នៅពេលថ្មីៗនេះ លោកពូ ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត បានបង្ហោះរូបភាពគំនរសំរាម និងសរសេរសារចង់ឱ្យតារាសម្ដែង អ៊ឹម ជីវា បំផុសវីដេអូ Troll អំពីសំរាម នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
សាររបស់លោក ស៊ិន ច័ន្ទសាយ៉ា និយាយថា ៖ « បោស កើបៗមិនឈ្នះសោះ អ្នករើសអេតចាយចេះតែហែកពង្រាយ។ជិតមួយអាទិត្យហើយ មិនឃើញឡានមកយក។ មើលលោកក្មួយប្រុស ស្រី ដែលពូកែ Troll troll បន្តិចមើលរឿងសំរាម។ មានឡានល្អ ស្លៀកពាក់ហ៊ឺហារ ឡូយៗឡើងឆាក សម្ដីក៏បាន តែទ្រាំស្ថិតក្នុងបរិស្ថានស្អុយ ។ មើលtroll នាំគ្នាបង្កើតទិវាអនាម័យ ចាប់អំបោស កើបសម្អាតមើលលោកព្រះ។ ពិសេសលោកក្មួយ អ៊ឹម ជីវា បែបពូកែ troll បំផុសបានមើលទៅ។ សង្ឃឹមលើក្មួយហើយរឿងនេះ។អរគុណ!»។
ក្រោយឃើញការបង្ហោះសារបស់ប្រធាននាយកដ្ឋានភាពយន្តបែបនេះហើយ តារាសម្ដែង អ៊ឹម ជីវ៉ា ឆ្លើយតបភ្លាមៗតែថា៖ «សូមជួយ Share លោកពូមួយផង ក្មួយយល់ន័យបង្កប់ដែលលោកពូនិយាយមកកាន់ក្មួយហើយ អរគុណលោកពូប្រធាននាយកដ្ឋានភាពយន្ត !! ក្មួយនិងជូនតាមសំណូមពរលោកពូស្អែកចេញវិដេអូហើយ តែសូមលោកពូកុំខឹងដូចលោកពូម្នាក់នោះណា គេគ្រាន់តែត្រូលសោះ ខឹងគេ100 អង្សារសេហើយ ចុះទម្រាំគេជះស្រាបៀដាក់មែនទែនមិនដឹងខឹងគេរឿងក្លាយជាធំបែបណាទេ។ ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់ ទស្សនិកជនខ្ញុំនិងថតវីដេអូត្រូលតាមសំណូមពរលោកពូ ហើយលោកពូជួយshare ផង ណាលោកពូ ស៊ិន ច័ន្ទសាយ៉ា ។ ដោយក្តីគោរពអំពីក្មួយ អ៊ឹម ជីវ៉ា»។
សូមជម្រាបរំឭកថា អ៊ឹម ជីវ៉ា បានធ្វើវីដេអូបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ដែងឱ្យឃើញពីទង្វើជះស្រាបៀចំមន្ដ្រី ដែលអ្នកលេងបណ្ដាញសង្គមគេបានគិតថា វីដេអូនោះ ហាក់បីដូចជាសំដៅទៅលើ ឯកឧត្តម ថៃ នរៈសត្យា ខណៈដែលលោកបាននិយាយថា រឿងជះស្រាបៀ គឺជាអង្គហេតុតូចមួយតែប៉ុណ្ណោះ៕