នៅក្នុងយុគសម័យឧស្សាហកម្មអ្នកជំនាញផ្នែកបច្ចេកវិទ្យា និងបច្ចេកទេសជាផ្នែកដែលមានតម្រូវការខ្ពស់បំផុត ព្រោះគ្រប់ផលិតកម្មទាំងអស់សុទ្ធតែត្រូវការអ្នកជំនាញ តែក្រោយពេលពិភពលោកបោះជំហានទៅមុខមួយជំហានទៀតអ្នកជំនាញបច្ចេកទេសទាំងអស់ត្រូវតែមានផ្នែកសំខាន់មួយទៀតដើម្បីទប់លំនឹងរបស់ខ្លួនក្នុងទីផ្សារការងារ។ ផ្នែកដ៏សំខាន់នោះ គឺសិល្បៈដោយបូករួមទាំងសិល្បៈនៃការរស់នៅ សិល្បៈនៃការធ្វើការងារ និងសិល្បៈក្នុងការធ្វើអាជីវកម្មជាដើម។
បច្ចុប្បន្ននេះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជាផ្នែកសំខាន់បំផុតសម្រាប់ពិភពលោក តែចរន្តនាពេលអនាគត មុខវិជ្ជាសំខាន់នេះនឹងត្រូវប្តូរទៅជា STEAM ដោយបញ្ចូលនូវសិល្បៈដែលជាមុខវិជ្ជាមួយដែលម៉ាស៊ីនមិនអាចធ្វើជំនួសមនុស្សបាន។ យោងតាមទិន្នន័យរបស់វេទិកាសេដ្ឋកិច្ចពិភពលោកសម្រាប់ការងារអនាគតឆ្នាំ2018 (World Economic Forum’s Future ofJobs report 2018) បានឱ្យដឹងថា ការងារបច្ចេកវិទ្យានិងបច្ចេកទេសបានបង្កើនការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយការងារ និងអាជីពប្រពៃណី។ ហើយចំណុចដែលធ្វើឱ្យអ្នកជំនាញបច្ចេកវិទ្យាទាំងអស់នោះអាចទាញយកឱកាសការងារពីផ្នែកផ្សេងៗបានគឺ ទេពកោសល្យដែលពួកគេមាន អាចបង្កើតសមត្ថភាព និងប្រសិទ្ធភាពខ្លាំងសម្រាប់ស្ថាប័ន។
របាយការណ៍ខាងលើបានបង្ហាញផងដែរថា មនុស្សចាំបាច់ត្រូវតែមានជំនាញសិល្បៈ ដែលជាផ្នែកទន់បន្ថែមលើទេពកោសល្យដែលមានស្រាប់នៅក្នុងខ្លួន ស្របពេលដែលពួកគេប្រើប្រាស់បច្ចេកទេស និងឧបករណ៍ទំនើបដើម្បីដោះស្រាយបញ្ហា។ ចាប់ពីពេលនេះទៅ មនុស្សចាំបាច់ត្រូវតែបង្កើនសមត្ថភាពឱ្យបានលើសពីអ្វីដែលមនុស្សមានក្នុងឆ្នាំ2010 ឬ2018។
មានអ្នកជំនាញខ្លះ គាត់ចេះខ្លាំងលើជំនាញបច្ចេកវិទ្យា ឬជំនាញបច្ចេកទេស តែគាត់មិនមានសិល្បៈក្នុងការរស់នៅ និងធ្វើការងារឱ្យបានល្អ ហេតុនេះគាត់ចាំបាច់ត្រូវតែបន្ថែមជំនាញទាំងអស់នោះដើម្បីធានាពីសុវត្ថិភាពការងាររបស់គាត់ ព្រោះអនាគតទៅ ទោះបីជាការងាររបស់អ្នកបច្ចេកវិទ្យាក៏ដោយ ក៏ម៉ាស៊ីនអាចធ្វើជំនួសបានដែរ និងមិនមែនជំនួសបានត្រឹមតែការងារតិចតួចនោះទេ។
