ទោះជារឿងរ៉ាវរបស់កញ្ញា ទេព បូព្រឹក្ស បានចប់ទៅហើយ តែកញ្ញានៅតែធ្វើចិត្តមិនទាន់បាន ព្រោះឃើញថានៅមានមនុស្សមួយចំនួនតូចបានយករឿងនេះទៅធ្វើជារឿងលេងសើចទៅវិញ។ នៅរាត្រីថ្ងៃម្សិលមិញនេះ តារាស្រីរូបនេះ បានបង្ហោះសារសោកសៅមួយឃ្លាថា « ខ្ញុំយល់ហើយ ហេតុអ្វីបានជាមនុស្សមួយចំនួនតូច នៅពេលដែលបាក់ទឹកចិត្តខ្លាំងរើសយកសេចក្តីស្លាប់ ហើយខ្ញុំក៏ស្គាល់ហើយ ដូចម្តេចដែលហៅថាជំងឺបាក់ទឹកចិត្ត និងស្រ្តេសនោះ ហើយខ្ញុំក៏រឹតតែយល់ច្បាស់នៅពាក្យថា មិនឲ្យតម្លៃមើលងាយប្រមាថយកទៅសើចលេងសប្បាយ»។
ការបង្ហោះសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រនាង កាន់តែព្រួយបារម្ភពីស្ថានភាពផ្លូវចិត្តរបស់នាង ដែលរងនូវការអាម៉ាស់ធំមួយ ខណៈក្នុងនាងនាមជាសិល្បករមានឈ្មោះបោះសំឡេងម្នាក់ប្រចាំទ្រនំផលិតកម្មធំ។ ការលើកឡើងរបស់អ្នកគាំទ្រនាងបានបង្ហាញថា នៅពេលកើតការណ៍កន្លងទៅនោះ នាងកើតមានជំងឺបាក់ទឹកចិត្តភ្លាមៗ និងបម្រុងសម្លាប់ខ្លួនផងដែរ តែជាសំណាងល្អ នាងមានក្រុមគ្រួសារ តារាសិល្បៈរៀមច្បងនិងអ្នកគាំទ្រជួយជ្រោមជ្រែង ផ្ដល់កម្លាំងចិត្តដល់រូបនាងយ៉ាងពេញទំហឹង។
មកទល់ពេលនេះ នៅមិនទាន់ប្រាកដបានថា ជំងឺបាក់ទឹកចិត្តដែលមាននៅក្នុងអារម្មណ៍ផ្លុវចិត្តរបស់តារាស្រីរូបនេះ កំពុងរុករានខ្លាំងប៉ុនណានោះទេ។ អ្នកគាំទ្រនាង បានចូលទៅខម្មិន្ដលើកទឹកចិត្តនាង និងចង់ឱ្យនាងតាំងជំហររឹងមាំលើវិថីសិល្បៈបន្ដទៀត៕