លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុម Arsenal ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនសមរម្យដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ក្រោយពីបានទាត់ដបទឹកបរិសុទ្ធទៅកាន់អ្នកគាំទ្រ អំឡុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Brighton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃ Boxing Day។
អ្នកនាំពាក្យម្នាក់របស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា៖ «លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុម Arsenal ត្រូវបានចោទប្រកាន់ ក្រោយពីការប្រកួតជាមួយនឹងក្រុម Brighton កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨»។
អ្នកនាំពាក្យរបស់ FA ដដែលបានបន្ថែមទៀតថា៖ «វាត្រូវបានគេចោទប្រកាន់ថា សកម្មភាពទាត់ដបទឹកបរិសុទ្ធរបស់លោក អំឡុងពេលនៃការប្រកួតនោះ គឺជាការប្រព្រឹត្តមិនសមម្យ។ លោកមានពេលវេលារហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះ»។ លោក Emery សញ្ជាតិអេស្ប៉ាញ បានដើរទៅនិយាយទៅកាន់អ្នកគាំទ្រម្ចាស់ផ្ទះដែលនៅក្បែរដបទឹកដែលបានធ្លាក់ភ្លាមៗ ក្រោយពីហេតុការណ៍នេះ និងបានដើរទៅនិយាយម្តងទៀតក្នុងពេលបញ្ចប់ការប្រកួតនាកីឡដ្ឋាន Amex។
លោក Emery ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅមុនពេលការប្រកាសរបស់ FA និងមុនពេលក្រុម Arsenal ធ្វើដំណើរទៅជួបក្រុម Liverpool នៅចុងសប្តាហ៍នេះ បានបញ្ជាក់ថា លោកបានសង្ឃឹមថា ការសុំការអភ័យទោសរបស់លោក នឹងគូសខ្សែបន្ទាត់មួយពីក្រោមហេតុការណ៍នេះ។ គ្រូបង្វឹករូបនេះបាននិយាយថា៖ «ខ្ញុំបាននិយាយកាលពីថ្ងៃម្សិលមិញពីការសុំអភ័យទោសរបស់ខ្ញុំ។
ខ្ញុំបានទាត់ដបទឹកដោយការអស់សង្ឃឹម ប៉ុន្តែ មិនមែនសំដៅទៅលើអ្នកគាំទ្រឡើយ។ ខ្ញុំបានទាត់សម្រាប់តែខ្ញុំ ហើយវាបានធ្លាក់ក្បែរអ្នកគាំទ្រ ហើយខ្ញុំបានសុំអភ័យទោសរបស់ខ្ញុំទៅកាន់ពួកគេ។ វាគ្មានការសន្ទនាណាផ្សេងឡើយ»៕
ប្រភពពី៖ Channel News Asia