ជំនាញសិល្បៈដែលអ្នកជំនាញបច្ចុប្បន្នគួរមានបន្ថែមនោះគឺ៖
1.សិល្បៈច្នៃប្រឌិតអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា ឬវិទ្យាសាស្ត្រភាគច្រើនជាមនុស្សដែលមានសមត្ថភាពធ្វើការងារបានល្អ ហើយរហ័សជាងអ្នកដទៃ តែអ្វីដែលចាំបាច់ត្រូវមាននាពេលខាងមុខ គឺភាពច្នៃប្រឌិតដើម្បីដើរចេញឱ្យផុតពីភាពដដែល។ នៅពេលមនុស្សត្រូវបានជំនួសដោយម៉ាស៊ីន ការច្នៃប្រឌិតជាផ្នែកសំខាន់មួយដែលមិនរងការប៉ះពាល់ ព្រោះម៉ាស៊ីនអាចធ្វើការងារបានល្អឥតខ្ចោះតែលើការងារដំឡើង កែច្នៃ ឬរៀបចំចង្វាក់ផលិតកម្មប៉ុណ្ណោះ តែគ្មានសមត្ថភាពបង្កើតរបស់ថ្មីៗ ឬធ្វើនវានុវត្តន៍នោះទេហេតុនេះការងារសំខាន់ៗទាំងអស់នេះទាមទារឱ្យមានមនុស្សទៅធ្វើ។
សិល្បៈក្នុងការច្នៃប្រឌិត ជាផ្នែករុញកំណើនអភិវឌ្ឍន៍មនុស្សឱ្យកាន់តែខ្លាំង ព្រោះមនុស្សមិនចាំបាច់ខ្វល់ពីការអនុវត្តច្រើនពេកទេ ពួកគេគ្រាន់តែគិតស្រាវជ្រាវរិះរកអ្វីដែលល្អ ពិសោធឱ្យបានជោគជ័យ ម៉ាស៊ីននឹងធ្វើការងារទាំងអស់នោះជំនួសមនុស្ស ដែលវានឹងធ្វើឱ្យសមិទ្ធផលថ្មីៗកើតឡើងយ៉ាងឆាប់រហ័ស ហើយដោះស្រាយតម្រូវការមនុស្សបានកាន់តែច្រើនជាងមុន។
2. សិល្បៈក្នុងការគ្រប់គ្រងមនុស្សបើទោះបីជាការងាររបស់មនុស្សមួយចំនួនធំ ត្រូវបានដណ្តើមដោយម៉ាស៊ីនក៏ដោយ តែមនុស្សក៏មិនមែនអស់ការងារធ្វើដែរ។ ចរន្តនៃបដិវត្តន៍ឧស្សាហកម្មទី4 គឺផ្លាស់ប្តូរការងាររបស់មនុស្សពីការទទួលខុសត្រូវតិច ទៅធ្វើការងារកាន់តែធំជាងមុន។ ការងារលីសែង លើកដាក់ ដំឡើង និងរៀបចំកំប៉ិកកំប៉ុកនឹងត្រូវបានធ្វើដោយម៉ាស៊ីន តែគ្រប់កន្លែងការងារមិនអាចអវត្តមានមនុស្សបានទេ។ មនុស្សនឹងផ្លាស់ទីពីអ្នកធ្វើដោយផ្ទាល់ទៅជាអ្នកបញ្ជា និងត្រួតពិនិត្យលើភាពមិនប្រក្រតីវិញម្តងហេតុនេះដើម្បីឱ្យមានការរីកចម្រើន មនុស្សនៅតែត្រូវការសិល្បៈនៃការគ្រប់គ្រងមនុស្ស។
សិល្បៈនៃការគ្រប់គ្រងមនុស្សនាពេលអនាគតនឹងកាន់តែមានតម្រូវការខ្ពស់ ព្រោះមនុស្សចាប់ផ្តើមមានសមត្ថភាពខ្លាំងជាងមុន ហេតុនេះទាមទារឱ្យអ្នកគ្រប់គ្រងពួកគេទាល់តែចេះទាំងបច្ចេកទេស និងសិល្បៈដឹកនាំខ្លាំងពូកែ៕