មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផលិតប្រេងនៅដើមឆ្នាំ2020 ខណៈពេលដែលការនាំចេញប្រេងក៏អាចនឹងត្រូវបានធ្វើឡើងផងដែរនាពេលអនាគត។ ស្របពេលដែលប្រេងឆៅត្រូវបានចាក់បញ្ចូលទៅក្នុងរោងចក្រចម្រាញ់ប្រេង ជំហានបន្ទាប់គឺជាការលក់ប្រេងនៅលើទីផ្សារក្នុងស្រុក និងការនាំចេញក៏ជាជម្រើសមួយដែរសម្រាប់កម្ពុជា។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងឥន្ធនៈនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា៖ “នៅចុងឆ្នាំ2019ខាងមុខនេះ កម្ពុជានឹងទទួលបានតំណក់ប្រេងជាលើកដំបូង រួចហើយនឹងដំណើរការផលិតក្នុងលក្ខណៈពាណិជ្ជកម្មនៅឆ្នាំ2020ផងដែរ ដោយជាមធ្យម ក្នុង 1ថ្ងៃ យើងអាចផលិតបានប្រមាណ 7ពាន់បារ៉ែល”។
លោកបន្តថា បច្ចុប្បន្ន ក្រោយទទួលបានលិខិតអនុញ្ញាតផលិតកម្មពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន Kris Energy កំពុងដេញថ្លៃជ្រើសរើសក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុនខួងអណ្ដូងប្រេងសម្រាប់ធ្វើផលិតកម្ម កប៉ាល់ផលិតកម្ម(បានចុះកុងត្រារួចហើយកាលពី 1ខែមុន) ក្រុមហ៊ុនផ្ដល់នាវាបណ្ដែតផ្ទុក និងផ្ទេរប្រេង ជាដើម។
អគ្គនាយកប្រេងឥន្ធនៈរូបនេះបានអះអាងយ៉ាងដូច្នេះថា៖ “បើតាមផែនការដែលយើងបានប្រជុំក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាលជាមួយក្រុមហ៊ុន Kris Energy គឺនៅចុងឆ្នាំ2019ហ្នឹងគាត់នឹងអាចផលិតតំណក់ប្រេងដំបូងបានហើយអាហ្នឹងផលិតដំបូងអ៊ីចឹងវាតិចៗសិនទេ ដល់ពេលជាលក្ខណៈពាណិជ្ជកម្មតែម្ដង គឺអាចនៅក្នុងឆ្នាំ2020”។
ពាក់ព័ន្ធនឹងការនាំចេញវិញ លោក ជៀប សួរ បានគូសបញ្ជាក់ថា កំពុងស្ថិតក្នុងការពិភាក្សាគ្នានៅឡើយទេ ព្រោះប្រេងដែលបូមបាន គឺជាប្រេងឆៅហើយបើសិនរោងចក្រចម្រាញ់ប្រេងត្រូវបានសាងសង់រួចរាល់ ហើយអ្នកផលិត និងអ្នកចម្រាញ់ឯកភាពគ្នាហើយ គឺយើងអាចនាំប្រេងមកចម្រាញ់នៅរោងចក្រក្នុងស្រុកបាន។ លោកបានបន្តថា “បើចម្រាញ់រួចហើយ ក្រុមហ៊ុនអាចលក់នៅក្នុងស្រុកបាន ក្រុមហ៊ុននឹងលក់ ហើយសល់ប៉ុន្មាន គឺនាំចេញទៅក្រៅប្រទេស”។
លោកបានបញ្ជាក់ថា៖ “ឥឡូវនេះក្រុមហ៊ុនកំពុងធ្វើការជ្រើសរើសក្រុមហ៊ុនផ្តល់នាវាធ្វើលទ្ធកម្ម ហើយគាត់កំពុងជួសជុលកប៉ាល់ដើម្បីត្រៀមមកធ្វើការនៅក្នុងតំបន់ប្លុកAនេះ”។ លោកបន្តថា៖“ការងារទាំងអស់ដែលយើងបានឯកភាពគ្នា គឺក្រុមហ៊ុនកំពុងតែអនុវត្ត ហើយយើងមានការប្រជុំបូកសរុបជាមួយក្រុមហ៊ុនរយៈពេល 6ខែម្តង។ អុីចឹងបានជាយើងអះអាងថា ផែនការនេះ គឺនៅចុងឆ្នាំ2019 យើងនឹងទទួលបានដំណក់ប្រេង”។
ប្រេងនឹងត្រូវបានបូមឡើងពីអណ្តូងប្រេងអប្សរាដែលមានទីតាំងស្ថិតនៅប្លុក A នៃអាងប្រេងរបស់ខ្មែរ និងត្រូវបានគេស្គាល់ថាជាតំបន់ផលិតប្រេងដំបូងគេបង្អស់នៅកម្ពុជា។ គម្រោងនេះអាចត្រូវបានចាត់ទុកថា ជាគម្រោងវិស្វកម្មដ៏ធំបំផុតមួយដែលធ្លាប់ធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលពឹងផ្អែកលើប្រេងដែលបាននាំចូលមកពីបរទេសដើម្បីបំពេញតាមតម្រូវការថាមពល។
