នៅពេលបច្ចុប្បន្ន និន្នាការពុះដីឡូត៍លក់នៅតាមតំបន់ជាយរាជធានីភ្នំពេញ គេសង្កេតឃើញថាកំពុងតែមានសកម្មភាពពុះកញ្ជ្រោល និងខ្លាំងក្លាបំផុត ជាពិសេសនៅទិសខាងត្បូងឆៀងខាងលិច ដូចជានៅតាមបណ្តោយផ្លូវជាតិលេខ3 និងផ្លូវជាតិលេខ4 ជាដើម។
លោក សាន ជី នាយកទីផ្សារក្រុមហ៊ុនសុវណ្ណភូមិ រៀលអ៊ីស្ទេត ដែលកំពុងតែមមាញឹកក្នុងការលក់ដីឡូត៍នៅក្បែរផ្សារបែកចានតាមបណ្តោយផ្លូវជាតិលេខ4 បានប្រាប់ថា នាពេលបច្ចុប្បន្ននេះមានអតិថិជនជាច្រើនបាននិងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងទីផ្សារដីឡូត៍នេះ ព្រោះការទិញដីឡូត៍នេះបានផ្តល់ភាពល្អប្រសើរជាច្រើនដល់ពួកគាត់ ដូចជាតម្លៃដីនៅទាបដែលសមជាមួយលទ្ធភាពរបស់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យម ជាពិសេសពួកគាត់អាចមានជម្រើសក្នុងការទិញដោយការបង់ផ្តាច់ជាមួយក្រុមហ៊ុន ឬបង់រំលស់ជាមួយធនាគារក្នុងរយៈពេលវែងប្រកបដោយទំនុកចិត្តខ្ពស់ ដែលវាអាស្រ័យទៅនឹងចំណូលប្រចាំខែរបស់ពួកគាត់។
ដោយឡែកចំពោះអ្នកដែលទិញដើម្បីទុកលក់យកចំណេញនៅពេលអនាគត ក៏មានឱកាសច្រើនក្នុងការទទួលបានភាគលាភផងដែរ ជាក់ស្ដែងចំពោះដីឡូត៍ដែលក្រុមហ៊ុនរបស់លោកកំពុងដំណើរការលក់យ៉ាងសកម្មសព្វថ្ងៃនេះ ត្រឹមតែរយៈពេលមួយខែយ៉ាងហោចណាស់លក់ចេញបានមិនតិចជាង 70ឡូត៍នោះទេ ខណៈដែលដីឡូត៍ដែលស្ថិតនៅជាប់ផ្លូវធំ មានតម្លៃជិត 2ម៉ឺនដុល្លារ ហើយដីឡូត៍ដែលស្ថិតនៅខាងក្នុងវិញមានតម្លៃត្រឹមតែជាង 10,000ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះរួមបញ្ចូលទាំងការដាក់ប្រព័ន្ធលូ ទឹកភ្លើង ផ្លូវបេតុងជាដើម ដែលអតិថិជនទិញរួចហើយអាចសង់ផ្ទះនៅ ដោយមិនខ្វល់ពីការតប្រព័ន្ធលូ ទឹក ភ្លើងដោយខ្លួនឯងនោះទេ។
តែយ៉ាងណាក៏ដោយ ក៏លោកបានព្រមាន និងផ្តាំផ្ញើដល់អ្នកដែលមានបំណង់ចង់ទិញដីឡូត៍មួយចំនួនផងដែរថា មុនពេលសម្រេចចិត្តទិញដីឡូត៍ គប្បីមានការត្រិះរិះពិចារណាឱ្យបានច្បាស់ ដោយត្រូវមើលពីទំហំដី ទីតាំង ក៏ដូចជាប្រវត្តិរបស់ដីផង ដើម្បីចៀសវាងមានបញ្ហា ព្រោះដីឡូត៍ខ្លះលក់ក្នុងតម្លៃថោក ប៉ុន្តែចំពោះគម្រោងអភិវឌ្ឍន៍ ក៏ដូចជាការរៀបចំឯកសារផងនោះ គឺធ្វើមិនសូវបានត្រឹមត្រូវទេ។ ជាមួយនឹងភាពកក្រើកនៃទីផ្សារពុះដីឡូត៍លក់នេះ លោក គីម ហ៊ាង អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានទទួលស្គាល់ថា វាជាការល្អចំពោះទីផ្សារដីឡូត៍នាពេលបច្ចុប្បន្ន ប៉ុន្តែទីផ្សារដីឡូត៍ វាអាចនឹងបង្កជាបញ្ហាចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតក៏អាចថាបានដែរ។ លោក គីម ហ៊ាង បានបញ្ជាក់ថា ជាការប្រសើរណាស់សម្រាប់អ្នកដែលមានចំណូលតិច និងប្រាថ្នាចង់បានដីសាងសង់លំនៅឋានរស់នៅ ទោះជាពួកគាត់មានចំណូលតិចមែន ប៉ុន្តែក៏គាត់អាចមានជម្រើសក្នុងការទិញដើម្បីសាងសង់លំនៅឋាន ឬអាចទិញដើម្បីចង់ទុកលក់បន្តយកចំណេញបានដែរ តែវាអាចបង្កជាបញ្ហានៅថ្ងៃខាងមុខ ដែលផលប៉ះពាល់នេះវាអាចនឹងកើតមានឡើងក្នុងរយៈពេលប្រមាណ 10ឆ្នាំខាងមុខ ជាពិសេសដីដែលស្ថិតនៅជាប់នឹងតំបន់ជាយក្រុង ឬទីប្រជុំជនតែម្ដង។ អាស្រ័យដូចនេះហើយ ទើបរដ្ឋាភិបាលចេញច្បាប់គ្រប់គ្រងការអភិវឌ្ឍដី និងចេញជាសារាចរណ៍ណែនាំកាលពីពេលកន្លងទៅថ្មីៗនេះ។
យ៉ាងណាក៏ដោយ លោក គីម ហ៊ាង បានបង្ហាញពីក្ដីសង្ឃឹមថា តាមរយៈការបង្កើតច្បាប់ថ្មីនេះអាចនឹងជួយកាត់បន្ថយបញ្ហាច្បាប់ដែលអាចនឹងកើតមានឡើងដោយសារការពុះដីឡូត៍នេះ ដ្បិតសកម្មភាពនៃការពុះដីឡូត៍ វាបាននិងកំពុងកើតមានរួចមកហើយ។ បច្ចុប្បន្ននិន្នាការនៃការពុះដីឡូត៍មិនត្រឹមតែនៅតាមបណ្ដោយផ្លូវជាតិលេខ3 ឬលេខ4 ប៉ុណ្ណោះទេ ប៉ុន្តែនៅតំបន់ជាយក្រុងផ្សេងទៀត ដូចជានៅជិតម្តុំភ្នំប្រសិទ្ធិ៍ ដីនៅតាមបណ្តោយផ្លូវជាតិលេខ51 ដីនៅផ្លូវក្រវាត់ក្រុងលេខ2 និងលេខ3 ហើយនិងតាមបណ្ដោយផ្លូវជាតិលេខ2 ចាប់ពីក្រុងតាខ្មៅឆ្ពោះទៅតំបន់អភិវឌ្ឍន៍ជ្រៃធំ ក៏មានសកម្មភាពពុះកញ្ជ្រោលខ្លាំងដែរ ខណៈដែលអាជ្ញាធរខេត្តកណ្តាលកំពុងរៀបចំតំបន់ព្រំដែនជ្រៃធំ ឱ្យក្លាយជាតំបន់ទេសចរណ៍កាស៊ីណូ និងតំបន់ពាណិជ្ជកម្មឆ្លងដែន។
ទោះជាយ៉ាងណាក្ដី មុននឹងទិញដីឡូត៍នៅទីតាំងណាមួយសម្រាប់ទុកលក់យកចំណេញ ឬទិញទុកសម្រាប់សង់លំនៅឋានរស់នៅផ្ទាល់ខ្លួន អតិថិជនគួរពិនិត្យមើលឱ្យច្បាស់ទៅលើហេដ្ឋារចនាសម្ព័ន្ធជុំវិញថា តើមានវាសក្ដានុពលអ្វីទៅថ្ងៃអនាគតខ្លះ? តើអាចក្លាយជាទីប្រជុំជន មានហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្លូវរដ្ឋ មានរោងចក្រឧស្សាហកម្ម ផ្សារ សាលារៀន វត្តអារាម មន្ទីរពេទ្យនៅក្បែរនោះដែរឬទេ? ប្រសិនបើមានហេដ្ឋារចនាសម្ព័ន្ធដូចខាងលើនេះ វាប្រាកដជាផ្តល់ប្រាក់ចំណេញត្រឡប់មកវិញ ឬអាចសង់ផ្ទះរស់នៅប្រកបដោយភាពសុខដុមរមនានៅក្នុងគ្រួសារមិនខាន ព្រោះកូនអាចធ្វើដំណើរទៅសាលារៀនបានងាយស្រួល ពេលឈឺថ្កាត់មានមន្ទីរពេទ្យនៅក្បែរ ដល់រដូវបុណ្យទានងាយស្រួលទៅវត្តធ្វើបុណ្យជាដើម។ល៕