នៅរសៀលម៉ោង4 ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2018 នេះ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស បានធ្វើសន្និសីទកាសែត ជុំវិញករណីបុរសគប់ជះស្រាបៀ រួចគប់កំប៉ុងស្រាបៀ និងប្រមាថលើរូបនាង ខណៈដែលកំពុងឈរច្រៀងលើឆាកតូចមួយ ក្នុងហាងផឹកស៊ី « សមុទ្រ » នៅម្ដុំទួលគោក កាលពីរាត្រីថ្ងៃទី 25 ខែធ្នូ នេះ ដែលបានបង្កឱ្យមានភាពភ្ញាក់ផ្អើល។
មេធាវីរបស់កញ្ញា ទេព បូព្រឹក្ស បានបង្ហាញកិច្ចព្រមព្រៀងដើម្បីបញ្ចប់វិវាតរវាង លោក ឆេង រស្មី និង ម្ចាស់ហាង ក៏ដូចជាបងស្រីដែលបានឡើងលើឆាក ហើយទះកំផ្លៀងអ្នករាំរបស់ទេព បូព្រឹក្ស ដោយព្រមព្រៀងថា៖
1-យល់ព្រមទទួលស្គាល់កំហុស ដោយសុំទោសជាសាធារណៈ ដើម្បីសាក្ខីភាពជូនកញ្ញា ទេព បូព្រឹក្ស។
2- សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 1ម៉ឺនដុល្លារ។
3- ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។
លោក ឆេង រស្មី បានអះអាងថា លោកចូលរួមសោកស្ដាយ និងសុំទោសកញ្ញា ទេព បូព្រឹក្ស ដោយសារនៅថ្ងៃកើតហេតុនោះ លោកពុំបានដឹងថា កញ្ញាមកច្រៀង និងវេលាម៉ោងប៉ុន្មាននោះទេ។ លោកថា លោកបានផឹកគ្រឿងស្រវឹងច្រើន រហូតដល់ថ្នាក់មិនបានចាំរឿងរ៉ាវដែលកើតឡើង និងមិនបានចាំថា អ្នកចម្រៀងនោះ ជាកញ្ញា ទេព បូព្រឹក្សនោះទេ។ លោកថា លោកមិនធ្លាប់បានធ្វើរឿងបែបនេះ កន្លងមកពីមុននោះទេ។ លោកនៅតែអះអាងថា លោកមកចូលរួមនៅក្នុងហាងនោះ ក្នុងនាមជាភ្ញៀវរបស់ហាង តែលោកមិនបានចាំរឿងរ៉ាវដែលនៅក្នុងហាង រហូតដល់ឈានដល់ការជះស្រាបៀលើកញ្ញា ទេព បូព្រឹក្ស។
ចំណែកពាក់ព័ន្ធជាមួយវីដេអូនៅក្នុងកាមេរ៉ាក្នុងហាងនោះ ម្ចាស់ហាង បានប្រាប់អ្នកសារព័ត៌មានថា ដោយសារតែ កាមេរ៉ា មិនអាចថតវីដេអូបាន ក៏ព្រោះតែ Hard Disk ( អង្គចងចាំ ) ពេញ ដែលធ្វើឱ្យមិនអាចថតយកវីដេអូក្នុងថ្ងៃកើតហេតុបាន ។
ទេព បូព្រឹក្ស បញ្ចាក់ថា នាងព្រមទទួលកិច្ចព្រមព្រៀងនេះ និងចំពោះសំណង1ម៉ឺនដុល្លារអាមេរិក កញ្ញាបានបញ្ជាក់ថា នឹងយកទៅបរិច្ចាគឱ្យទៅគន្ធបុប្ផា កុមារកំព្រាជាដើម និងសិល្បករចាស់ជរាកំពុងសម្រាកព្យាបាលជំងឺ៕