វិស័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឱ្យសង្គមមួយអាចអភិវឌ្ឍទៅបានប្រកប-ដោយគុណភាព សីលធម៌ និងគុណតម្លៃខ្ពស់ដែលអាចរុញច្រានឱ្យការរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសកាន់តែមានលក្ខណៈល្អប្រសើរឡើង។ វិស័យដ៏មានសារៈសំខាន់នេះ អាចបំបែកចេញជាមែកធាងជាច្រើនដែលនឹងបម្រើឱ្យវិស័យសង្គម ការធ្វើអាជីវកម្ម និងការធ្វើការងារលើគ្រប់វិស័យ។
ដោយមើលឃើញពីសារៈសំខាន់នៃវិស័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រនេះ គ្រឹះស្ថានឧត្តមសិក្សាធំៗនៅកម្ពុជាចំនួន 3 ដែលមានដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានជាតិអប់រំ បានរួមគ្បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដ៏សំខាន់មួយដើម្បីពង្រឹងដល់ការអភិវឌ្ឍវិស័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា សកម្មភាពនៃការព្រមព្រៀងគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សានេះ នឹងជំរុញឱ្យមានកិច្ចសហការកាន់តែប្រសើរឡើងលើការសិក្សាស្រាវជ្រាវរបស់និស្សិតនៅកម្ពុជា។ ទន្ទឹមនឹងក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ក្នុងការជំរុញផ្នែកវិទ្យាសាស្ត្រពិត ដោយការធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្កើតសម្ភារបរិក្ខារទំនើបៗដល់គ្រឹះស្ថានឧត្តមសិក្សា និងសាលានានានៅទូទាំងប្រទេសហើយនោះ ក្រសួងក៏បានយកចិត្តទុកដាក់ផងដែរលើជំនាញដែលទាក់ទងនឹងវិទ្យាសាស្រ្តសង្គម។
ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖“កម្ពុជាក៏ត្រូវការផងដែរនូវអ្នកឯកទេសខាងវិទ្យាសាស្ត្រសង្គម ដូចជាអ្នកអក្សរសិល្ប៍ ភាសា ទស្សនវិទ្យា និងភូមិវិទ្យា ជាដើម ដែលអាចផ្ដល់សញ្ញាវិជ្ជមានលើការលើកកម្ពស់អត្តសញ្ញាណ និងវប្បធម៌ជាតិ”។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងផងដែរថា ប្រទេសយើងមិនទាន់មានអ្នកស្រាវជ្រាវផ្នែកសង្គមសាស្ត្រច្រើននៅឡើយ ហេតុនេះការលើកទឹកចិត្តឱ្យសិស្ស-និស្សិតសិក្សាផ្នែកសង្គមសាស្ត្រក៏ជាចំណុចសំខាន់មួយក្នុងការពង្រឹងគុណភាពនៃចំណេះដឹងនៅក្នុងប្រទេស និងអាចឈានទៅបន្តការសិក្សានៅក្រៅប្រទេសថែមទៀត។
ការសិក្សាផ្នែកសង្គមវិទ្យា ចាំបាច់ត្រូវដើរទន្ទឹមគ្នានឹងការសិក្សាផ្នែកវិទ្យាសាស្ត្រ ព្រោះស្របពេលដែលសង្គមត្រូវការអ្នកជំនាញក្នុងការធ្វើនវានុវត្តន៍ និងការបម្រើការងារក្នុងវិស័យឧស្សាហកម្ម ប្រទេសនីមួយៗចាំបាច់ផងដែរនូវអ្នកជំនាញដែលមានការយល់ដឹងខ្ពស់ពីអត្តសញ្ញាណរបស់ជាតិ រួមទាំងអ្នកជំនាញដែលអាចជាជំនួយយ៉ាងសំខាន់ដល់អ្នកវិទ្យាសាស្ត្រ។
អ្នកសង្គមសាស្ត្រអាចជាអ្នកកត់ត្រានូវក្បួនខ្នាតដ៏សំខាន់សម្រាប់ដំណើរវិវឌ្ឍន៍របស់សង្គមអ្នកសិក្សា ឬវិភាគពីទីតាំងភូមិសាស្ត្រ កត្តាប្រជាសាស្ត្រ សិក្សាទីផ្សារ និងតម្រូវការរបស់ប្រជាជន រួមទាំងជាអ្នកដែលអាចធ្វើការងារទាំងឡាយណាដែលម៉ាស៊ីនភាគច្រើនមិនអាចធ្វើបាន។ នៅពេលសង្គមមួយសម្បូរទៅដោយអ្នកសង្គមសាស្ត្រ នោះអ្នកវិទ្យាសាស្ត្រនឹងមានភាពងាយស្រួលខ្លាំងក្នុងការស្វែងរកអ្នកប្រឹក្សាយោបល់ដើម្បីបង្កើតផលិតផលឱ្យត្រូវនឹងតម្រូវការជាក់ស្តែង និងស្ថានភាពទូទៅរបស់ប្រជាជននៅគ្រប់ទីកន្លែង៕