ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡាកំពុងជំរុញឱ្យមានការធ្វើកំណែទម្រង់វិស័យអប់រំគុណភាពសិស្សកម្រិតវិទ្យាល័យត្រូវបានគេមើលឃើញជាទូទៅថា មានការកើនឡើងជាមួយនឹងអត្រាធ្លាក់ថយចុះស្របពេលដែលវិញ្ញាសាស្ថិតក្នុងស្តង់ដារតឹងតែងដដែល ហើយចំពោះថ្នាក់បឋមសិក្សា ឬការបណ្តុះបណ្តាលកុមារតូចវិញក៏កំពុងមានសញ្ញាវិជ្ជមានដែរ។ ទោះបីជាបែបនេះក៏ដោយក៏កម្ពុជានៅមានឧបសគ្គមួយចំនួនដែលនៅតែជាកត្តាប្រឈមដដែលដែលទាមទារឱ្យមានដំណោះស្រាយសម្រាប់ការអប់រំ ជាពិសេសនៅថ្នាក់បឋមសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថាអត្រាសិស្សក្រោមថ្នាក់ទី5 នៅកម្ពុជាដែលមិនចេះអានអក្សរមានស្ថិតិខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ក្រសួងបានដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងអស់នេះដោយការបន្តបំប៉នគ្រូបង្រៀនថ្នាក់ទី1 និងថ្នាក់ទី2ដើម្បីជំរុញឱ្យការបណ្តុះបណ្តាលផ្នែកអំណាន ដោយប្រើប្រាស់កញ្ចប់សម្ភារអំណានថ្នាក់ដំបូង។ កម្មវិធីនេះនឹងអាចជំរុញឱ្យកុមារតូចៗចាប់ផ្តើមមានមូលដ្ឋានគ្រឹះខ្លាំងលើផ្នែកអំណានដែលអាចជួយឱ្យពួកគេអាចអភិវឌ្ឍសមត្ថភាពបានល្អនៅថ្ងៃអនាគត។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖“កន្លងមកក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង យើងឃើញថា សិស្សកម្ពុជាអាចធ្វើបានល្អផ្នែកគណិតវិទ្យា តែសម្រាប់ផ្នែកអំណានវិញ យើងនៅមានកម្រិតទាបជាងគេនៅឡើយ”។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ក្រសួងបានធ្វើកំណែទម្រង់ដោយដាក់ឱ្យប្រើប្រាស់នូវសៀវភៅសម្រាប់ណែនាំដល់គ្រូសៀវភៅជំនួយដល់សិស្ស ប័ណ្ណអក្សរ រូបភាព និងសៀវភៅរឿងខ្លីៗជាច្រើន ដើម្បីបណ្តុះបណ្តាលសិស្សកម្ពុជាឱ្យមានសមត្ថភាពកាន់តែខ្លាំង។ ជាលទ្ធផលបន្ទាប់ពីបានផ្តល់នូវវិធីសាស្ត្រថ្មីៗ រួមទាំងសម្ភារជំនួយល្អៗរួចមក ឃើញថាសិស្សមានសមត្ថភាពល្អជាងមុន ស្របពេលដែលឯកឧត្ដមរដ្ឋមន្ត្រីក៏ជំរុញបន្ថែមដល់លោកគ្រូ-អ្នកគ្រូទាំងអស់ត្រូវយកចិត្តទុកដាក់លើវិធីសាស្ត្របង្រៀនដោយមានសមាសភាព5 គឺការស្គាល់សូរ ការស្គាល់តួអក្សរ ការចេះអានពាក្យ ការចេះអានស្ទាត់ និងការអានយល់ន័យរួមទាំងវិធីសាស្ត្រជំរុញដល់ផ្នែកអំណានជាច្រើនផ្សេងទៀតផងដែរ៕