បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជាដូចជាផ្លូវជាតិសំខាន់ៗ ស្ពានថ្នល់ ផ្លូវរថភ្លើងជាដើមភាគច្រើនជាជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដែលរឿងនេះត្រូវបានគេសួរថា តើកត្តាអ្វីខ្លះ បានជាចិនផ្តល់ជំនួយដល់កម្ពុជាច្រើនដូច្នេះ?
តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រហូតមកទល់ពាក់កណ្តាលខែធ្នូ ឆ្នាំ2018នេះ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមានចំនួន 5,800លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះឥណទានសម្បទានមានចំនួនសរុប 4,400លានដុល្លារអាមេរិក និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ 1,400លានដុល្លារអាមេរិក។
កម្ចីនេះបានផ្តល់ជាបន្តបន្ទាប់ក្នុងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា និងវិស័យមួយចំនួនទៀត ឧទាហរណ៍ដូចជា កាលពីសប្តាហ៍មុននេះឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយលោក Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចព្រមព្រៀងទាំង2នេះរួមមាន 1.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសដែលមានហិរញ្ញប្បទាន 200លានយន់។ ថវិកាហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់អនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជន និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង2.កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីឥណទានសម្បទានជាប្រាក់យន់ចិនសម្រាប់អភិវឌ្ឍន៍អាងទឹករក្សាក្នុងខេត្តព្រះវិហារដែលមានទឹកប្រាក់ឥណទានចំនួន 622លានយន់។
ពាក់ព័ន្ធករណីនេះ លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចសង្គមបានមានប្រសាសន៍ថា ធម្មតាទេ ប្រទេសដែលកំពុងអភិវឌ្ឍន៍ តែងត្រូវការប្រើប្រាស់កម្ចីសម្រាប់យកមកកសាងប្រទេស សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីឱ្យប្រទេសមានការ-រីកចម្រើនទៅមុខឆាប់រហ័ស តែយ៉ាងណាសូមឱ្យការប្រើប្រាស់កម្ចីទាំងនោះប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិទាំងមូល ហើយមុនប្រើប្រាស់កម្ចីត្រូវសិក្សាគម្រោងអាទិភាពជាមុន ដើម្បីប្រើប្រាស់ថវិកានោះឱ្យចំគោលដៅពិតប្រាកដ។លោកទទួលស្គាល់ថា បច្ចុប្បន្នកម្ពុជាបានប្រើប្រាស់កម្ចីពីប្រទេសចិនច្រើនជាងគេ ច្រើនជាងកម្ចីពីប្រទេសអឺរ៉ុប ហើយប្រើប្រាស់កម្ចីពីប្រភពតែមួយនេះ វាជារឿងមិនសូវល្អប៉ុន្មានទេសម្រាប់ប្រទេសកម្ពុជា។ យកល្អ គួរខ្ចីឱ្យបានច្រើនប្រភពទើបយើងមានជម្រើសក្នុងការចរចាការប្រាក់ និងលក្ខខណ្ឌនៃការសងត្រឡប់ទៅវិញផ្សេងៗទៀត។
បច្ចុប្បន្ន សម្រាប់ប្រទេសកម្ពុជា ការប្រើកម្ចីត្រូវបានគេរកឃើញថា មានប្រមាណជាង 30% ធៀបជាមួយGDPនៅក្នុងប្រទេស ដែលចំនួននេះកម្ពុជាមិនមានហានិភ័យក្នុងការសងត្រឡប់ទៅវិញនោះទេ។
អ្នកតាមដានសង្គមបានលើកឡើងថា កត្តាដែលចិនផ្តល់កម្ចីមកកម្ពុជាច្រើនបែបនេះ គឺដោយសារចិនចាត់ទុកកម្ពុជាជាដៃគូមិត្តភាពមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសទាំង2ឱ្យកាន់តែរីកចម្រើនឡើង។ ការផ្តល់កម្ចីលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺផ្តោតទៅលើគោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូនឆ្លងកាត់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ី ដែលរួមទាំងកម្ពុជាយើងផងដែរ។
គួរបញ្ជាក់ថា ចំនួនកម្ចីដែលចិនផ្តល់ឱ្យ អាចចាត់ទុកថាជាចំនួនច្រើនសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែចំនួននេះ មិនច្រើនទេសម្រាប់រដ្ឋាភិបាលចិនដែលផ្តល់មកឱ្យកម្ពុជា៕