មិនសរសេរមិនបានមែន ដោយសារតែក្រុមតារាសម្ដែងមួយក្រុមដែលមានឈ្មោះថាក្រុមតារាមហាហង្ស អាចដណ្ដើមយកពានកិត្តិយសពីការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព ជាមួយក្រុមសិក្ខាកាមរបស់សាលារាជបណ្ឌិត្យសភានគរបាលជាតិបាន ខណៈដែលក្រុមមួយនេះត្រូវបានគេស្គាល់ថា ជាក្រុមខ្លាំងមួយនាពេលកន្លងមក។ តារាដែលបានបង្ហាញខ្លួនចូលប្រកួតរួមមាន តារាសម្ដែងលោក ត្រាយ៉ាកូ, លោកភឹម តារាវិបុល, លោកហូ ប៉ូសេង ឬហូ នរមង្គល, តារាសម្ដែងលោកតុលា, លោកយុទ្ធ ឋានៈ, តារាសម្ដែងលោកវត្ថា, លោកចាន់ រតនា និងក្រុមការងាររបស់មហាហង្សច្រើនរូបទៀត។
ជាទូទៅយើងបានដឹងហើយថា ក្រុមតារាមហាហង្ស ក្រៅពីថតសម្តែងក៏មានសមត្ថភាពក្នុងការលេងប្រកួតបាលទាត់តាមស្ថាប័ននានា រហូតក្លាយជាអ្នកប្រកួតបាល់ដ៏ឆ្នើមធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលដោយមិននឹកថា ក្រៅពីលើកស្ទួយវិស័យភាពយន្តក៏គិតគូខាងវិស័យកីឡាខ្លាំងណាស់ដែរ។ វត្តមានប្រកួតគ្នានៅក្នុងថ្ងៃនោះ ត្រូវឃើញធ្វើឡើងយ៉ាងស្វិតស្វាញបំផុត ដោយលទ្ធផលចុងក្រោយក៏មិនបានឈ្នះចាញ់នោះដែរក្នុងរយៈពេល90នាទី តែក្រុមតារាមហាហង្សអាចដណ្ដើមយកពាននោះបាន ដោយលទ្ធផលស៊ុតប៉េណាំងទី។
ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី27 ខែធ្នូ នៅលើទីលានរាជបណ្ឌិត្យសភានគរបាលជាតិនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមទាំងពីរសុទ្ធតែមានជំនឿចិត្តថានឹងឈ្នះរៀងខ្លួន ហើយដើម្បីឱ្យការប្រកួតកាន់តែមានតម្លៃជាងការប្រកួតមិត្តភាព ក៏ត្រូវថ្នាក់ដឹកនាំរបស់សាលាបណ្ឌិត្យសភានគរបាលជាតិនៅដីឥដ្ឋ ហួសគៀនស្វាយ សម្រេចធ្វើពានកិត្តិយស ប្រគល់ជូនអ្នកឈ្នះ។ រយៈពេល90នាទី ក្រុមទាំង2បានត្រឹម1ស្មើប៉ុណ្ណោះ ទើបត្រូវកាត់ក្ដីដោយបើកឱកាសឱ្យកីឡាកររបស់ក្រុមម្ខាងៗស៊ុតប៉េណាំងទី ហើយក្រុមរបស់តារាមហាហង្សស៊ុតចូលទាំង5គ្រាប់ ខណៈដែលក្រុមសិក្ខាកាមនគរបាលជាតិរបស់សាលាបណ្ឌិត្យសភានគរបាលជាតិ ស៊ុតចូលតែ4គ្រាប់ទាំងសោកស្ដាយ។
លោក អ៊ិន សុភិន មេក្រុមតារាមហាហង្សបានថ្លែងក្រោយលើកពានថា តាំងពីបានប្រមូលតារាឱ្យក្លាយជាក្រុមបាល់ទាត់ ជាលើកទី1ដែលក្រុមរបស់លោកទទួលបានពានកិត្តិយស ដោយពានដែលទទួលបាននេះ ក៏ចេញដោយស្ថាប័នជាតិមួយដែលមិនមានជាពានធម្មតា។ លោកថានេះជាលទ្ធផលបន្ទាប់ពីក្រុមតារាមហាហង្សត្រូវបានបង្កើតឡើង ស្របគ្នាដែលកន្លងមកក៏ដ្បិតថាបានទទួលជ័យជម្នះលើក្រុមផ្សេងៗ តែក៏បានត្រឹមតែកិត្តិយសធម្មតាៗ ដោយមិនមានពានជាសម្គាល់បែបនេះ។ លោកថានេះជាលទ្ធផលដែលបានពីកម្លាំងសាមគ្គី តែលោកក៏សរសើរចំពោះក្រុមម្ខាងទៀត និងបានចាត់ទុកថាលទ្ធផលឈ្នះដោយប៉េណាំងទីនៅក្នុងថ្ងៃនោះ កើតឡើងពីរឿងសំណាងផងដែរ៕