សិស្សកម្ពុជាមួយក្រុម ដណ្តើមបានពានរង្វាន់សរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យ កម្រិតសិស្សវិទ្យាល័យ ដែលហៅកាត់ថា GYEC នាពេលថ្មីៗនេះដែលវាបាននាំមកនូវមោទនភាពយ៉ាងធំមួយសម្រាប់កម្ពុជា។
កម្មវិធីនេះជាកម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យដ៏មានប្រជាប្រិយភាពបំផុតលើពិភពលោក ដែលធ្វើឡើងដោយបច្ចេកវិទ្យាបែបទំនើបនៅតាមបណ្តាញប្រព័ន្ធអ៊ីនធើណេត។
យុវជនទាំងអស់ដែលបានឈ្នះនៅក្នុងកម្មវិធីប្រកួតនេះមានមកពីបណ្តាវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញ និងបណ្តាខេត្ត ដូចជាមកពីវិទ្យាល័យទួលទំពូង វិទ្យាល័យពោធិ៍សាត់ សាលាអន្តរទ្វីបអាមេរិកកាំង និងសាលា Zaman។ សមាសភាពសិស្សដែលបានចូលរួម និងឈ្នះនៅក្នុងកម្មវិធី GYEC គឺជាសិស្សវិទ្យាល័យដែលមានអាយុចន្លោះពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ មានចំណេះដឹងផ្នែកភាសាអង់គ្លេស និងមានចំណេះដឹងកុំព្យូទ័រយ៉ាងហោចណាស់ Microsoft office។
បេក្ខភាពចូលរួមកម្មវិធី GYEC នៅឆ្នាំ ២០១៧ នេះមានមកពី ៧ ប្រទេសក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអាមេរិកខាងត្បូង ដូចជាប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសម៉ុងហ្គោលី ប្រទេសប្រេស៊ីល និងប្រទេសជប៉ុនជាដើម។ សម្រាប់ក្រុមបេក្ខភាពនៅកម្ពុជា គឺមានការសហការដឹកនាំ និងឧបត្ថម្ភពីមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងក្រុមហ៊ុនឯកជនមួយចំនួនទៀតដែលចង់លើកស្ទួយការពង្រឹងធនធានមនុស្ស។
កម្មវិធីនេះអាចពង្រឹងសមត្ថភាពធនធានមនុស្ស និងផ្តល់ឱកាសឱ្យសិស្សដែលចូលរួមអាចពង្រឹងចំណេះដឹង និងបទពិសោធនៃការធ្វើអាជីវកម្មក្នុងបរិយាកាសដែលអាចធ្វើទៅបាន និងត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតបទៅនឹងតម្រូវការរបស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាននាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត វាក៏អាចចូលរួមចំណែកដោះស្រាយបញ្ហាពិភពលោកតាមរយៈការបង្កើតគំនិតអាជីវកម្មផងដែរ៕