ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលមួយរបស់ជប៉ុន Mazda Motor Corporation ដែលភាគច្រើនគេនិយមហៅថា Mazda ត្រូវបានសារព័ត៌មានក្នុងស្រុកចេញផ្សាយថា នៅឆ្នាំ2020 ក្រុមហ៊ុនមួយនេះនឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់រថយន្តប្រើចរន្តអគ្គិសនីជំនាន់ថ្មី និងដំបូងបំផុតរបស់ខ្លួន។
នាយកប្រតិបត្តិក្រុមហ៊ុន Mazda ប្រចាំទ្វីបអឺរ៉ុប លោក Jeff Guyton បានបញ្ជាក់ ក៏ដូចជាឆ្លើយតបទៅនឹងព័ត៌មានខាងលើនេះដែរនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Automotive ថា “រថយន្ត EV ដែលនឹងចាប់ផ្តើមនៅឆ្នាំ2020 នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់របស់ Mazda ពោលគឺ មិនប្រើបច្ចេកវិទ្យារួមរបស់ក្រុមហ៊ុន Toyota និងDenso ឡើយ។
លោក Jeff Guyton បានបញ្ជាក់បន្ថែមទៀតថាសម្រាប់បច្ចេកវិទ្យារួមដែលយើងកំពុងប្រើជាមួយក្រុមហ៊ុន Toyota និងDenso នឹងត្រូវយកទៅប្រើប្រាស់ជាមួយរថយន្តប្រភេទផ្សេងក្រោយទៀត ហើយនៅពេលនេះក្រុមហ៊ុន Mazda កំពុងរៀបចំគម្រោងផលិតរថយន្តជំនាន់ថ្មីនៃម៉ូដែល mild-hybrid ដោយប្រើប្រាស់ Skyactiv-X ជំនាន់ថ្មីដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយដោយការផលិតនៅទ្វីបអឺរ៉ុប៕