ក្លិប Bournemouth បានបំពេញការចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Asmir Begovic ពីក្លិប Chelsea ក្នុងតម្លៃខ្លួនបិទជិតមួយ ដែលត្រូវបានគេជឿជាក់ថា មានចំនួន១០លានផោន (ស្មើនឹង១២,៨លានដុល្លារអាមេរិក)។ ការផ្ទេរនេះនឹងត្រូវបំពេញជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ហើយអ្នកចាំទីអន្តរជាតិបូស្នីវ័យ២៩ឆ្នាំរូបនេះនឹងត្រូវចុះហត្ថលេខាលើកុងត្រារយៈពេលវែងមួយ។
Begovic នឹងវិលទៅកាន់កន្លែងដែលរូបគេធ្លាប់បានលេង ក្រោយពីបានចំណាយពេលក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Bournemouth ពីក្លិប Portsmouth កាលពីខែសីហា ឆ្នាំ២០០៧ ដោយបានធ្វើការបង្ហាញខ្លួន៨លើក។ Begovic បានចូលរួមជាមួយនឹង Chelsea ដែលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ កាលពីឆ្នាំ២០១៥ ដោយចេញពីក្លិប Stoke ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំក្នុងតម្លៃខ្លួន៨លានផោន ប៉ុន្តែគេបានបង្ហាញខ្លួនត្រឹមតែ៣៣លើកប៉ុណ្ណោះសម្រាប់ក្លិបមួយនេះក្នុងរដូវកាលពីរលើកចុងក្រោយនេះ តាមរយៈការដើរតួជាអ្នកចាំទីជម្រើសទី២បន្ទាប់ពីអ្នកចាំទីជម្រើសទី១ Thibaut Courtois។
បច្ចុប្បន្ន រូបគេនឹងបំពេញការផ្ទេរទៅកាន់ក្លិប Bournemouth ដើម្បីប្រជែងតំណែងជាមួយនឹងអ្នកចាំទីជម្រើសទី១ Artur Boruc វ័យ៣៧ឆ្នាំ ដែលមានកុងត្រារហូតដល់ឆ្នាំ២០១៨ ក្រោយពីប្រើប្រាស់លក្ខខណ្ឌនៃការបង្ហាញខ្លួនក្នុងកុងត្រារបស់គេ។
Begovic បានប្រាប់គេហទំព័ររបស់ក្លិប Bournemouth ថា៖ «AFC Bournemouth គឺជាក្លិបដ៏អស្ចារ្យ
និងមានមហិច្ឆតាមួយដែលត្រៀមរាល់អ្វីៗទាំងអស់សម្រាប់អនាគតដ៏ត្រចះត្រចង់»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ក្នុងការស្ថិតជាផ្នែកមួយក្នុងក្រុមឈ្នះពាននៅឯ Chelsea គឺជារឿងដ៏អស្ចារ្យមួយ ប៉ុន្តែ ខ្ញុំមានអារម្មណ៍នៅពេលនេះថា វាជាពេលវេលាដ៏ត្រឹមត្រូវមួយក្នុងការធ្វើការផ្លាស់ប្តូរហើយ ពីព្រោះខ្ញុំចង់លេងកីឡាបាល់ទាត់ឲ្យបានទៀងទាត់»៕
ប្រភពពី៖ Sky Sport