នៅថ្ងៃទី31 ខែមករា ឆ្នាំ2019ខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជាប្តេជ្ញាថាតម្លៃភ្លើងនឹងចុះទៅតាមការកំណត់ថ្មីរបស់រាជរដ្ឋាភិបាលតម្លៃ 740រៀលក្នុង 1គីឡូវ៉ាត់នឹងដំណើរការនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងគោរពទៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានដាក់ចេញឱ្យអគ្គិសនីបញ្ចុះតម្លៃភ្លើងចាប់ពីថ្ងៃ1 ខែមករា ឆ្នាំ2019។
ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា៖“អគ្គិសនីកម្ពុជាមានបញ្ហាប្រឈមច្រើនលើបញ្ហានៃការផ្តល់សេវាអគ្គិសនីជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរកស៊ីនៅក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅក្នុងខុនដូ។ សម្រាប់ខុនដូ ភ្លើងផ្គត់ផ្គង់ដោយឯកជនចែកចាយបន្តមានតម្លៃចាប់ពី 1,500រៀលទៅ2,000រៀល ហើយបញ្ហានេះយើងបាននិងកំពុងប្រជុំដើម្បីធ្វើការដោះស្រាយ ដោយសារតែអគ្គិសនីកម្ពុជាជាអ្នកលក់ភ្លើង ជាអ្នកផ្តល់សិទ្ធិចែកចាយជាអ្នកមានសិទ្ធិចែកចាយ និងកំណត់តម្លៃភ្លើងអគ្គិសនី”។
ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តមស្នើសុំឱ្យអាជ្ញាធរខណ្ឌ-សង្កាត់ សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការធ្វើបញ្ជីតូប និងវិក្កយបត្រភ្លើងនៅក្នុងផ្សារនីមួយៗ ដើម្បីយើងធ្វើសំណើទៅសាលារាជធានីភ្នំពេញ ក៏ដូចជាទៅខុទ្ទកាល័យសម្តេចតេជោ និងក្រសួងពាក់ព័ន្ធដែរ។ នៅពេលសំណើនេះចុះមកវិញ យើងនឹងអនុវត្តតម្លៃភ្លើងទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការអនុវត្តនេះក្រុមការងារក្រោមការសហការពីអាជ្ញាធររាជធានីនឹងធ្វើឱ្យបានជោគជ័យយ៉ាងយូរក្នុងសប្តាហ៍ទី3 នៃខែមករា ឆ្នាំ2019ខាងមុខ ដោយអគ្គិសនីនឹងត្រូវបញ្ចុះតម្លៃទៅតាមការកំណត់ថ្មីរបស់រាជរដ្ឋាភិបាលគឺ 740រៀលក្នុងមួយគីឡូវ៉ាត់។ តែផ្ទុយទៅវិញបើក្រុមហ៊ុនឯកជននៅក្នុងក្នុងផ្សារនានាមិនអនុវត្តតាម យើងនឹងបិទអាជីវកម្មនោះតែម្តង។ ឯកឧត្តមបន្ថែមទៀតថា នៅឆ្នាំ2019នេះ យើងនឹងកែទម្រង់វិក្កយបត្រថ្មី ដើម្បីឱ្យសេវាខិតជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានជំរុញឱ្យផ្នែកជំនាញ អាជ្ញាធរខណ្ឌទាំងអស់ធ្វើការងារពាក់ព័ន្ធនឹងការតបណ្តាញភ្លើងរដ្ឋចូលផ្សារនេះឱ្យបានលឿន។ ពោលគឺអាចឱ្យអាជីវករបានប្រើប្រាស់ភ្លើងរដ្ឋយ៉ាងយូរនៅថ្ងៃទី31 ខែមករា ឆ្នាំ2019 ទៅតាមអនុសាសន៍របស់សម្តេចតេជោ។
លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖“អាជីវករក៏ជាប្រជាពលរដ្ឋដែរ ដូច្នេះត្រូវប្រើប្រាស់ភ្លើងតម្លៃរដ្ឋដូចគ្នា។ ប៉ុន្តែតម្លៃខាតបង់យ៉ាងម៉េច យើងជាអ្នកប៉ះប៉ូវចំពោះក្រុមហ៊ុនឯកជន។បញ្ហារៀបចំបណ្តាញភ្លើងបើមិនប្រក្រតី អាជ្ញាធរខណ្ឌ-សង្កាត់ត្រូវស្នើទៅអគ្គិសនីកម្ពុជាដើម្បីឱ្យគាត់រៀបចំ។ ចំពោះគណៈកម្មការផ្សារត្រូវធ្វើរបាយការណ៍មកខណ្ឌ មករាជធានី ដើម្បីយើងរៀបចំបញ្ចុះតម្លៃភ្លើង។ គណៈកម្មការផ្សារត្រូវមើលឱ្យមែនទែន ការឡើងថ្លៃទឹក-ភ្លើង បើផ្សារគ្រប់គ្រងមិនបានទេប្រធានផ្សារមានបញ្ហាហើយ ដោយនឹងត្រូវដកចេញ និងអាចដាក់បញ្ចូលសហគមន៍ក្នុងផ្សារឱ្យធ្វើជាប្រធានវិញ”។
ឯកឧត្តម ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ឡារ៉ែនពាណិជ្ជថា៖ “ការដែលអាជីវករជាប្រជាពលរដ្ឋ ជាអ្នកលក់ដូរ ដូច្នេះគាត់ត្រូវប្រើប្រាស់ភ្លើងតម្លៃរដ្ឋដែរ ពោលគឺតម្លៃសម្រាប់ប្រជាពលរដ្ឋដែលរកស៊ីនៅក្នុងផ្សារនានាក្នុងរាជធានីភ្នំពេញ ដោយខាងអគ្គិសនីកម្ពុជានឹងបញ្ចុះតម្លៃទៅតាមការកំណត់ថ្មីរបស់រាជរដ្ឋាភិបាលគឺ 740រៀលក្នុងមួយគីឡូវ៉ាត់”។
