ប្រហែលជា 2សប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Apple បានតម្រូវឱ្យអ្នកប្រើប្រាស់ iPhone ធ្វើការ Update ពី iOS 12.1.1 ឡើងទៅ iOS 12.1.2 ដើម្បីជួសជុលនូវចន្លោះប្រហោង និងចំណុចខ្វះខាតមួយចំនួន ប៉ុន្តែក្រោយពី Update រួច ស្រាប់តែកើតមានបញ្ហាជាច្រើនទៅវិញ។
ថ្មីៗនេះ អ្នកប្រើប្រាស់ iPhone ជាច្រើនបានជួបបញ្ហាដូចជា iPhone ទូរស័ព្ទលែងមានសេវា មិនស្គាល់ Wirelessមិនស្គាល់ស៊ីមកាត រួមនឹងបញ្ហាមួយចំនួនទៀត។
យោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes បានឱ្យដឹងថា iOS 12.1.2 បានបន្ថែមនូវសមត្ថភាពក្នុងការតភ្ជាប់ប្រព័ន្ធសេវាទូរស័ព្ទខ្លាំងជាងមុន ប៉ុន្តែគេមិនដឹងថា ហេតុអ្វីបានជាអតិថិជនមួយចំនួនបានជួបនូវបញ្ហាខាងលើនេះទៅវិញ។
សម្រាប់បញ្ហានេះផងដែរ អ្នកប្រើប្រាស់ដែលជួបផ្ទាល់ បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា ពួកគាត់បានព្យាយាមធ្វើការបិទ-បើកទូរស័ព្ទជាច្រើនដង ជាពិសេសគឺបានដក-ដាក់ស៊ីមកាតមិនតិចជាង 5ដងនោះទេក្នុងម្នាក់ៗ ប៉ុន្តែលទ្ធផលដែលទទួលបាន គឺទូរស័ព្ទនៅតែអត់មានសេវាដដែល។
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ខាងក្រុមហ៊ុន Apple មិនទាន់បានចេញសេចក្ដីប្រកាស ឬណែនាំណាមួយនៅឡើយ ហើយសម្រាប់អ្នកប្រើប្រាស់នៅស្រុកខ្មែរផ្ទាល់ក៏នៅមិនទាន់ជួបករណីនេះដែរ៕