សហគមន៍អឺរ៉ុបជាទីផ្សារធំ និងសំខាន់ជាងគេបំផុតសម្រាប់ទទួលយកទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ(EBA)ពីកម្ពុជាដែលជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសបានចូលរួមចំណែកផ្តល់ការងារដល់ពលរដ្ឋខ្មែរជិត 1លាននាក់ និងជួយឱ្យកម្រិតជីវភាពពលរដ្ឋខ្មែរមានភាពល្អប្រសើរឡើងជាលំដាប់ផងដែរ។
ឯកឧត្តម ពេជ ឫទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីអនុគ្រោះពន្ធ “អ្វីៗទាំងអស់លើកលែងអាវុធ (EBA)” ដែលផ្តល់ដោយសហភាពអឺរ៉ុប តាំងពីឆ្នាំ2001មកនោះ គឺបានរួមចំណែកអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងធ្វើពិពិធកម្មឱកាសការងារជូនប្រជាជនជាង 7សែននាក់ដែលភាគច្រើនជាស្ត្រីមកពីតំបន់ជនបទ។
ករណីនេះ ឯកឧត្តមបានស្នើដល់អ្នកវិនិយោគ ផលិតករ ពាណិជ្ជករ និងអ្នកនាំចេញទំនិញទៅទីផ្សារអឺរ៉ុបទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗទាក់ទងនឹងនីតិវិធីចុះឈ្មោះតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter REX) សម្រាប់ទីផ្សារសហភាពអឺរ៉ុប ដោយហេតុថា ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2019ទៅ អ្នកនាំចេញទាំងអស់នឹងតម្រូវឱ្យធ្វើការចុះឈ្មោះជាមួយប្រព័ន្ធថ្មីនេះទើបមានសិទ្ធិនាំចេញទំនិញទៅកាន់សហភាពអឺរ៉ុប។
ឯកឧត្តមបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុបកាលពីឆ្នាំ2017 មានទឹកប្រាក់សរុប 4.343លានដុល្លារអាមេរិក គឺបានកើនឡើង 10.22% បើធៀបនឹងឆ្នាំ2016 ដែលមានទឹកប្រាក់សរុបត្រឹមតែ 3.941លានដុល្លារអាមេរិកប៉ុណ្ណោះ។
លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ថា អានសា (ANSA) បានមានប្រសាសន៍គាំទ្រចំពោះការបើកចំហទទួលយកទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីកម្ពុជារបស់សហគមន៍អឺរ៉ុប។ លោកថា ការទទួលយកទំនិញពីកម្ពុជានេះ បានចូលរួមចំណែកសំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ មិនមែនតែលើវិស័យកាត់ដេរ វិស័យមីក្រូហិរញ្ញវត្ថុ ឬវិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ហើយក៏មិនមែនផ្តល់ប្រយោជន៍ផ្ទាល់ចំពោះតែកម្មករ-កម្មការិនីនោះដែរ តែវាបានរួមចំណែកដោយប្រយោលជាប្រព័ន្ធ ដូចជាជួយដល់អ្នកផ្គត់ផ្គង់បន្ទប់ស្នាក់នៅ ជួយដល់អ្នកលក់ដូរទំនិញគ្រប់ប្រភេទនៅលើទីផ្សារ ជួយដល់អ្នកប្រកបរបរដឹកកម្មករ និងជួយឱ្យដីធ្លីឡើងថ្លៃ មានន័យថា រោងចក្រទៅដល់ទីណាដីធ្លីនៅទីនោះឡើងខ្លាំងភ្លាម។
ដើម្បីទទួលបានអត្ថប្រយោជន៍ទៅថ្ងៃអនាគត លោកស្នើដល់រដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាបន្ទន់ឥរិយាបថក្នុងការដោះស្រាយជាមួយគណៈកម្មការសហគមន៍អឺរ៉ុបបន្តទៀត ព្រោះថា មកទល់ដំណាក់កាលនេះ ការបន្ត ឬព្យួរ(EBA) គឺស្ថិតនៅក្នុងកណ្តាប់ដៃរដ្ឋាភិបាលកម្ពុជា ហើយបើនៅបន្ត មានន័យថាកម្ពុជានៅតែរីកចម្រើនទៅមុខជាលំដាប់ ប៉ុន្តែបើសិនជាមានការព្យួរ (EBA) សេដ្ឋកិច្ចកម្ពុជាអាចនឹងមានការប្រែប្រួល។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចមានប្រសាសន៍ថា កម្ពុជាគួររកវិធីសាស្ត្រដោះស្រាយដោយឈរលើគោលនយោបាយឈ្នះៗ ឈ្នះទាំងពាណិជ្ជករអ្នកនាំចេញ ឈ្នះទាំងភាគីរដ្ឋាភិបាលក្នុងទទួលបានការអនុគ្រោះពន្ធបន្តពីសហគមន៍អឺរ៉ុបបន្តទៅឆ្នាំក្រោយៗទៀត។ ជាមួយគ្នានេះលោកចង់ឱ្យរដ្ឋាភិបាលត្រៀមខ្លួនមុនពេលមានការផ្តាច់(EBA) តាមរយៈការធ្វើពិពិធកម្មបង្វែទិសក្នុងការអភិវឌ្ឍលើវិស័យមួយចំនួនទៀតដែលមានសក្តានុពលនៅកម្ពុជា ពិសេសកែលម្អវិស័យទេសចរណ៍ កែច្នៃតំបន់ទេសចរណ៍ដែលមានស្រាប់ដើម្បីទាក់ទាញអ្នកទេសចរចូលមកទស្សនាឱ្យកាន់តែច្រើនឡើង ចំណែកវិស័យកសិកម្មក៏ត្រូវការការកែលម្អជាចាំបាច់ដែរ ជាពិសេសរៀបចំប្រព័ន្ធធារាសាស្ត្រដែលអនុគ្រោះដល់ការធ្វើដំណាំរបស់ប្រជាពលរដ្ឋបានច្រើនរដូវ ហើយគួរមានការផ្លាស់ប្តូរពីការនាំចេញផលិតផលសម្រេចមកធ្វើការកែច្នៃផលិតផលកសិកម្មទៅជាទំនិញសម្រាប់ដាក់លក់នៅលើទីផ្សារក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស និងជាពិសេស អភិវឌ្ឍធនធានមនុស្សឱ្យកាន់តែខ្លាំងឡើងដើម្បីចូលរួមអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបានឆាប់រហ័ស។
គួរតែបញ្ជាក់ដែរថា សហភាពអឺរ៉ុប តែងតែធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅជារៀងរាល់ 2ឆ្នាំម្តង ដើម្បីពង្រឹងតួនាទីរបស់សភាអឺរ៉ុបលើកិច្ចការនយោបាយ និងពាណិជ្ជកម្ម ដោយជំរុញបន្ថែមនូវគោលការណ៍គន្លឹះសំខាន់ៗសំដៅធានានិរន្តរភាពនៃការអភិវឌ្ឍ និងអភិបាលកិច្ចល្អ។ ក្នុងន័យនេះប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX) ត្រូវបានកំណត់នៅក្នុងបញ្ញត្តិប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុបលេខ244/2015 ចុះថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2015 ដើម្បីសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយនីតិវិធីស្មុគស្មាញសម្រាប់ការនាំចេញទំនិញទៅសហភាពអឺរ៉ុប៕