ក្រុងបាវិត ក៏ជាប៉ូលសេដ្ឋកិច្ចសំខាន់មួយដែរក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងធំៗនៅកម្ពុជា។ តំបន់នេះក៏ជាបណ្តុំរោងចក្រសហគ្រាស និងច្រកមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរទំនិញរបស់អ្នកវិនិយោគធំៗនៅកម្ពុជាដែរ។ ការតភ្ជាប់តំបន់សេដ្ឋកិច្ចតាមព្រំដែនមករាជធានីភ្នំពេញ ជាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលដើម្បីជំរុញឱ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងនូវចរន្តសេដ្ឋកិច្ច និងការវិនិយោគ។ ក្រៅពីនេះ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនក៏ជាផ្នែកមួយផងដែរក្នុងការគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការកាត់បន្ថយគម្លាតរវាងតំបន់ប្រជុំជន និងតំបន់ជនបទ។ ថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវល្បឿនលឿនដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងបាវិត(ព្រំដែនកម្ពុជា-វៀតណាម)ត្រូវបានសិក្សារួចរាល់ហើយដោយអ្នកជំនាញ និងត្រៀមផងដែរសម្រាប់ការចេញសកម្មភាពស្ថាបនាក្រោមខ្ទង់ថវិកាប្រមាណ 3,800លានដុល្លារអាមេរិក។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនដ៏សំខាន់មួយខ្សែនេះ គឺទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលក្នុងការសិក្សាលើគម្រោងផ្លូវទាំងមូលដែលមានប្រវែង 160គីឡូម៉ែត្រ ដោយក្នុងនោះក្រោយពីការសិក្សាចប់សព្វគ្រប់ហើយ អ្នកជំនាញបានបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះត្រូវចំណាយថវិកា 3,800លានដុល្លារអាមេរិក។ ឯកឧត្តមបានបញ្ជាក់ទៀតផងដែរថា ថវិកាសម្រាប់សាងសង់ផ្លូវនេះអាចចំណាយច្រើនជាងការសាងសង់ផ្លូវល្បឿនលឿនដទៃទៀត ព្រោះស្ថានភាពផ្លូវមានលក្ខណៈស្មុគស្មាញ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “ផ្លូវនេះត្រូវចំណាយច្រើន ដោយសារតែផ្លូវដែលត្រូវសាងសង់មានស្ថានភាពលិចទឹក ហើយកាត់តាមបឹង និងតំបន់លិចទឹករហូតដល់ទៅ 80គីឡូម៉ែត្រឯណោះ”។
បើតាមឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតនេះ នឹងចំណាយថវិកាច្រើនជាងផ្លូវទៅខេត្តព្រះសីហនុ។ ឯកឧត្តមបានបង្ហាញការប្រៀបធៀបថា ផ្លូវទៅខេត្តព្រះសីហនុមានប្រវែងដល់ទៅ 190គីឡូម៉ែត្រ ត្រូវចំណាយថវិកាតែប្រមាណ 2,000លានដុល្លារប៉ុណ្ណោះ តែចំពោះផ្លូវទៅបាវិតវិញ ត្រឹមតែ160គីឡូម៉ែត្រប៉ុណ្ណោះតែត្រូវចំណាយថវិកាដល់ទៅជិត 4ពាន់លានដុល្លារ។
ចំពោះកំណត់ពេលការសាងសង់វិញ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅមិនទាន់សម្រេចថានឹងធ្វើការសាងសង់នៅពេលណា ឬយ៉ាងណានោះទេ ព្រោះផ្លូវនេះត្រូវចំណាយថវិកាជាតិច្រើនពេក ដូច្នេះត្រូវរង់ចាំការស្វែងរកដៃគូវិនិយោគឯកជនសម្រាប់កសាងផ្លូវនេះជាមុនសិន។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សិក្សាពីគម្រោងសំខាន់ៗមួយចំនួនទៀតនៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗទៀតផងដែរ ដូចជាគម្រោងពង្រីកផ្លូវជាតិលេខ1 និងផ្លូវរថភ្លើងលើអាកាសជាដើម៕