កម្ពុជាជាប្រទេសដែលមានអរិយធម៌ចំណាស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះយើងមានទម្រង់សិល្បៈប្រកបដោយគុណតម្លៃជាច្រើនទម្រង់ ដូចជាស្ថាបត្យកម្ម សិល្បៈវប្បធម៌អរូបិយ និងសិល្បៈអក្សរសិល្ប៍ជាដើម។ នៅក្នុងទម្រង់នៃអក្សរសិល្បិ៍ខ្មែរ កំណាព្យត្រូវបានគេមើលឃើញថាជាទម្រង់អក្សរសិល្ប៍មួយប្រភេទដែលមានប្រជាប្រិយភាពបំផុតកាលពីអតីតកាល ព្រោះកវីនិពន្ធកម្ពុជាបានចងក្រងទុកនូវក្បួនច្បាប់ រឿងព្រេងកថា រួមទាំងអត្ថបទអប់រំជាច្រើនដោយប្រើប្រាស់កំណាព្យកាព្យឃ្លោងដើម្បីទុកជាការកម្សាន្តផង និងការអប់រំផង។ នាពេលបច្ចុប្បន្ននេះ ដោយសារតែសង្គមមានការប្រែប្រួល និងដោយសារតែចរន្តសកលដែលមានភាពយន្ត និងទស្សនីយភាពសម្បូរបែប កំណាព្យហាក់សាបរលាបបន្តិចនៅក្នុងសង្គម ព្រោះយុវជនជំនាន់ថ្មីមិនសូវចាប់អារម្មណ៍។
អ្នកនិពន្ធ និងជាអ្នកអក្សរសាស្ត្រមួយរូបគឺ លោក សុគន្ធ សុខា បានលើកឡើងថា កំណាព្យបច្ចុប្បន្នហាក់មានស្ថានភាពសាបរលាបបន្តិច ព្រោះយុវជនបច្ចុប្បន្នគាត់ងាកមកចាប់អារម្មណ៍ច្រើនលើប្រលោមលោកខ្សែភាពយន្ត និងបច្ចេកវិទ្យាច្រើនជាងការចាប់អារម្មណ៍លើកំណាព្យ។ នាពេលបច្ចុប្បន្ននេះមានប្រជាជនខ្មែរមិនច្រើនទេដែលចេះសរសេរកំណាព្យ កុំថាឡើយដល់ទៅចូលចិត្តកំណាព្យ ហេតុនេះប្រសិនបើមិនចាប់ផ្តើមយកចិត្តទុកដាក់លើវិស័យនេះទេកំណាព្យអាចនឹងធ្លាក់ចុះខ្លាំងជាងនេះទៅទៀត។ បញ្ហាសំខាន់មួយផ្សេងទៀតដែលធ្វើឱ្យវិស័យកំណាព្យស្ថិតក្នុងស្ថានភាពធ្លាក់ចុះ គឺកង្វះការផ្សព្វផ្សាយ។ នៅពេលយើងមិនសូវមានការផ្សព្វផ្សាយ និងលើកទឹកចិត្តមនុស្សឱ្យមើលឃើញពីតម្លៃនៃកំណាព្យខ្មែរ ស្របពេលដែលផ្នែកផ្សេងៗជាច្រើនទៀតកំពុងត្រូវបានផ្សព្វផ្សាយច្រើននោះ យុវជនក៏ដូចជាប្រជាជនខ្មែរទូទៅដែរ ប្រាកដជាបែរចំណាប់អារម្មណ៍ទៅលើរឿងដែលមានមនុស្សច្រើនចាប់អារម្មណ៍មិនខាន។
លោក សុគន្ធ សុខា បាននិយាយថា៖ “យុវជននាពេលបច្ចុប្បន្នចូលចិត្តធ្វើអ្វីមួយឆាវៗ ឬផ្អើលៗតាមគ្នា ហេតុនេះនៅពេលខ្លះ ពួកគេអាចចាប់អារម្មណ៍លើរឿងអ្វីមួយក្នុងរយៈពេលខ្លីៗ ដែលធ្វើឱ្យផ្នែកវប្បធម៌អក្សរសិល្ប៍ ដូចជាកំណាព្យជាដើម មិនសូវត្រូវបានគេយកចិត្តទុកដាក់ ព្រោះគ្មានការគាំទ្រយូរអង្វែង”។
