សភាពអឺរ៉ុបបានផ្តល់ការអនុគ្រោះពន្ធ EBA (Everything But Arm) អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធដល់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ2001មកដែលអនុញ្ញាតឱ្យប្រទេសកម្ពុជានាំទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធចូលទៅលក់នៅលើទីផ្សារក្នុងប្រទេសអឺរ៉ុបដោយអនុគ្រោះមិនយកពន្ធ ក្នុងគោលដៅជួយដល់ប្រទេសកម្ពុជាឱ្យងើបរួចផុតពីភាពក្រីក្រ។
ក្រោយពីទទួលបានការអនុគ្រោះពន្ធនេះពីសហគមន៍អឺរ៉ុប បណ្តាអ្នកវិនិយោគទុនក្រៅស្រុកជាច្រើនបាននាំគ្នាចូលមកបោះទុនវិនិយោគលើវិស័យផ្សេងៗ ជាពិសេសរោងចក្រឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសកម្ពុជាជាច្រើនជាចំណែកដ៏សំខាន់បំផុតក្នុងការផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណជិត 1លាននាក់មកទល់បច្ចុប្បន្ន និងជាកត្តាសំខាន់ជួយឱ្យប្រទេសកម្ពុជាឆ្លងផុតពីបន្ទាត់ប្រទេសក្រីក្រមកជាប្រទេសមានចំណូលមធ្យកម្រិតទាបនាពេលបច្ចុប្បន្ន ហើយនឹងគ្មានអ្វីប្រែប្រួលនោះទេ នៅពេលកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំងទៅមុខជាលំដាប់បែបនេះ នឹងជំរុញឱ្យកម្ពុជាឆ្លងផុតពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ តែនាពេលអនាគតដូចគ្នាដែរ សហគមន៍អឺរ៉ុបនឹងផ្តាច់ប្រព័ន្ធ EBA នៅពេលដែលប្រទេសកម្ពុជាអាចជួយខ្លួនឯងបាន។ ដូច្នេះ មុននឹងប្រព័ន្ធ EBA ត្រូវបញ្ចប់ តើកម្ពុជាត្រូវត្រៀមខ្លួនដូចម្តេចខ្លះ?
លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ប្រការដែលសំខាន់ កម្ពុជាត្រូវអភិវឌ្ឍសហគ្រិនភាពឱ្យកាន់តែរីកចម្រើនខ្លាំងឡើង ព្រោះថា សហគ្រិនវ័យក្មេងគឺជាសសរស្តម្ភដ៏សំខាន់បំផុតក្នុងការចូលរួមលើកកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ លោកស្រីអះអាងថា អ្វីដែលជាចំណុចសំខាន់ គឺជួយសហគ្រិននៅកម្ពុជាឱ្យកាន់-តែមានភាពរឹងមាំខ្លាំងឡើងៗ ក្នុងនោះតម្រូវការចាំបាច់គឺប្រភពទុន និងជំនួយផ្នែកបច្ចេកទេស ឬធនធានមនុស្សជាដើម។
បច្ចុប្បន្នសហគ្រិននៅកម្ពុជា បង្កើតឡើងដោយពឹងផ្អែកទៅលើតែប្រភពទុនផ្ទាល់ខ្លួន និងការកៀងគរពីក្រុមគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺរដ្ឋាភិបាលមានតួនាទីជួយឱ្យពួកគេអាចស្វែងរកកម្ចីក្នុងអត្រាការប្រាក់ទាបបំផុតដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ ខណៈដែលបច្ចុប្បន្នប្រភពទុនធំដែលពួកគេទទួលបាន គឺផ្អែកទៅលើតែកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ខ្ពស់ជាងប្រទេសជិតខាង។
ជាមួយគ្នានេះលោកស្រី Yong Sarah Zhou មន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានរូបិយវត្ថុអន្តរជាតិមានប្រសាសន៍ថា អត្រាប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជាមានស្ថិរភាពល្អប្រសើរនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយសារដុល្លារូបនីយកម្ម មានន័យថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើប្រាក់ដុល្លារជាជាងរូបិយវត្ថុរបស់ខ្លួន ដែលស្ថិរភាពនេះមិនអាចមានទំនុកចិត្តពេញលេញបានឡើយ ដូច្នេះសម្រាប់អនាគតអ្វីដែលសំខាន់ គឺត្រូវពង្រឹងរូបិយវត្ថុរបស់ខ្លួន(ប្រាក់រៀល) ឱ្យកាន់តែមានភាពរឹងមាំឡើង តាមរយៈការចរាចរដាក់ឱ្យចាយវាយ ឬដោះដូរកាន់តែច្រើនឡើងៗនៅលើទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។
លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា ក្នុងគោលដៅលើកកម្ពស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានលើកទឹកចិត្តឱ្យធនាគារឯកជន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា គួរតែផ្តល់កម្ចីប្រាក់ដល់ពលរដ្ឋជាប្រាក់រៀលជាជាងប្រាក់ដុល្លារ ហើយបច្ចុប្បន្ន ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានអនុវត្តបណ្តើរៗហើយ ជាមួយគ្នានេះកម្ពុជាក៏បានសហការជាមួយប្រទេសនានាដើម្បីទូទាត់ទំនិញឆ្លងព្រំដែន ជារូបិយវត្ថុជាតិរៀងៗខ្លួន ជាជាងទូទាត់ជាប្រាក់ដុល្លារអាមេរិកដែរ។
ឆ្លងតាមបទពិសោធ ប្រទេសដែលមានកំណើនសេដ្ឋកិច្ចល្អប្រសើរ នៅក្នុងតំបន់អាស៊ី មិនអាចខ្វះបានវិស័យឧស្សាហកម្មជាដាច់ខាត ហើយក្រៅតែវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបប្រើប្រាស់ហើយនោះ កម្ពុជាគួរតែពង្រីកចង្វាក់ផលិតកម្មឱ្យកាន់តែខ្លាំងឡើង ពិសេសផ្តោតទៅលើវិស័យកសិកម្ម ដូចជាការកែច្នៃជ័រកៅស៊ូ ដំឡូងមី ស្វាយចន្ទី ផលិតផលម្រេច ការកែច្នៃស្វាយកែវរមៀត ស្រូវ អង្ករ ពោត សណ្តែកជាដើម ឱ្យក្លាយជាផលិតផលសម្រេច ដែលមានគុណភាព រសជាតិ អនាម័យ និងសម្បកវេចខ្ចប់ស្អាតទាក់ទាញក្នុងការដាក់លក់នៅលើទីផ្សារ ឬសម្រាប់នាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេស ដែលអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀត ដែលប្រសើរជាងការនាំចេញវត្ថុធាតុដើម៕