ជប៉ុនជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ដែលតែងតែផ្តល់ជំនួយឥតសំណងដល់កម្ពុជាសម្រាប់លើកកម្ពស់វិស័យផ្សេងៗជាច្រើន ក្នុងមានដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អប់រំសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងសុខុមាលភាពសង្គម ជាដើម។ល។
ហើយកាលពីសប្តាហ៍មុននេះ ជប៉ុនបានចុះកិច្ចសន្យាផ្តល់ជំនួយទឹកប្រាក់ប្រមាណជា 692,522ដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងអភិវឌ្ឍន៍លើវិស័យ2 នៅកម្ពុជា សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យកសិកម្មឱ្យមានភាព-កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាមានប្រសាសន៍ថា ទឹកប្រាក់ហិរញ្ញប្បទានឥតសំណងចំនួន 692,522ដុល្លារនេះត្រូវបានបែងចែកជា 2គម្រោងផ្សេងៗគ្នា ដោយគម្រោងទីមួយ សម្រាប់អង្គការ Heart of Gold រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ396,000ដុល្លារអាមេរិកសម្រាប់ការកែទម្រង់កម្មវិធីសិក្សាបណ្តុះបណ្តាលធនធានមនុស្ស ថែរក្សាអគារ ព្រមទាំងដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្លាយជាវិទ្យាស្ថានគរុកោសល្យ4ឆ្នាំក្នុងមុខវិជ្ជាអប់រំកាយ។
គម្រោងទីពីរ សម្រាប់អង្គការ FIDR រដ្ឋាភិបាលជប៉ុនដែលមានថវិកាប្រមាណ 297,000ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ផលិតភាពនៃការដាំដុះស្រូវ ការធ្វើពិពិធកម្មនៃកសិកម្ម ការកែលម្អចំណីអាហារ ការបង្កើតបណ្តាញរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ និងការពង្រឹងសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៅក្នុងស្រុក3 នៃខេត្តកំពង់ឆ្នាំង។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងផ្តល់ដល់ប្រជាជនរស់នៅក្នុងតំបន់ឱ្យអាចកែលម្អជីវភាពរស់នៅរបស់ពួកគេ ទទួលបានអាហារគ្រប់គ្រាន់ និងមានជីវជាតិដើម្បីថែរក្សាសុខភាពឱ្យបានល្អប្រសើរឡើង។
លោកស្រី MINAMI Yumiko នាយិកាអង្គការ FIDR ដែលទទួលបានគម្រោងខាងលើ ដែលបាននិងកំពុងជួយដល់ប្រជាកសិករចំនួន 48,000នាក់ដែលរស់នៅក្នុងឃុំគោលដៅរបស់គម្រោងទាំង9 និងភូមិចំនួន63 ក្នុងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាជំនួយហិរញ្ញប្បទានឥតសំណងនេះនឹងជួយឱ្យសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាប្រយោជន៍ដល់សង្គមបន្ថែមទៀត ជាពិសេសសម្រាប់ប្រជាពលរដ្ឋសហគមន៍ដែលកំពុងរស់នៅក្នុងគោលដៅខាងលើឱ្យទទួលបានជីវភាពកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា គម្រោងជំនួយឥតសំណង គូសាណូណិ របស់រដ្ឋាភិបាលជប៉ុនបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ1991។ គម្រោង“គូសាណូណិ” មានន័យថា “មូលដ្ឋាន” ហើយចាប់តាំងពីគម្រោងនេះបានចាប់ផ្តើមអនុវត្តមក ស្ថានទូតជប៉ុនប្រចាំកម្ពុជាតែងផ្តល់នូវជំនួយឥតសំណងទៅដល់ថ្នាក់មូលដ្ឋានបានជាង 580គម្រោងរួចមកហើយ។
រហូតដល់ឆ្នាំ2003 ឈ្មោះរបស់គម្រោងនេះត្រូវបានប្តូរទៅជា “គម្រោងសន្តិសុខមនុស្សជាតិថ្នាក់មូលដ្ឋាន” ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការយកចិត្តទុកដាក់លើផ្នែកសន្តិសុខមនុស្សជាតិ។ គម្រោងនេះធ្វើឡើងក្នុងគោលដៅការអប់រំកម្រិតមូលដ្ឋាន សុខាភិបាល និងការថែទាំវេជ្ជសាស្ត្រកសិកម្ម និងប្រព័ន្ធធារាសាស្ត្រ ការកែលម្អស្ពាន និងផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខុមាលភាពសង្គម។
អ្នកវិភាគសង្គមលើកឡើងថា រដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែរ តែងគិតគូរជួយអភិវឌ្ឍប្រទេសកម្ពុជាយ៉ាងច្រើន ដែលភាគច្រើនជាជំនួយឥតសំណង រាប់ចាប់តាំងជំនួយផ្នែកគម្រោងស្ពាន ថ្នល់ ជំនួយផ្នែកច្បាប់ អប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងកសិកម្មជាដើម។ល។ ជំនួយនេះធ្វើឡើងក្នុងគោលដៅទំនាក់ទំនងមនុស្សជាតិជាពិសេសជាការតបស្នងសងគុណដល់អតីតព្រះមហាក្សត្រកម្ពុជាដែលពុំតម្រូវឱ្យប្រទេសជប៉ុនសងប្រាក់ក្រោយចាញ់សង្គ្រាមលោកលើកទី2។
ក្រៅតែពីការផ្តល់ជំនួយហើយ រដ្ឋាភិបាលជប៉ុននៅបានបញ្ជូនអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនឡើងៗនៅរយៈពេលចុងក្រោយ ចូលរួមផ្តល់ការងារដល់ពលរដ្ឋខ្មែរកាន់តែច្រើន និងជួយដល់កំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ជាពិសេសលើគម្រោងអចលនទ្រព្យសំណង់ខុនដូ ផ្សារទំនើប ភោជនីយដ្ឋាន និងកសិកម្មជាដើម៕