អ្នកនិពន្ធខាងលើបានលើកឡើងផងដែរថាចំពោះសៀវភៅកំណាព្យវិញ យើងសង្កេតឃើញថាមានតិចតួចបំផុតនៅក្នុងទីផ្សារ ព្រោះមិនសូវមានអ្នកណាចាប់អារម្មណ៍អានកំណាព្យនោះទេ ដែលការណ៍នេះនឹងធ្វើឱ្យអ្នកសរសេរ អ្នកនិពន្ធ ឬការបោះពុម្ពផ្សាយអំពីកំណាព្យចាប់ផ្តើមធ្លាក់ចុះ។ ចំពោះការសរសេរនិពន្ធកំណាព្យ និងការផូស្តបង្ហាញនៅក្នុងបណ្តាញសង្គមក៏ដូចគ្នាដែរ គឺមិនសូវមានអ្នកចូលចិត្តអានកំណាព្យ ឬលើកទឹកចិត្តអ្នកសរសេរកំណាព្យឡើយ ដែលកត្តានេះបង្ហាញឱ្យឃើញថា អ្នកសរសេរកំណាព្យមិនសូវទទួលបានការលើកទឹកចិត្តឡើយ។ ការមិនសូវមានការលើកទឹកចិត្តនេះអាចបណ្តាលមកពីបញ្ហាសំខាន់មួយទៀតដែរ គឺគុណភាពរបស់អ្នកសរសេរដែលនៅមិនទាន់បានល្អគ្រប់ជ្រុងជ្រោយហេតុនេះវាក៏ទាមទារឱ្យស្មេរ ឬអ្នកសរសេរកំណាព្យត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមឱ្យកាន់តែទាក់ទាញខ្លាំងឡើងដែរ។
ជុំវិញបញ្ហានេះ លោក ឡុច ចន្ថា ជាអ្នកនិពន្ធកម្ពុជាមួយរូបបានលើកឡើងថា កំណាព្យ គឺជាទម្រង់អក្សរសិល្ប៍ដ៏ល្អឯករបស់កម្ពុជា ព្រោះថា កំណាព្យជាទម្រង់មូលដ្ឋានដែលអាចបំបែកចេញជាអត្ថបទរឿងជាកំណាព្យផង អាយ៉ៃផង បទចម្រៀង និងជាទម្រង់សិល្បៈជាច្រើនដទៃទៀត។ កំណាព្យខ្មែរមានលក្ខណៈពិសេសត្រង់យើងមានបែបបទច្រើន ហើយទម្រង់ទាំងអស់នោះធ្វើឱ្យកំណាព្យមានភាពសម្បូរបែបដែលអាចពណ៌នាបានគ្រប់កាលៈទេសៈ ទាំងការរៀបរាប់ជាដំណើររឿង ការបង្ហាញពីអារម្មណ៍រីករាយ សោកសៅសោកស្តាយ ឬការបង្កើនការអប់រំជាដើម ដែលសុទ្ធតែអាចអន្ទងចិត្តអ្នកអានឱ្យជក់ចិត្តចង់អានរហូតតាំងពីដើមដល់ចប់។
លោក ឡុច ចន្ថា បាននិយាយថា៖ “កំណាព្យខ្មែរជាទម្រង់អក្សរសិល្ប៍យ៉ាងប្រណីតរបស់កម្ពុជា តែបច្ចុប្បន្ននេះវាទាមទារជាចាំបាច់នូវការយកចិត្តទុកដាក់ឡើងវិញ”។
អ្នកនិពន្ធខាងលើបានលើកឡើងផងដែរថាដើម្បីឱ្យកំណាព្យខ្មែររីកលូតលាស់បានលឿន លុះត្រាតែយើងទាំងអស់គ្នាចាប់ផ្តើមផ្តល់តម្លៃដល់អ្នកនិពន្ធតាមរយៈការគាំទ្រស្នាដៃរបស់ពួកគាត់ ការបង្កើតកម្មវិធីប្រកួតប្រជែងដើម្បីផ្តល់ពានរង្វាន់ និងចាប់ផ្តើមបង្កើតស្នាដៃប្រកបដោយគុណតម្លៃល្អៗដើម្បីផ្តល់ជាចំណីអារម្មណ៍ដល់អ្នកអានឡើងវិញ។ ចំពោះអ្នកដែលមិនធ្លាប់អានកំណាព្យ អាចសាកល្បងស្វែងរកស្នាដៃកំណាព្យល្អៗរបស់ខ្មែរយើងមកអានដើម្បីឱ្យដឹងថា ស្នាដៃទាំងអស់នោះមានតម្លៃប៉ុនណា ហើយផ្តល់គុណប្រយោជន៍ច្រើនប៉ុនណា។ ការរំលែកចំណាប់អារម្មណ៍ពីបច្ចេកវិទ្យា ឬទស្សនីយភាពប្លែកៗក្នុងសង្គមបច្ចុប្បន្ន មកគាំទ្រទម្រង់សិល្បៈកំណាព្យខ្មែរអាចនឹងធ្វើឱ្យយុវជនកម្ពុជាកាន់តែច្រើនឡើងមានគំនិតស៊ីជម្រៅ ហើយថែមទាំងអាចរក្សាបាននូវមរតកវប្បធម៌ប្រកបដោយគុណតម្លៃរបស់យើងទៀតផង៕