ពីមួយឆ្នាំទៅមួយឆ្នាំ ពេលវេលាចេះតែដើរទៅមុខ ស្របពេលមនុស្សខ្លះក៏បានអភិវឌ្ឍកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំទៅដែរ តែមនុស្សខ្លះទៀតនៅទ្រឹងដដែល ហើយជួបនឹងបញ្ហា និងឧបសគ្គក្នុងជីវិតកាន់តែច្រើនឡើងៗទៅវិញ។
លោក កែវ ឡង់ឌី អគ្គនាយកក្រុមហ៊ុន ស្រមោច Trading Solution បានលើកឡើងថា ប្រសិនបើចង់ឱ្យមានការអភិវឌ្ឍបានល្អ លុះត្រាតែយើងកំណត់គោលបំណងឱ្យបានជាក់លាក់សម្រាប់ជីវិត។ រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំមានការប្រែប្រួលលឿនណាស់ ហើយពេលវេលាក៏មិនរង់ចាំមនុស្សដែរ ហេតុនេះប្រសិនបើយើងមិនព្យាយាមឱ្យបានខ្លាំងក្លាទេ យើងប្រាកដជាស្តាយក្រោយមិនខាន។ សម្រាប់ឆ្នាំថ្មីនេះអ្នកគ្រប់គ្នាគួរតែរៀបចំគោលដៅដោយប្រើប្រាស់ SMART GOAL មានន័យថាគោលដៅចាំបាច់ត្រូវតែមានភាពឆ្លាតវៃ។
ពាក្យថា SMART នេះគឺជាការបញ្ចូលគ្នានូវពាក្យសំខាន់ៗជាច្រើនដែលជាធាតុផ្សំធ្វើឱ្យយើងសម្រេចគោលដៅបាន។ ចំណុចដំបូង គឺគោលដៅត្រូវតែមានភាពច្បាស់លាស់ (Specific) ព្រោះប្រសិនបើគ្មានភាពច្បាស់លាស់ទេ យើងនឹងអាចវង្វេង ហើយបោះបង់ចោលក្នុងពេលណាមួយ ដោយសារតែគោលដៅរបស់យើងមិនផ្តោតចំចំណុចណាមួយឱ្យជាក់លាក់។ ចំណុចសំខាន់មួយទៀត គឺគោលដៅត្រូវតែអាចវាស់វែងបាន (Measurable) ព្រោះប្រសិនបើយើងដាក់គោលដៅវែងឆ្ងាយពេក នោះយើងនឹងត្រូវរត់តាមគោលដៅនោះទាំងអស់សង្ឃឹម ហើយនឿយហត់បំផុត ព្រោះមិនបានដឹងពីចំណុចបញ្ចប់ដែលយើងចង់ទៅដល់នោះ។
លោក កែវ ឡង់ឌី បាននិយាយថា៖ “គោលដៅមិនមែនចេះតែកំណត់នោះទេ ព្រោះប្រសិនបើមិនកំណត់ឱ្យបានត្រឹមត្រូវ និងមានការតាំងចិត្តឱ្យបានច្បាស់លាស់ទេនោះ យើងនឹងក្លាយជាអ្នកកុហកខ្លួនឯងម្តងហើយម្តងទៀតមិនខាន។ អ្នកខ្លះកំណត់គោលដៅច្រើនរាប់មិនអស់ ហើយគាត់មិនអាចសម្រេចទាំងអស់ ព្រោះគាត់អនុវត្តបានតែក្នុងរយៈពេលខ្លី ហើយឈោងចាប់គោលដៅផ្សេងៗទៀត”។
ស្ថាបនិកក្រុមហ៊ុនខាងលើបានលើកឡើងផងដែរថា ដើម្បីធានាថាការកំណត់គោលដៅអាចទទួលបានជោគជ័យ មនុស្សម្នាក់ៗត្រូវកំណត់គោលដៅដោយធានាថា គោលដៅនោះអាចទៅរួច (Attainable) ព្រោះប្រសិនបើយើងកំណត់វាធំហួសហេតុពេករហូតមិនអាចទៅរួច នោះយើងបានត្រឹមតែឈឺចាប់ ឬសោកសៅឥតប្រយោជន៍តែប៉ុណ្ណោះ។ ដូចជាមិនអាចនៅពេលដែលកំពុងធ្វើជាគណនេយ្យករសុខៗ ក៏ស្រាប់តែទៅដាក់គោលដៅថាចង់ធ្វើជាវិស្វករពូកែនោះទេ ព្រោះវាខុសគ្នាឆ្ងាយពេក តែអ្នកទាំងអស់គ្នាអាចដាក់គោលដៅណាដែលផ្តល់ភាពអភិវឌ្ឍដល់យើងបច្ចុប្បន្ន ឬបន្ថែមភាពល្អប្រសើរដល់ការរស់នៅឱ្យកាន់តែខ្លាំងឡើងជាដើម។ ចំណុចចុងក្រោយគឺអ្នកកំណត់គោលដៅក៏ចាំបាច់ត្រូវកំណត់ពេលវេលាជាក់លាក់ពីគម្រោងលម្អិតនីមួយៗ (Time Based)ផងដែរ ដើម្បីជាការលើកទឹកចិត្តឱ្យយើងម្នាក់ៗមានថាមពលកាន់តែខ្លាំង។ នៅពេលយើងកំណត់ពេលវេលាជាក់លាក់នៃគោលដៅល្អិតៗរួចហើយ យើងអាចនឹងដឹងយ៉ាងច្បាស់ពីពេលវេលា និងដំណាក់កាលដែលយើងនឹងសម្រេចបានឆ្ពោះទៅគោលដៅដែលយើងបានកំណត់ទុកមិនខាន។
លោក Christopher Lee ស្ថាបនិកអង្គការ HEDC អន្តរជាតិ បានលើកឡើងថា មនុស្សម្នាក់ៗចាំបាច់ត្រូវតែថ្លឹងថ្លែងពីភាពជោគជ័យ និងសុភមង្គលឱ្យបានច្បាស់លាស់ ប្រសិនបើចង់ចាប់ផ្តើមឱ្យជីវិតកាន់តែប្រសើរឡើង។ ហេតុនេះពេលកំណត់គោលដៅ ឬដាក់ផែនការជីវិតក៏ត្រូវតែយល់ឱ្យច្បាស់ថា ជីវិតមនុស្សមិនមែនត្រូវការតែផ្នែកណាមួយ ដូចជាហិរញ្ញវត្ថុ ឬត្រូវការតែភាពជោគជ័យនោះទេ តែវាត្រូវរួមបញ្ចូលគ្នានូវក្តីស្រឡាញ់ សុខភាពល្អ ចំណេះដឹង និងសុភមង្គលពិតប្រាកដផងដែរ។ ការគិតគូរខ្លាំងពេកលើបញ្ហាហិរញ្ញវត្ថុ អាចជោគជ័យតែផ្នែកខ្លះក្នុងជីវិត តែអាចធ្វើឱ្យយើងបាត់បង់ផ្នែកជាច្រើនផ្សេងទៀតដែលជីវិតត្រូវការ។
លោក Christopher lee បាននិយាយថា៖“ក្រោយពេលគិតគូរបានល្អិតល្អន់ហើយ វិធីសំខាន់ដែលធ្វើឱ្យយើងទទួលបាននូវអ្វីដែលយើងចង់បាននោះ គឺការអនុវត្ត តែការធ្វើឱ្យក្តីស្រមៃក្លាយជាការពិតនោះ ក៏ទាមទារឱ្យមានវិធីសាស្រ្តល្អដើម្បីសម្រេចវាឱ្យបានផងដែរ”។
អ្នកជំនាញខាងអភិវឌ្ឍន៍ធនធានមនុស្សខាងលើបានលើកឡើងថា ពេលខ្លះយើងគិតថា ទាល់តែយើងជឿលើគោលដៅរបស់យើងទើបយើងអាចសម្រេចវាបាន តែពេលខ្លះប្រសិនបើអ្នកមិនទាន់ជឿលើគោលដៅក៏អាចសម្រេចបានដែរ ដែលនោះគឺការផ្តោត ព្រោះនៅពេលមនុស្សណាម្នាក់ផ្តោតសំខាន់ ហើយចង់បានរបស់ណាមួយយ៉ាងជាក់លាក់នោះ យើងនឹងព្យាយាមស្វែងរកវិធីគ្រប់បែបយ៉ាងដើម្បីធ្វើវាឱ្យបាន បើទោះបីជារឿងខ្លះយើងមិនដែលជឿថា យើងអាចធ្វើវាបានក៏ដោយ។ ភាពស្មោះត្រង់ជាមួយគោលដៅ ហើយស្រឡាញ់គោលដៅនោះឱ្យបានខ្លាំងបំផុតតាមអាចធ្វើទៅបាន អាចជំរុញយើងឱ្យមានថាមពលកាន់តែខ្លាំងដើម្បីសម្រេចវា៕