កីឡាករវាយកូនបាល់មានចំណាត់ថ្នាក់លេខ1ក្នុងពិភពលោក Novak Djokovic បានឈ្នះពាន Mubadala World Tennis Championship ជាលើកទី4 កាលពីថ្ងៃសៅរ៍ តាមរយៈការវាយបកដេញតាមពីក្រោយដើម្បីផ្តួលកីឡាករ Kevin Anderson ក្នុងលទ្ធផល 4-6 7-5 និង7-5។
Djokovic ដណ្តើមបានជ័យជម្នះក្នុងការប្រជែងដណ្តើមពិន្ទុកាត់សេចក្តីទី5 នៅពេលប្រកួតជាមួយនឹងកីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង ដែលបានឈ្នះពានក្នុងយុទ្ធនាការមុនបើករដូវកាលមួយនេះកាលពីឆ្នាំមុន។
កីឡាករវ័យ31ឆ្នាំរូបនេះ ធ្លាប់បានឈ្នះព្រឹត្តិការណ៍ដែលមានរយៈពេល3ថ្ងៃមួយនេះ ក្នុងប្រទេសអ៊េមីរ៉ាតអារ៉ាប់រួម កាលពីឆ្នាំ2011 2012 និង2013 ហើយបច្ចុប្បន្ន បានតាមស្មើកំណត់ត្រារបស់កីឡាករ Rafael Nadal នៃការឈ្នះពាននេះជាលើកទី4។
Djokovic ដែលកំពុងតែត្រៀមខ្លួនដើម្បីធ្វើការប្រជែងដណ្តើមពាន Australian Open ជាលើកទី7នៅខែក្រោយនោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជាអស់កម្លាំងបន្តិច។ យើងមិនបានរំពឹងទុកថា នឹងលេងរយៈពេល2ម៉ោង និង30នាទីឡើយ នៅមុនពេលចាប់ផ្តើមនៅរដូវកាលនេះ»។
Djokovic ដែលជាម្ចាស់ជើងឯក Wimbledon និង US Open បច្ចុប្បន្ន នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងដូហា ដើម្បីធ្វើការប្រកួតក្នុងព្រឹត្តិការណ៍ Qatar Open ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះ។ រូបគេនឹងត្រូវប៉ះជាមួយនឹងកីឡាករបូស្នី Damir Dzumhur ក្នុងការប្រកួតបើកឆាក៕
ប្រភពពី៖ Channel News Asia