យោងតាមរបាយការណ៍ និងផែនការរបស់ក្រុមហ៊ុនរហូតមកដល់ពេលនេះ គម្រោងនេះត្រូវបានគេរំពឹងថានឹងទទួលបានជោគជ័យ។ ក្រុមហ៊ុន Kris Energy បានក្លាយជាដៃគូនៅក្នុងអាជ្ញាប័ណ្ណប្លុកនេះចាប់តាំងពីឆ្នាំ2010 ហើយនៅក្នុងឆ្នាំ2014 ក្រុមហ៊ុននេះបានក្លាយជាអ្នកប្រតិបត្តិការនៅក្នុងតំបន់នេះ។
នៅខែសីហា ឆ្នាំ2017 ក្រុមហ៊ុន Kris Energy និងរដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងដើម្បីចាប់ផ្តើមអភិវឌ្ឍតំបន់អប្សរាក្រោមកិច្ចសន្យា95% និង5% សម្រាប់ភាគហ៊ុន គឺក្រុមហ៊ុន Kris Energy ទទួលបាន95% ឯរដ្ឋាភិបាលទទួលបាន5%។
យោងតាមក្រសួងរ៉ែ និងថាមពល ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យឧស្សាហកម្ម រួមទាំងគម្រោងមួយចំនួនដែលរំពឹងថានឹងត្រូវអនុម័តនៅមុនដំណាច់ឆ្នាំនេះ បច្ចុប្បន្នស្មើនឹង 1.3ពាន់លានដុល្លារដែលធ្វើឱ្យវិស័យនេះក្លាយជាផ្នែកមួយនៃការជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា។
យោងតាមនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល កម្ពុជាបាននាំចូលប្រេងគ្រប់ប្រភេទមកពីបរទេសដែលមានប្រមាណជា 2លានតោនក្នុង1ឆ្នាំ។ កម្ពុជាមានធនធានប្រេងកាតនៅដែនគោកប្រមាណ 19ប្លុក ក្នុងដែនសមុទ្រ 6ប្លុក(A-F) និងតំបន់ត្រួតគ្នារវាងកម្ពុជា-ថៃ 4តំបន់ ។
ក្រុមហ៊ុន Kris Energy គឺជាប្រតិបត្តិករនៅក្នុងប្លុក A របស់កម្ពុជាដែលគ្របដណ្ដប់លើផ្ទៃដីទំហំ 3,083គីឡូម៉ែត្រការ៉េនៃអាងសមុទ្រខ្មែរ ក្នុងជម្រៅទឹកចន្លោះពី50 ទៅ80ម៉ែត្រ។ ដំណាក់កាល 1A នៃការអភិវឌ្ឍអណ្ដូងប្រេងអប្សរា រួមមានផ្លាតហ្វ៉មក្បាលអណ្តូងផលិតកម្ម ដែលបញ្ជាពីចម្ងាយមួយ ទ្រទ្រង់ដល់អណ្តូងបូមប្រេងចំនួន24 ដែលបញ្ជូនសន្ទនីយទៅកាន់នាវាផលិតកម្មមួយ។ ប្រេងឆៅដែលផលិតបាននឹងត្រូវបញ្ជូនតាមបំពង់បង្ហូរប្រេងប្រវែង 1.5គីឡូម៉ែត្រទៅកាន់នាវាបណ្តែត ផ្ទុក និងផ្ទេរប្រេងអចិន្ត្រៃយ៍មួយ។
ក្រុមហ៊ុនបានប្រកាសថា៖ “ខ្លួននឹងអាចទាញយកដំណក់ប្រេងបាន 3ម៉ឺនបារ៉ែលក្នុង1ថ្ងៃ និងមានបំពាក់នូវឋបនភ័ណ្ឌដែលអាចញែកឧស្ម័ន ប្រេង និងទឹកនៅចុងឆ្នាំ2019ខាងមុខនេះនៅដែនសមុទ្ររបស់កម្ពុជា”។
នៅពេលកម្ពុជាក្លាយជាប្រទេសផលិតប្រេងកម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនតាមរយៈចំណូលសារពើពន្ធ មានសន្ដិសុខថាមពល កំណើនឧស្សាហកម្មពាក់ព័ន្ធ ជំរុញកំណើនសេដ្ឋកិច្ច ដែលក្នុងនោះនឹងទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុក បង្កើនផលិតផលក្នុងស្រុកសរុប បង្កើនការងារ ចំណេះដឹង និងបង្កើនចំណូលដល់ប្រជាពលរដ្ឋទៀតផង៕