លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានបញ្ជាក់ថា ក្រុម Liverpool អាចសម្រេចបាននូវសមិទ្ធផលនៃការមិនស្គាល់ចាញ់សោះដូចក្រុមកាំភ្លើងធំ ប៉ុន្តែ លោក Jurgen Klopp គ្រូបង្វឹកនៃក្រុមហង្សក្រហម បានប្រាប់ឲ្យក្រុមមិនស្គាល់ចាញ់ក្នុងក្របខ័ណ្ឌ Premier League របស់លោក ឲ្យរំពឹងទុកពីការប្រកួតដ៏ស្វិតស្វាញនៅកីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍។
ក្រុម Arsenal របស់លោក Arsene Wenger មិនស្គាល់ចាញ់សោះ ខណៈដែលពួកគេបានឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលឆ្នាំ២០០៣-២០០៤ ហើយលោក Emery ជឿជាក់ថា Liverpool អាចសម្រេចបាននូវសមិទ្ធផលដូចគ្នានេះ។
Liverpool កំពុងនាំមុខ៦ពិន្ទុដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុមម្ចាស់ជើងឯក Manchester City បានដេញពីក្រោយកាន់តែក្រោយ ក្រោយពីចាញ់២ប្រកួតជាប់ៗគ្នា។ នៅពេលដែលត្រូវបានចោទសួរថា Liverpool អាចតាមស្មើកំណត់ត្រាមិនស្គាល់ចាញ់របស់លោក Wenger តាមរយៈការបញ្ចប់រដូវកាលទាំងមូលនេះដោយការមិនស្គាល់ចាញ់សោះ លោក Emery បានឆ្លើយថា៖ «នៅពេលនេះ ពួកគេកំពុងតែធ្វើវា ហើយពួកគេអាចធ្វើបាន។ ពួកគេអាចធ្វើបាន ពីព្រោះពួកគេកំពុងតែធ្វើនៅពេលនេះ»។ ប៉ុន្តែ ទោះបីជាយ៉ាងណា Arsenal គឺជាក្រុមចុងក្រោយគេក្នុងការដណ្តើមបានពិន្ទុពីក្រុម Liverpool ក្នុងក្របខ័ណ្ឌលីក តាមរយៈការដណ្តើមបានលទ្ធផលស្មើ ១-១ នៅលើទឹកដីនៃកីឡដ្ឋាន Emirates នាថ្ងៃទី៣ ខែវិច្ឆិកា ដែលជាលទ្ធផលស្មើ១ក្នុងចំណោមលទ្ធផលស្មើទាំង៣របស់ Liverpool ក្នុងការប្រកួតលីកចំនួន១៩លើកមកទល់ពេលនេះ។
ប៉ុន្តែ លោក Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានឆ្លើយតបទៅនឹងការបកស្រាយរបស់គ្រូបង្វឹកនៃក្រុម Arsenal ថា៖ «តើវាជាសំណួរសម្រាប់លោក Unai Emery ដែលសួរថា តើអ្នកគិតថា Liverpool អាចរក្សាការមិនស្គាល់ចាញ់សោះបានទេ? តើជាជាចំណួរធម្មតាមួយមែនទេ? ខ្ញុំគិតថា ទង់ជ័យស នឹងមិនត្រូវបានលើកឡើងឡើយ»៕
ប្រភពពី៖ Channel News Asia