កម្ពុជាត្រូវបានគេមើលឃើញថា កំពុងស្ថិតក្នុងយុគសម័យអចលនទ្រព្យរុងរឿង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ធគ្រប់ស្រទាប់វណ្ណៈ មិនថាតែអ្នកមានជំនាញលើផ្នែកនេះទេ សូម្បីតែប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ ប៉ូលិស ទាហាន គ្រូបង្រៀន គ្រូពេទ្យ ឬអ្នកធ្វើការក្រុមហ៊ុនឯកជននោះទេ គឺសុទ្ធតែអាចរកប្រាក់ពីវិស័យអចលនទ្រព្យបានទាំងអស់ ដោយមិនចាំបាច់ប្រើដើមទុន ហើយមានឱកាសក្លាយជាអ្នកមានក្នុងរយៈពេលខ្លីទៀតផង។
ដើម្បីផ្តល់ជាទុនក្នុងការរកប្រាក់ក្នុងវិស័យអចលនទ្រព្យនេះ អ្នកយកព័ត៌មាននៃកាសែតឡារ៉ែនពាណិជ្ជ បានជួបសម្ភាសផ្ទាល់ជាមួយលោក គង់ តារា ដែលជាគ្រូបណ្តុះបណ្តាល និងជាប្រធានផ្នែកលក់នៃគម្រោងអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ដែលមានសំណួរ និងចម្លើយដូចខាងក្រោម៖
1. តើធ្វើយ៉ាងណាដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យដែលអាចរកប្រាក់កម្រៃបានច្រើន?
ដំបូងបំផុតមុននឹងទទួលគម្រោងលក់ យើងត្រូវសិក្សាពីគម្រោងនីមួយៗទាំងនោះសិនថា តើគម្រោងនេះមានទំហំធំប៉ុនណា? ហើយទីតាំងគម្រោងនោះមានសក្តានុពលល្អក្នុងការទាក់ទាញអតិថិជនឱ្យមកទិញបានច្រើនដែរឬទេ? ជាពិសេសត្រូវសិក្សាអំពីម្ចាស់គម្រោងថា តើគាត់មានការទទួលខុសត្រូវកម្រិតណា និងមានការផ្តល់ជូនប្រាក់កម្រៃជើងសាទៀងទាត់ដែរឬទេ?។
បន្ថែមពីនេះមុននឹងចូលប្រឡូកក្នុងវិស័យនេះ ត្រូវពិចារណាជាមុនសិនថា តើយើងគួរត្រូវចូលរួមជាមួយក្រុមណាដែលយើងគិតថា មានសមត្ថភាពពេញលេញ មានបទពិសោធគ្រប់គ្រាន់ក្នុងការដឹកនាំកូនក្រុម ព្រោះសម្រាប់ប្រធានក្រុមម្នាក់ មិនត្រឹមតែផ្តល់ឱកាសក្នុងការលក់តែមួយមុខប៉ុណ្ណោះទេ តែថ្នាក់ដឹកនាំត្រូវរៀបចំសិក្ខាសាលាបណ្តុះបណ្តាលយើងបន្ថែមទៀត។ បណ្តុះបណ្តាលើវិស័យអចលនទ្រព្យ បណ្តុះបណ្តាលលើជំនាញផ្នែកលក់ ផ្នែកទំនាក់ទំនងអតិថិជន និងជំនាញហិរញ្ញវត្ថុជាដើមហើយត្រូវបណ្តុះបណ្តាល និងហ្វឹកហាត់ជាប់ជាប្រចាំទៀតផង។ ឧទាហរណ៍សាមញ្ញបំផុតគឺ បើចង់ជោគជ័យ ត្រូវដើរតាមអ្នកដែលជោគជ័យ ព្រោះនៅពេលគាត់ទទួលបានលទ្ធផល យើងក៏ទទួលបានលទ្ធផលដូចគ្នា។
2. លោកបានមានប្រសាសន៍ថា ធ្វើការក្នុងវិស័យនេះ មិនចាំបាច់មាននដើមទុនក៏អាចរកប្រាក់ចំណេញត្រឡប់មកវិញបានច្រើនដែរ…តើគេអាចរកប្រាក់បានតាមវិធីបែបណា?
