បើតាមការស្រាវជ្រាវរបស់អាមេរិកបានបញ្ជាក់ថា ការទទួលទានកាហ្វេច្រើនជាង3ពែងក្នុងមួយថ្ងៃអាចបង្កើនអត្រាបាត់បង់ការមើលឃើញ និងឈានទៅរកការងងឹតភ្នែកមើលអ្វីមិនឃើញ។ ការស្រាវជ្រាវដដែលបានបន្តថា បើទោះជា ទទួលទានកាហ្វេក្នុងចំនួនមធ្យមក្តី ក៏អាចធ្វើឱ្យភ្នែកកើតជំងឺ Glaucoma (ប្រភេទជំងឺភ្នែកម្យ៉ាងដែលធ្វើឱ្យមនុស្សងងឹតភ្នែកបន្តិចម្តងៗរហូតមើលលែងឃើញ) បានដែរ។
ដើម្បីកាត់បន្ថយឱកាសកើតជំងឺ Glaucomaដូចបានបញ្ជាក់ខាងដើមនេះ ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Investigative Ophthalmology & Visual Science បានស្នើថា បណ្តាអ្នកនិយមកាហ្វេគួរតែកាត់បន្ថយការទទួលទានកាហ្វេឱ្យស្ថិតនៅក្នុងបរិមាណមួយសមរម្យ (ច្រើនបំផុត2កែវក្នុង1ថ្ងៃ)។
ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Brigham & Women’s Hospital នៅទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកបានបញ្ជាក់ថា សមាសធាតុនៅក្នុងកាហ្វេបានបង្កើនសម្ពាធនៅក្នុងគ្រាប់ភ្នែក បង្កើតបានជាលក្ខខណ្ឌមួយដែលបំផ្លាញការមើលឃើញរបស់ភ្នែកហៅថាExfoliation Glaucoma។ លក្ខខណ្ឌនេះកើតមាននៅពេលសមាសធាតុក្នុងកាហ្វេប៉ះពាល់ទៅលើប្រស្រីភ្នែក និងកែវភ្នែកទាំងពីរ ដែលបន្ទាប់មកធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរវត្ថុរាវរបស់គ្រាប់ភ្នែក ដែលជាហេតុនាំឱ្យសម្ពាធនៅក្នុងភ្នែកកើនឡើង។ ប៉ុន្តែចំពោះ ផលិតផលដែលចម្រាញ់ចេញពីកាហ្វេ គឺពុំជាប់ទាក់ទងនឹងជំងឺងងឹតភ្នែកនេះទេ។
ការស្រាវជ្រាវខាងលើនេះ ក៏បានបង្ហាញថាកាហ្វេក៏មានអត្ថប្រយោជន៍ចំពោះសុខភាពដែរបើអ្នកទទួលទានក្នុងបរិមាណត្រឹមត្រូវ។ បើតាមការសិក្សាទាំង2ខាងលើនេះ បានរកឃើញថាទទួលទានកាហ្វេអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ព្រមទាំងជំងឺទឹកនោមផ្អែមផងដែរ៕