លោកបញ្ជាក់ថា ការបញ្ចុះតម្លៃនេះដោយសំអាងទៅលើអគ្គិសនីកម្ពុជាមានតារាងតម្លៃដែលមានវាយត្រាកំណត់តម្លៃដោយរាជរដ្ឋាភិបាល ដែលគាត់ចាត់ទុក និងបានរាប់បញ្ចូលអាជីវកម្មនៅតាមផ្សារជាប្រភេទពាណិជ្ជកម្មធុនតូច ដែលប្រភេទអាជីវកម្មនេះ ឆ្នាំ2019 នឹងបញ្ចុះតម្លៃមកនៅត្រឹម 740រៀលក្នុង 1គីឡូវ៉ាត់ម៉ោង។
សូមរំឭកដែរថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម2 ខេត្តស្ទឹងត្រែងថា (ឆ្នាំ2019) តម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ចុះថ្លៃទៅតាមប្រភេទនៃការប្រើប្រាស់នីមួយ។ ការបញ្ចុះថ្លៃអគ្គិសនីនេះមាន 6ប្រភេទដូចខាងក្រោម៖
– ប្រភេទទី1 ការទិញតាមចរន្តតង់ស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ 0.1240$/Kwh(503៛) និងចុះនៅត្រឹម 0.1170$/Kwh(470៛) នៅឆ្នាំ2019 និងឆ្នាំ2020។ អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយនៅក្នុងរាជធានីភ្នំពេញដែលបច្ចុប្បន្ននេះតម្លៃ 0.1475$/Kwh(598៛) នឹងចុះទៅដល់ 0.1350$/Kwh(547៛) និងនៅឆ្នាំ2019-2020/ 0.1330$/Kwh(539៛)។ អ្នកទិញតាមចរន្តតង់ស្យុងមធ្យមតាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ 0.1260$/Kwh(511៛)នឹងចុះដល់ 0.1220$/Kwh(495៛)និងនៅឆ្នាំ2019-2020 តម្លៃរក្សានៅដដែល។
– ប្រភេទទី2 ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយដែលបច្ចុប្បន្នមានតម្លៃ 0.1650$/Kwh(676៛)នៅក្នុងរាជធានីភ្នំពេញ និង 0.1640$/Kwh(672៛)នៅតាមខេត្ត នឹងបញ្ចុះតម្លៃត្រឹម 0.1470$/Kwh(595៛)នៅឆ្នាំ2019 និង 0.1460$/Kwh(592៛)នៅឆ្នាំ2020។
– ប្រភេទទី3 គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាលដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយដែលតម្លៃបច្ចុប្បន្នគឺ 0.1650$/Kwh(676៛)នៅទីក្រុងភ្នំពេញ និង 0.1640$/Kwh(672៛)នៅតាមបណ្ដាខេត្ត នឹងចុះនៅត្រឹម ០.1590$/Kwh(645៛)នៅឆ្នាំ2019 និងបន្តចុះទៅនៅត្រឹម 0.1580$/Kwh(640៛)នៅឆ្នាំ2020។
– ប្រភេទទី4 ប្រភេទប្រើប្រាស់តាមលំនៅស្ថាន ពី1 ដល់10Kwh ក្នុង1ខែ ដែលតម្លៃប្រើប្រាស់បច្ចុប្បន្ននៅភ្នំពេញគឺ 610៛/Kwh និងតាមខេត្ត 480៛/Kwh នឹងបញ្ចុះនៅត្រឹម 380៛/Kwh នៅឆ្នាំ2019 និង2020 ។ ការប្រើប្រាស់ចាប់ពី11 ដល់50Kwh ដែលតម្លៃប្រើប្រាស់បច្ចុប្បន្នគឺ 610៛/Kwh នឹងចុះនៅត្រឹម 480៛/Kwh នៅឆ្នាំ2019-2020។ ការប្រើប្រាស់ចាប់ពី51Kwh ដល់200Kwh ក្នុង1ខែ ដែលតម្លៃប្រើប្រាស់នៅភ្នំពេញគឺ 770៛/Kwh និងតាមបណ្ដាខេត្ត 720៛/Kwh នឹងចុះនៅត្រឹម 610៛/Kwh នៅឆ្នាំ2019-2020។លំនៅឋានដែលប្រើប្រាស់លើសពី 200Kwhក្នុង1ខែ ដែលបច្ចុប្បន្នតម្លៃ 770៛/Kwh នៅក្រុងភ្នំពេញ និង750៛/Kwh នៅតាមខេត្ត នឹងចុះថ្លៃនៅត្រឹម 740៛/Kwh នៅឆ្នាំ2019 និង730៛/Kwh នៅឆ្នាំ2020។
– ប្រភេទទី5 ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង 9យប់ ដល់ម៉ោង 7ព្រឹកដែលត្រូវបង់ 480៛/Kwh នឹងនៅបន្តក្នុងតម្លៃ 480៛Kwhដដែល។
– ប្រភេទទី6 ការប្រើប្រាស់នៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព តម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ 770៛/Kwh នឹងចុះនៅត្រឹម 610៛/Kwh នៅឆ្នាំ2019-2020។
លោក វ៉ាង វិនធៀន (Wang wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជាបានកោតសសើរចំពោះការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសសម្តេចបានគិតគូរអំពីបញ្ហាអគ្គិសនីនៅកម្ពុជា រហូតមានការបញ្ចុះតម្លៃប្រើប្រាស់ចាប់ពីដើមឆ្នាំ2019 នេះតទៅ៕