ការពិតទៅសម្រាប់ការងារជាភ្នាក់ងារអចលនទ្រព្យ មិនចាំបាច់មានដើមទុននោះទេ ឱ្យតែគាត់មានឆន្ទៈមុះមុតក្នុងការចាប់យកឱកាសការងារបែបនេះ គាត់នឹងទទួលបានផលកម្រៃត្រឡប់ទៅវិញបានយ៉ាងច្រើនមិនខាន។ ផលតបស្នងទទួលបានត្រឡប់ទៅវិញច្រើនលើសពីប្រាក់ខែរាប់សិបដង ជាក់ស្តែងក្រុមការងារផ្ទាល់របស់ខ្ញុំ ធ្វើការត្រឹមតែរយៈពេល 6ខែប៉ុណ្ណោះក៏អាចរកសល់ប្រាក់សម្រាប់ទិញឡាន ទិញផ្ទះរស់នៅផ្ទាល់ខ្លួនបាន និងមានសមត្ថភាពឱ្យកូនបានចូលរៀនសាលាល្អៗទៀតផង។ ឧទាហរណ៍ សម្រាប់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ប្រាក់ខែរបស់គាត់ទទួលបានចន្លោះពី200 ទៅ300ដុល្លារប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការងារប្រភេទនេះ អ្នកខ្លះអាចរកប្រាក់បានខ្ទង់ពាន់ និងខ្ទង់ម៉ឺនក៏មានដែរក្នុងមួយខែ។ នេះមិនមែនលើកឡើងតែតាមទ្រឹស្តីនោះទេ គឺជាក់ស្តែងអ្នកខ្លះ ប្រវត្តិគាត់ធ្លាប់ធ្វើការងារផ្នែកសន្តិសុខ កម្មករសំណង់ ប្រាក់ខែជាង100ដុល្លារ ពេលមកចូលរួមធ្វើជាភ្នាក់ងារលក់អចលនទ្រព្យ អាចរកប្រាក់បានខ្ទង់ម៉ឺនអស់ទៅហើយ។ ដើមឡើយពួកគាត់មិនហ៊ានបោះបង់ការងារចាស់នោះទេ តែនៅពេលចេញទៅធ្វើការផ្នែកនេះបានមួយខែ ឬពីរខែ គាត់សម្រេចចិត្តបោះបង់ការងារចាស់ចោលតែម្តង ដោយសារប្រាក់កម្រៃដែលទទួលបានត្រឡប់មកវិញវាច្រើន ដែលគាត់មិនធ្លាប់គិតដល់ និងអាចសម្រេចគោលដៅរបស់ខ្លួនសម្រាប់ថ្ងៃអនាគតបាន។
3. ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យម្នាក់ តើគេត្រូវប្រកាន់ឥរិយាបថដូចម្តេចដើម្បីផ្តល់ទំនុកចិត្តខ្ពស់ទៅដល់អតិថិជន?
ធ្វើការជាភ្នាក់ងារអចលនទ្រព្យលក់ដីឡូត៍ លក់ផ្ទះល្វែង ឬខុនដូ មិនមែនដូចលក់ទំនិញនៅផ្សារនោះទេ ពោលគឺអតិថិជនត្រូវចំណាយលុយច្រើនក្នុងការទិញទំនិញប្រភេទនេះ ដូច្នេះគាត់ត្រូវតែគិតពិចារណាខ្ពស់ទៅលើផលិតផល ក៏ដូចជាមានទំនុកចិត្តមកលើអ្នកលក់។ សម្រាប់ការងារប្រភេទនេះ តម្រូវឱ្យភ្នាក់ងារលក់ធ្វើការគោរពទៅតាមវិជ្ជាជីវៈជាដាច់ខាត ត្រូវចេះមើលអតិថិជនថា តើគាត់មានទំហំទឹកប្រាក់ទិញកម្រិតណា ដើម្បីដាក់ផលិតផលយើងទៅឱ្យចំតម្រូវការជាក់ស្តែងដែលអាចគាត់ទទួលយកបាន ពិសេសផ្តល់ជម្រើសទៅតាមលទ្ធភាពដែលគាត់មាន។ ឧទាហរណ៍ថា បើគាត់មានប្រាក់ 2ម៉ឺនដុល្លារ តើគាត់គួរវិនិយោគទៅលើអ្វី? គួរទិញដី? ទិញផ្ទះ ឬទិញខុនដូ? ហើយយើងត្រូវប្រាប់គាត់ថាបើចង់ទិញយកចំណេញត្រឡប់មកវិញលឿន គួរតែទិញអចលនទ្រព្យប្រភេទណាមួយ។ នៅពេលទិញហើយ តើគាត់ត្រូវរើសយកជម្រើសនៃការបង់ប្រាក់ប្រភេទណា? បង់រំលស់គ្មានការប្រាក់? បង់រំលស់ជាមួយធនាគារ ឬបង់ផ្តាច់តែម្តង? ចៀសវាងការទិញហើយជួបហានិភ័យធ្វើឱ្យជូបការលំបាកក្នុងជីវភាព ជាពិសេសពេលមានតម្រូវការលក់ យើងត្រូវរកគ្រប់មធ្យោបាយដើម្បីលក់ចេញជាបន្ទាន់ឱ្យគាត់វិញ។
4. កត្តាអ្វីខ្លះដែលភ្នាក់ងារអចលនទ្រព្យត្រូវដឹង មុនចេញលក់គម្រោងអចលនទ្រព្យណាមួយ?
