លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានសម្តែងនូវការរីករាយចំពោះតំបន់ប្រយុទ្ធរបស់ក្រុមលោក ក្រោយពីបានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល 4-1 កាលពីថ្ងៃអង្គារ ប៉ុន្តែបានទទួលស្គាល់ថា តំបន់ការពាររបស់ពួកគេត្រូវមានការកែសម្រួលលើចំណុចជាច្រើន។
គ្រាប់បាល់ស៊ុតបញ្ចូលទីទាំងនោះបានជួយឲ្យក្រុម Arsenal ដណ្តើមបានជ័យជម្នះដ៏ងាយលើក្រុម Fulham ដែលមិនបានបង្ហាញពីទម្រង់លេងមិនបានល្អឡើយពេលលេងក្រៅដី ហើយជ័យជម្នះនេះពិតជាសំខាន់សម្រាប់ក្រុមរបស់លោក Emery ក្នុងការរក្សាការជឿជាក់របស់ខ្លួន ក្រោយពីបានចាញ់ក្រុម Liverpool យ៉ាងខកចិត្តក្នុងលទ្ធផល 5-1។ ប៉ុន្តែ លោក Emery បានបញ្ជាក់ថា គ្រាប់បាល់ មិនបានបង្ហាញពីទម្រង់លេងរបស់ក្រុមទាំងមូលឡើយ។
កីឡាករ Ryan Sessegnon បានខ្ជះខ្ជាយឱកាស2លើកយ៉ាងល្អក្នុងការជួយឱ្យ ក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខមុននៅរយៈពេល 20នាទីដំបូង ហើយការរកបានគ្រាប់បាល់នាំមុខមុន នឹងផ្តល់ការលំបាកដល់ក្រុម Arsenal។ ប៉ុន្តែ ផ្ទុយទៅវិញ ការទន់ខ្សោយក្នុងតំបន់ការពាររបស់ក្រុម Fulham បានអនុញ្ញាតឱ្យខ្សែបម្រើ Granit Xhaka រកបានគ្រាប់បាល់ ក្រោយពីការបញ្ជូនបាល់ពីសំណាក់កីឡាករ Alex Iwobi នៅនាទី ទី25 ហើយក្រុម Arsenal កម្របានជួបបញ្ហាណាស់ បន្ទាប់ពីគ្រាប់បាល់នោះ។
លោក Emery បានឲ្យដឹងថា៖ «ការប្រជែងរបស់យើងនាពេលបច្ចុប្បន្ន គឺការធ្វើឲ្យតំបន់ការពារមានភាពល្អប្រសើរឡើង។ យើងពិតជារីករាយជាមួយនឹងកីឡាករនៅតំបន់ប្រយុទ្ធ តាមរយៈការស៊ុតបាល់បញ្ចូលទីជាច្រើនដូចនៅថ្ងៃនេះអ៊ីចឹង»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែ យើងត្រូវការតុល្យភាពបន្ថែមទៀតនៅតំបន់ការពារ យើងត្រូវតែធ្វើការ ត្រៀមសម្រាប់ពាក់កណ្តាលរដូវកាលចុងក្រោយ ហើយយើងត្រូវតែលេងឲ្យបានល្អផ្នែកបច្ចេកទេស»៕
ប្រភពពី៖ Channel News Asia