ការអប់រំផ្នែកពាណិជ្ជសាស្ត្រ និងហិរញ្ញវត្ថុ ជាផ្នែកដ៏សំខាន់មួយដែលកម្ពុជាកំពុងត្រូវការស្របពេលដែលវិស័យធនាគារ-ហិរញ្ញវត្ថុ និងពាណិជ្ជកម្មកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ ដោយមើលឃើញពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យទាំងអស់នេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្វើការសម្ពោធជាផ្លូវការនូវអគារថ្មីស្របតាមស្តង់ដារអន្តរជាតិរបស់ខ្លួនដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិតនៅកម្ពុជា និងប្រទេសមានឱកាសសិក្សាប្រកបដោយគុណភាពខ្ពស់។
អគារសិក្សាដ៏ទំនើប និងធំទូលាយនេះមានទីតាំងស្ថិតនៅអគារលេខ1397 មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយលោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនផ្សេងទៀត។
បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មានការរីកចម្រើនកើនឡើងជាលំដាប់ ដែលមិនអាចកាត់ផ្តាច់បានពីការលូតលាស់នៃកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ក្នុងរយៈពេល 2ទសវត្សរ៍ចុងក្រោយនេះ ទីផ្សារការងារកម្ពុជា និងសកលបានត្រូវការជាចាំបាច់នូវធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់។ ជាឱកាសដ៏វិសេសវិសាលនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី បានបោះទុនវិនិយោគលើវិស័យអប់រំ ដោយបានសាងសង់អគារវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងគោលបំណងបំពេញតម្រូវការចាំបាច់នៃកំណើនសិស្ស-និស្សិត និងសិក្ខាកាម ជាការរួមចំណែកនៅក្នុងវិស័យអប់រំ ចែករំលែកនូវបទពិសោធជោគជ័យ ចំណេះជំនាញសីលធម៌ និងពង្រឹងគុណភាពអប់រំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានសាងសង់ឡើងស្របតាមស្តង់ដាអន្តរជាតិ មានលក្ខណៈទំនើប ស្រស់ស្អាត និងត្រូវបានគូសប្លង់ដោយក្រុមហ៊ុន HSNK របស់ប្រទេសកូរ៉េខាងត្បូង ដែលជាស្ថាបត្យករល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិ។ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដាសាងសង់ដោយក្រុមហ៊ុន(Main Contractor) PISNOKA ដែលជាក្រុមហ៊ុនក្នុងស្រុកដោយសហការជាមួយក្រុមហ៊ុនសាងសង់ចំនួន4 និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារិម និងសម្ភារការិយាល័យ និងអគ្គិសនីចំនួន17 ទៀត។ សរុបរួមមាន 22ក្រុមហ៊ុន ទាំងក្នុងស្រុក និងបរទេស ដោយប្រើប្រាស់រយៈពេលសាងសង់ 600ថ្ងៃ និងថវិកាចំនួន 36,726,888ដុល្លារអាមេរិក (រួមទាំងតម្លៃដី)។ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា មានបំពាក់ទៅដោយឧបករណ៍សម្ភារការិយាល័យ លិក្ខូបករណ៍តាមបន្ទប់រៀនទំនើប និងទាន់សម័យ ព្រមទាំងមានប្រព័ន្ធការពារសន្តិសុខ ការសន្សំសំចៃថាមពលប្រើប្រាស់ ការបង្ការអគ្គិភ័យ បណ្តាញត្រួតពិនិត្យ និងប្រព័ន្ធទូរគមនាគមន៍ ហើយនិងប្រព័ន្ធគាំទ្របច្ចេកវិទ្យាព័ត៌មានគ្រប់អគារទាំងអស់។ អគារទាំងនេះសាងសង់លើផ្ទៃដីទំហំ 75,750ម៉ែត្រការ៉េ ដែលរួមមានអគារសិក្សា2 កម្ពស់ 5ជាន់ មានបន្ទប់រៀនចំនួន 8បន្ទប់ ដែលអាចទទួលនិស្សិតបានពី 6,000 ទៅ 7,000នាក់ (សរុប 3វេនសិក្សា) អគាររដ្ឋបាល1 កម្ពស់ 3ជាន់ ដែលនៅក្នុងអគារនោះមានអាហារដ្ឋាន 1កន្លែង បណ្ណាល័យ1 កម្ពស់ 3ជាន់ អន្តេវាសិកដ្ឋាន1 កម្ពស់ 4ជាន់ មាន 47បន្ទប់ ដែលអាចទទួលនិស្សិតស្នាក់នៅសរុបចំនួន 137នាក់ ទីធ្លាសម្រាប់ចតយានយន្តធំទូលាយ ទីលានបាល់ទាត់ទំហំ 8,088ម៉ែត្រការ៉េ បាល់បោះ និងបាល់ទះទំហំ 1,438ម៉ែត្រការ៉េ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះការកសាងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាស្របតាមបទដ្ឋានអន្តរជាតិ ដូចសាកលវិទ្យាល័យនានានៅតាមបណ្តាប្រទេស ក្នុងតំបន់មួយចំនួនដោយមានជាអគារសិក្សាទំនើប និងប្រណីត បន្ទប់សិក្សាបំពាក់ដោយឧបករណ៍គ្រប់គ្រាន់ មានបណ្ណាល័យធំទូលាយ និងទំនើបទាន់សម័យ ទីធ្លាវិទ្យាស្ថានមានលក្ខណៈធំទូលាយ មានសួនច្បារ ទីលានបាល់ទាត់ បាល់បោះ និងបាល់ទះ។ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អាចត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា និងជាជម្រើសដ៏ល្អមួយសម្រាប់សិស្ស-និស្សិត និងសិក្ខាកាមទាំងក្នុង និងក្រៅប្រទេសសម្រាប់បន្តការសិក្សាដើម្បីទទួលបានចំណេះជំនាញ និងបទពិសោធការងារច្បាស់លាស់៕