មនុស្សជាច្រើនមានបញ្ហាជាមួយការលេបថ្នាំគ្រាប់ មិនថាតែកូនក្មេង ឬមនុស្សធំពេញវ័យហើយនោះឡើយ អ្នកខ្លះដល់ថ្នាក់ក្អួតចេញមកវិញបន្ទាប់ពីខំព្យាយាមលេបគ្រាប់ថ្នាំឱ្យបានទៀតផង ហើយអ្នកខ្លះទៀតដល់ថ្នាក់ត្រូវយកថ្នាំគ្រាប់ទាំងនោះទៅដាក់ក្នុងទឹកឱ្យរលាយ ឬកិនជាម្សៅ និងជួនកាលថែមទាំងដកស្រោមកាប់ស៊ូលចេញយកតែម្សៅថ្នាំខាងក្នុងមកលាយជាមួយទឹកដើម្បីលេបក៏មាន។
វិធីលេបថ្នាំគ្រាប់យ៉ាងងាយៗ
ការសិក្សាស្រាវជ្រាវ ពីមហាវិទ្យាល័យ Heidelberg នៅក្នុងប្រទេសអាល្លឺម៉ង់ បានណែនាំបង្ហាញពីតិចនិកងាយៗក្នុងការជួយឱ្យយើងលេបថ្នាំគ្រាប់បានយ៉ាងងាយស្រួលដូចតទៅ ៖
1. ចាក់ទឹកចូលទៅក្នុងដបប្លាស្ទិក ឬដបទឹកភេសជ្ជៈ។
2. ដាក់គ្រាប់ថ្នាំនៅលើអណ្ដាត ឬអាចដាក់ទៅជិតគល់អណ្ដាតក៏បាន។
3. ប្រើបបូរមាត់ទាំងខាងលើ និងខាងក្រោមពាំមាត់ដបឱ្យជាប់ និងជិតកុំឱ្យទឹក ឬខ្យល់ហៀរចេញទៅក្រៅមាត់បាន។
4. លើកគូទដបទឹកឡើងឱ្យទឹកហូរចូលទៅក្នុងមាត់ ហើយក្នុងពេលដែលទឹកកំពុងហូរចូលមាត់នោះ ចូរបន្ថែមកម្លាំងបឺតទឹកចូលទៅក្នុងមាត់ដំណាលគ្នាផង។ កុំឱ្យមានខ្យល់ចូលទៅក្នុងអំឡុងពេលញ៉ាំទឹក។
អ្នកដែលធ្វើការសាកល្បងលេបថ្នាំដោយវិធីនេះប្រមាណជា140នាក់បានរកឃើញថាការលេបថ្នាំដោយវិធីនេះ (បិទភ្នែកខណៈ ពេលលេបថ្នាំផង) ជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើងជាង 60% បើប្រៀបធៀបនឹងការលេបថ្នាំគ្រាប់ដោយញ៉ាំទឹកពីកែវ។
ក្រៅពីនេះនៅមាន 1វិធីទៀតដែលអាចជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើង និងទទួលជោគជ័យដែលស័ក្តិសមជាមួយថ្នាំគ្រាប់ប្រភេទកាប់ស៊ូល នោះគឺ៖
1. ដាក់ថ្នាំគ្រាប់កាប់ស៊ូលនៅលើអណ្ដាត។
2. ក្រេបទឹកចូលទៅក្នុងមាត់មួយក្អឹក តែបៀមទុកសិន កុំអាលលេប។
3. ឱនមុខ ឱ្យចង្កាចង្អុលមកដើមទ្រូង។
4. រួចលេបទឹកចូលទៅដំណាលគ្នានឹងថ្នាំខណៈពេលកំពុងឱនមុខនោះ។ ភាគច្រើនថ្នាំគ្រាប់កាប់ស៊ូល ច្រើនតែមានទម្ងន់ស្រាល និង អណ្ដែតលើទឹក នៅពេលយើងឱនមុខ ហើយលេបថ្នាំដែលកំពុងអណ្ដែតលើទឹកនោះ វានឹងធ្វើឱ្យការលេបថ្នាំគ្រាប់កាប់ស៊ូលក្លាយជារឿងដែលកាន់តែងាយស្រួលឡើង។ វិធីនេះអាច បង្កើនប្រសិទ្ធភាពក្នុងការលេបថ្នាំបានច្រើន ដល់ទៅ 89% បើប្រៀបធៀបនឹងការញ៉ាំទឹក ដើម្បីលេបថ្នាំពីកែវទឹកដោយវិធីធម្មតា។
ក្រៅពីវិធីទាំង2ខាងលើ ដែលជួយឱ្យការលេបថ្នាំគ្រាប់ក្លាយជារឿងងាយស្រួលហើយនោះ បើសិនជាសាកល្បងធ្វើហើយនៅតែមិនបានផលទៀត ចូរសាកល្បងញាត់គ្រាប់ថ្នាំចូលទៅក្នុងនំទន់ៗ ដូចជា ចាហួយ ឬនំអាកោជាដើមមុននឹងដួសជាដុំតូចៗ ហើយលេប ចូល ទៅទាំងដុំ ឬក៏កិនថ្នាំឱ្យម៉ដ្ឋ ហើយលាយជាមួយនំទន់ៗ ឬហាន់គ្រាប់ថ្នាំជាបំណែកតូចៗ ហើយលេបម្ដង 1បំណែកៗក៏អាចជួយឱ្យការលេបថ្នាំប្រព្រឹត្តទៅបានងាយស្រួលដែរ៕