ការបំពុលបរិយាកាសបានក្លាយជាគ្រោះថ្នាក់ធំទី4 លើពិភពលោកដោយសារវាបានសម្លាប់មនុស្សអស់ជាច្រើននាក់បន្ទាប់ពីផ្សែងបារី សម្ពាធឈាមខ្ពស់ និងភាពអត់ឃ្លាន។ ការបំពុលបរិយាកាសត្រូវបានគេរកឃើញថា បានសម្លាប់មនុស្សប្រមាណជាង6លាននាក់ជារៀងរាល់ឆ្នាំ ហើយបញ្ហាទាំងអស់នេះត្រូវបានគេរកឃើញថា បានកើតមាននៅក្នុងប្រទេសក្រីក្រ ដែលធ្វើឱ្យមានការព្រួយបារម្ភពីបញ្ហាគុណភាពខ្យល់អាកាសកាន់តែខ្លាំងឡើង។ បច្ចុប្បន្ននេះ ប្រជាជនជាងពាក់កណ្តាលនៃពិភពលោកកំពុងរស់នៅក្នុងទីក្រុង ហើយបើតាមការប៉ាន់ស្មាន នៅឆ្នាំ2050មនុស្សរស់នៅក្នុងទីក្រុងនឹងកើនឡើងដល់ 2/3 នៃប្រជាជនសរុបលើពិភពលោក។ ស្របពេលដែលប្រជាជនកាន់តែច្រើនឡើងៗចាកចេញពីតំបន់ជនបទមករស់នៅក្នុងទីក្រុង កំណើនយានយន្តពិសេសរថយន្តដែលកាន់តែមានចំនួនច្រើនឡើងៗ បានធ្វើឱ្យកើតបញ្ហាកកស្ទះចរាចរណ៍កើនឡើងគ្រប់ទីកន្លែង ហើយចំពោះទីតាំងបៃតងជាច្រើនផ្សេងទៀតនៅជុំវិញផ្ទះ និងកន្លែងធ្វើការត្រូវបានកាត់បន្ថយ ដោយសារត្រូវជំនួសដោយកន្លែងចតឡានវិញម្តង។
អ្នករស់នៅទីក្រុងនាពេលបច្ចុប្បន្ននេះ និងទៅអនាគតនឹងត្រូវទទួលរងនូវការគំរាមកំហែងដល់សុខភាពកាន់តែខ្លាំងឡើងៗ ព្រោះគ្រប់ទីកន្លែងសុទ្ធតែមានផ្សែងពុលចេញពីយានយន្ត។ មិនថាអ្នកជិះកង់ហាត់ប្រាណស្ថិតនៅតាមសួនកម្សាន្ត ឬដើរហាត់ប្រាណនៅតាមសួនសាធារណៈនោះទេ ផ្សែងពុលបានធ្វើឱ្យអ្នកខកបំណង ព្រោះមនុស្សគ្រប់គ្នាចង់ហាត់ប្រាណដើម្បីឱ្យរាងកាយរឹងមាំ តែស្របពេលជាមួយគ្នាអ្នកគ្រប់គ្នាទាំងនោះបែរជាអាចប្រឈមនឹងបញ្ហាផ្លូវដង្ហើមទៅវិញ ព្រោះពួកគេបានស្រូបយកផ្សែងពុលជាច្រើននៅកន្លែងហាត់ប្រាណទាំងនោះ។
ស្របពេលជាមួយបញ្ហាប្រឈមមួយនេះ វាត្រូវបានគេមើលឃើញជាទូទៅថា អ្នកជំនាញជាច្រើនបានព្យាយាមទប់ស្កាត់ផលប៉ះពាល់ដែលនាំឱ្យមានបញ្ហាខ្យល់មិនស្អាតទាំងនេះ តែអ្វីដែលពួកគេអាចចូលរួមបាន គឺស្ថិតក្នុងចំណែកមួយតិចតួចប៉ុណ្ណោះ ហើយអ្វីដែលចាំបាច់ត្រូវធ្វើសម្រាប់អ្នកគ្រប់គ្រងតំបន់នានាគឺចាំបាច់ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធសុខភាពសាធារណៈរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យឆ្លើយតបនឹងបញ្ហាប្រឈម និងធ្វើការផ្លាស់ប្តូរទម្រង់ទីក្រុងឱ្យទៅជាពណ៌បៃតង។
ជាដំណោះស្រាយសម្រាប់តំបន់ខ្លះ គឺគេបានខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ដែលមកពីការអភិវឌ្ឍដ៏លឿននៃការរស់នៅក្នុងទីក្រុងតាមរយៈគោលការណ៍ធ្វើឱ្យខ្យល់ស្អាត ដោយបង្កើនពន្ធលើការនាំចូលរថយន្តចាស់ៗមកប្រើក្នុងទីក្រុង។ ចំណែកឯភាគីវិស័យឯកជន ដូចជាឧស្សាហកម្មផលិតរថយន្តជាដើម ក៏កំពុងកែប្រែយ៉ាងគំហុកពីការផលិតរថយន្តធម្មតាទៅជារថយន្តប្រភេទHybrid និងរថយន្តអេឡិចត្រូនិក ដើម្បីជួយដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។
ក្រៅពីដំណោះស្រាយទាំងអស់នេះ ការជំរុញលើកទឹកចិត្តប្រជាជនឱ្យកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន និងធ្វើដំណើរដោយការជិះកង់ ជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការបំពុលបរិស្ថានក្នុងទីក្រុង។ បើទោះបីជាយានយន្តត្រូវបានគេសម្រួលឱ្យស៊ីសាំងតិច និងកាត់បន្ថយការបំភាយជាតិកាបូនក៏ដោយ តែប្រសិនបើគេនៅតែប្រើប្រាស់វាច្រើនគ្រឿងក្នុងពេលតែមួយដដែលនោះ បញ្ហាកកស្ទះចរាចរណ៍នឹងធ្វើឱ្យការបំពុលនៅតែបន្តកើតមានយ៉ាងរ៉ាំរ៉ៃដដែល។ ប្រសិនបើប្រជាជនចាប់ផ្តើមប្រើប្រាស់សេវាសាធារណៈដូចជាការជិះរថយន្តក្រុង ឬជិះកង់ទៅធ្វើការនោះពួកគេនឹងអាចកាត់បន្ថយបញ្ហាបានមួយចំណែកធំ។
លើសពីនេះទៅទៀត ចរន្តនេះនឹងធ្វើឱ្យមានផលប្រយោជន៍ជាវិជ្ជមានធំមួយទៀតដែលអាចដោះស្រាយបញ្ហាបរិស្ថានបានគឺ បង្កើនចំនួនអ្នកជិះកង់ និងដើរទៅធ្វើការងារ។ នៅពេលដែលយានយន្តត្រូវបានកាត់បន្ថយ នោះអ្នកជិះកង់ និងដើរទៅធ្វើការងារកាន់តែមានភាពងាយស្រួល ទន្ទឹមគ្នានឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មីៗត្រូវបានគេរៀបចំឡើងដើម្បីលើកទឹកចិត្តពួកគាត់។ ម្យ៉ាងវិញទៀតតាមការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលចូលចិត្តដើរទៅធ្វើការរយៈពេល 30នាទីរាល់ថ្ងៃ ច្រើនតែមានស្ថានភាពផ្លូវកាយ និងផ្លូវចិត្តល្អជាងមនុស្សដែលចូលចិត្តប្រើប្រាស់យានជំនិះជាគ្រឿងយន្ត៕