវី បានបង្ហាញភាពស្ងប់ស្ងាត់ ដោយសូម្បីតែការផុសបង្អួតពីហ៊ឹហារឯកជន ដោយសូម្បីតែបង្ហោះពីសម្អាងការ និងហាងឌីសែលដែលអ្នកស្រីអះអាងថាចំណាយការសាងសង់ និងបំពាក់បច្ចេកទេសច្រើនជាង1លានដុល្លារ លែងឃើញដូចមុន។ ប្រភពពីតុលាការ ក្រោយធ្លាយដំណឹងថាលោក ហូ ចំរើន ប្រើឈ្មោះហូ សម្បត្តី ហើយលួចរួមរស់ជាមួយអ្នកស្រី ភរិយាស្របច្បាប់របស់លោក ហូ ចំរើន គឺអ្នកស្រី គារ សុខគាង បានសម្រេចចិត្តប្ដឹងលែង ដោយមិនសើរើទ្រព្យសម្បត្តិ ដែលអ្នកស្រី គង់ សុត្រាវី ពាក់ព័ន្ធនឹងលោកហូ ចំរើន មុនជាប់ពន្ធធនាគារឡើយ ទើបឃើញអ្នកស្រី គង់ សុត្រាវី គេចផុតពីបញ្ហាផ្លូវច្បាប់ដូចគ្នានឹង អ្នកស្រី ហូវ ដាណេ មកទល់ពេលនេះ៕