ក្រុមហ៊ុន Vtrust Appraisal បានរកឃើញតាមរយៈការសិក្សាថ្មីមួយ និងបានព្យាករថា ចំនួនអាផាតមិននៅកម្ពុជាបច្ចុប្បន្នដែលមានចំនួន 9,021យូនិតនេះ នឹងកើនឡើងលើសទ្វេដងនៅត្រឹមឆ្នាំ2030ខាងមុខ។
លទ្ធផលការសិក្សាស្រាវជ្រាវដែលបានបង្ហាញដោយក្រុមហ៊ុន Vtrust Appraisal នៅសណ្ឋាគារ Raffle Le Royal បានឱ្យដឹងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានអាផាតមិនចំនួន 355គម្រោង ស្មើនឹង 9,025យូនិត។ ការព្យាកររបស់ក្រុមហ៊ុននេះបានឱ្យដឹងថា នៅត្រឹមឆ្នាំ2030 ចំនួនអាផាតមិននឹងកើនដល់ 28,000យូនិត ជាការកើនឡើងក្នុងសេណារីយោធម្មតាបើពិនិត្យមើលពីចំនួនប្រជាសាស្ត្រ និងការផ្គត់ផ្គង់បច្ចុប្បន្ន។
នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal លោក ហ៊ឹម សីហា បានមានប្រសាសន៍ក្នុងរបាយការណ៍ព័ត៌មានដែលបានចែកចាយដល់បណ្តាញសារព័ត៌មានថា ការផ្គត់ផ្គង់អាផាតមិនមានកំណើន 10%ប្រចាំឆ្នាំ ឬស្មើនឹង 1,580យូនិតប្រចាំឆ្នាំ ចាប់ពីបច្ចុប្បន្នរហូតដល់ឆ្នាំ2030។
ស្របទៅនឹងការសិក្សានេះគេបានរកឃើញថាខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌ7មករា និងខណ្ឌដូនពេញដែលមានចំនួនអាផាតមិនច្រើនជាងគេ។ ខណ្ឌចំការមន មានចំនួនអាផាតមិនច្រើនជាងគេរហូតដល់ 230គម្រោង ស្មើនឹង 5,820យូនិត និងគ្របដណ្តប់ 64%នៃចំណែកផ្គត់ផ្គង់ទីផ្សារទាំងមូល។ ខណ្ឌជាប់លំដាប់ទី2 គឺខណ្ឌទួលគោក ដែលអាផាតមិននៅក្នុងខណ្ឌនេះគ្របដណ្តប់បាន16%នៃចំណែកទីផ្សារទាំងមូល ចំណែកខណ្ឌ7មករា និងខណ្ឌដូនពេញ មានអាផាតមិនចំនួន635 និង590យូនិតរួមគ្នា។
របាយការណ៍សិក្សាខាងលើបានឱ្យដឹងទៀតថា នៅក្នុងដំណាច់ត្រីមាសទី4នេះ អាផាតមិនចំនួន7,600យូនិតត្រូវបានជួល ដែលស្មើនឹងអត្រាគ្របដណ្តប់ការប្រើប្រាស់សរុប84% នៅទូទាំងរាជធានីភ្នំពេញ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមអាផាតមិនទាំងនោះ បន្ទប់អាផាតមិន1បន្ទប់គេងមានការផ្គត់ផ្គង់ច្រើនជាងគេក្នុងទីផ្សារ ស្មើនឹង 55%នៃចំនួនបន្ទប់អាផាតមិនសរុប និងអាផាតមិន 2បន្ទប់គេង ស្មើនឹង 34%នៃចំណែកទីផ្សារសរុប។
ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានមានប្រសាសន៍ប្រាប់ឡារ៉ែនពាណិជ្ជថា លោកមិនបានដឹងស៊ីជម្រៅលើបញ្ហានៃការកើនឡើងនៃចំនួនយូនីតអាផាតមិនទេ តែយើងមើលឃើញការកើនឡើងនូវអគារសំណង់កម្ពស់ចាប់ពី 9ជាន់ ដល់55ជាន់ឡើងទៅមានច្រើនហើយយើងក៏សង្កេតឃើញដែរថា ពី1ឆ្នាំ ទៅ1ឆ្នាំ អគារ អាផាតមិនខ្ពស់ៗបានកើនឡើងជិតទ្វេដងដែរ។ ពោលគឺតម្រូវការទីផ្សារអាផាតមិននាពេលបច្ចុប្បន្ននេះ ពិតជាកំពុងមានសម្ទុះខ្លាំងប្រាកដមែន។
លោកឧកញ៉ាយល់ស្របទៅនឹងរបាយការណ៍ខាងលើ ដោយលោកបានលើកឡើងថា របាយការណ៍នេះមិនបានវាយតម្លៃលើការកើនឡើងខ្ពស់ពេកទេ តែបើធៀបជាមួយស្ថានភាពបច្ចុប្បន្ន រួមជាមួយនឹងកំណើនសេដ្ឋកិច្ចដែលមាននិរន្តរភាព គួបជាមួយគោលនយោបាយដ៏ល្អប្រសើរ ភាពទាក់ទាញការវិនិយោគក្រៅប្រទេសក៏ច្រើន ការបណ្តាក់ទុនក្នុងស្រុកក៏ច្រើននោះ យើងឃើញថា ក្នុងវិស័យអចលនទ្រព្យយើងនេះមានការអភិវឌ្ឍស្ទើរគ្រប់ផ្នែក។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា បើតាមការសង្កេតឃើញជាក់ស្ដែង អាផាតមិនដែលកំពុងមានតម្រូវការក្នុងរាជធានីភ្នំពេញ គឺភាគច្រើនៗស្ថិតនៅក្នុងខណ្ឌចំនួន4 ដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌ7មករា។ ដោយឡែកចំពោះអាផាតមិនដែលស្ថិតនៅក្នុងខណ្ឌចំការមន ជាពិសេសម្ដុំទួលទំពូងតែម្ដង ត្រូវបានគេកត់សម្គាល់ឃើញថា ក្រៅពីមានតម្រូវការជួលស្នាក់នៅច្រើនហើយ តម្លៃក៏ខ្ពស់គួរសមដែរ។
លោកឧកញ៉ា នួន រិទ្ធីបានបន្តថា ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ យើងនៅមានចំណុចខ្វះខាត យើងទទួលស្គាល់ថា ទាក់ទងនឹងការកែប្រែតំបន់មួយចំនួនពីតំបន់លំនៅឋានឱ្យទៅជាតំបន់ពាណិជ្ជកម្ម ពីតំបន់វាលរហោស្ថាន ឱ្យទៅជាតំបន់ឧស្សាហកម្ម តំបន់លំនៅឋាន ឬពាណិជ្ជកម្មពិតជាមានការកើនឡើងលឿនជាងការគ្រោងទុករបស់រាជរដ្ឋាភិបាលទៅទៀត ដោយសារតែការអភិវឌ្ឍ និងការបណ្តាក់ទុនមានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យយើងក្នុងនាមជាអ្នកផ្គត់ផ្គង់សម្ភារនិងហេដ្ឋារចនាសម្ព័ន្ធ ដូចជាទឹក ភ្លើងជាដើមស្ទើរតែមិនបានរៀបចំទាន់ពេលវេលាផងនៅតំបន់ខ្លះ៕