អ្វីដែលសំខាន់ ភ្នាក់ងារលក់ត្រូវតែយល់ឱ្យច្បាស់ពីផលិតផលរបស់ខ្លួន និងអតិថិជនគោលដៅជាពិសេសវិធីសាស្ត្រក្នុងការនិយាយ ក្នុងការចរចា ឬភាពបត់បែន។ នៅពេលដែលអតិថិជនចាប់អារម្មណ៍មកលើគម្រោងយើងហើយ តែគាត់មានលក្ខខណ្ឌដែលតម្រូវឱ្យយើងត្រូវដោះស្រាយជាបន្ទាន់ ដែលក្នុងករណីនេះយើងត្រូវសុំប្រឹក្សាយោបល់ពីថ្នាក់ដឹកនាំគម្រោងជាបន្ទាន់ផងដែរ។ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ត្រូវមានការតាំងចិត្តខ្ពស់ ចេះទទួលយកការបដិសេធរបស់អតិថិជន ព្រោះថា អតិថិជនមិនមែនមកមួយ ទិញមួយទេ ហើយក៏មិនសូវសម្រេចចិត្តទិញភ្លាមៗដែរ។ តាមបទពិសោធអតិថិជនភាគច្រើន ពេលមកដល់គាត់តែងពេញចិត្តគម្រោងនោះទៅលើសោភណភាព គុណភាព និងតម្លៃជាដើម តែយ៉ាងណាក៏ដោយអតិថិជនមួយចំនួនតែងសុំពេលគិតជាមួយក្រុមគ្រួសារជាមុនសិន មុននឹងសម្រេចចិត្តទិញ។
5. តើទៅថ្ងៃអនាគតក្នុងរយៈពេល 5ឆ្នាំខាងមុខ តើការងារប្រភេទនេះនឹងត្រូវបាត់បង់ លែងមានឱកាសរកប្រាក់បាន ឬនៅតែរកបានបន្តទៀត?
ខ្ញុំជឿថាការងារក្នុងវិស័យអចលនទ្រព្យមិនសាបសូន្យទេ អចលនទ្រព្យនៅប្រទេសណាក៏នៅតែមានឱកាស ទោះជាប្រទេសនោះអភិវឌ្ឍដល់ចំណុចកំពូលក៏ដោយ ក៏ភ្នាក់ងារលក់នៅប្រទេសនោះនៅតែមានឱកាសរកប្រាក់ចំណេញបានច្រើនដដែល។ ងាកមកប្រទេសកម្ពុជា វិស័យអចលនទ្រព្យនៅក្មេងខ្ចីនៅឡើយ ការកសាងសំណង់អគារខ្ពស់ៗនៅមានកម្រិតនៅឡើយ ដូច្នេះយើងនៅមានឱកាសច្រើនឆ្នាំទៀត ទោះអំឡុងពេលខាងមុខអចលនទ្រព្យឡើងថ្លៃជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានតម្រូវការទិញដែរ ព្រោះចំណូលប្រជាពលរដ្ឋក៏កាន់តែប្រសើរឡើងជាលំដាប់ផងដែរ។
6. តើលោកអាចផ្តល់អនុសាសន៍ផ្ទាល់ខ្លួនបានទេថា ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ត្រូវមានផ្នត់គំនិតដូចម្តេច ដើម្បីឱ្យការងារកាន់តែរីកចម្រើនទៅមុខជានិច្ច?
ភ្នាក់ងារអចលនទ្រព្យមិនត្រូវភ្លេចអភិវឌ្ឍខ្លួនឯងទេ ទោះជាយើងកំពុងធ្វើជោគជ័យក៏ដោយ ប៉ុន្តែស្ថានភាពអចលនទ្រព្យចេះតែមានការវិវឌ្ឍផ្លាស់ប្តូរទៅមុខជានិច្ចពីមួយថ្ងៃទៅមួយថ្ងៃ ការប្រកួតប្រជែងក៏មានការផ្លាស់ប្តូរ ឥរិយាបថនៃការទិញរបស់អតិថិជនក៏មានការផ្លាស់ប្តូរ ដូច្នេះតម្រូវឱ្យភ្នាក់ងារអ្នកលក់មានភាពប៉ិនប្រសប់ មានជំនាញកាន់តែខ្លាំងឡើងៗដូចគ្នា។ ដូច្នេះសម្រាប់ខ្លួនខ្ញុំផ្ទាល់តែងទៅរៀននៅក្រៅប្រទេសដើម្បីយកចំណេះ-ដឹងមកបណ្តុះបណ្តាលបន្តដល់កូនក្រុម ឱ្យគាត់មានចំណេះដឹងកាន់តែទូលំទូលាយខ្លាំងឡើងៗ ដើរតាមឱ្យទាន់ការអភិវឌ្ឍទីផ្សារផ្នែកនេះ៕