អាកាសយានដ្ឋានអន្តរជាតិចំនួន3 របស់កម្ពុជា(អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ) នៅក្នុងឆ្នាំ2018នេះ ទទួលបានអ្នកធ្វើដំណើរឆ្លងកាត់បានប្រមាណ 10លាននាក់ ដែលចំនួននេះមានការកើនឡើង 2លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ2017។
លោក Eric Delobel នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការទទួលបានអ្នកដំណើរចំនួនប្រមាណ 10លាននាក់តាមអាកាសយានដ្ឋានអន្តរជាតិទាំង3នោះថា៖ “នេះជាមោទនភាពមួយរបស់ប្រទេសកម្ពុជាដែលបានបម្រើសេវាកម្មជូនអ្នកដំណើរចំនួន10លាននាក់តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង3 ដែលនេះជាកំណត់ត្រាដំបូងបំផុតដែលមានការកើនឡើងចំនួន 2លាននាក់ ធៀបនឹងឆ្នាំ2017 ដែលមានតែ 8លាននាក់”។
លោកបានបន្តថា នៅឆ្នាំ1995 ពេលក្រុមហ៊ុន Cambodia Airport ត្រូវបានផ្តល់ការទុកចិត្តឱ្យធ្វើ-ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺមានអ្នកដំណើរប្រមាណត្រឹមតែ 5ម៉ឺននាក់ប៉ុណ្ណោះ ដែលតិចជាងដល់ទៅ 20ដង បើធៀបនឹងបច្ចុប្បន្ន។
ឯកឧត្តម វ៉ាន់ ណូរ៉ាក់ អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា៖“នេះជាការតភ្ជាប់កាន់តែប្រសើរឡើង និងកាន់តែជោគជ័យដែលយើងបានច្របាច់បញ្ចូលគ្នារវាងអាកាសយានដ្ឋានទាំង3 ឱ្យក្លាយទៅជាសហគមន៍តែមួយ គឺមានអ្នកដំណើរ 10លាននាក់សម្រាប់ដោយទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំរវាងដៃគូពាក់ព័ន្ធរបស់អាកាសយានដ្ឋាននីមួយៗអស់រយៈពេលជាង 23ឆ្នាំចុងក្រោយនេះ”។
ឯកឧត្តមបានបញ្ជាក់បន្តថា៖ “យើងបានសហការបង្កើតស្តង់ដារ ជាពិសេសទំនាក់ទំនងសន្តិសុខ និងសុវត្ថិភាព ក៏ដូចជាការគាំពារបរិស្ថានផងដែរជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយ ប្រទេសកម្ពុជាដែលជាគោលដៅសម្រាប់អ្នកដំណើរ។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិទាំង3 កំពុងបម្រើសេវាកម្មជាង 60គោលដៅ។ ព្រលានយន្តហោះមិនត្រឹមតែជាស្ថានីយធ្វើដំណើរ និងការមកដល់របស់ភ្ញៀវប៉ុណ្ណោះទេ តែថែមទាំងជាអ្នករៀបចំប្រព័ន្ធផ្សេងៗនៅ Runways Aprons ផងដែរ”។
លោក Eric Delobel បានលើកឡើងថា ចំនួនអ្នកដំណើរមានការកើនឡើងនេះ គឺដោយសារមានការចូលរួមចំណែកពីរដ្ឋាភិបាល ក្រសួងទេសចរណ៍ រដ្ឋលេខាធិការអាកាសចរស៊ីវិល គយ និងរដ្ឋាករ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភ្នាក់ងារឯកជនដែលតែងតែគាំទ្រជាប្រចាំ បានសហការគ្នាក្នុងការបង្កើតបទដ្ឋានស្តង់ដារ ជាពិសេសទាក់ទងនឹងសន្តិសុខសុវត្ថិភាព និងការសហការគាំពារបរិស្ថានផងដែរ។
គួរបញ្ជាក់ដែរថា របាយការណ៍ 10ខែរបស់ក្រសួងទេសចរណ៍បានបង្ហាញឱ្យដឹងពីការមកដល់របស់ភ្ញៀវអន្តរជាតិដែលកើនដល់770,000 នាក់នៅក្នុងខេត្តតំបន់ឆ្នេរ ដែលកើនឡើង26,9% ធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិទាំង3 កំពុងបម្រើសេវាកម្មជាង60គោលដៅនៅទូទាំងពិភពលោក ធ្វើយ៉ាងណាឱ្យមានអ្នកដំណើរឆ្លងកាត់បានច្រើន ដោយតែធ្វើកិច្ចពិភាក្សាជាប្រចាំជាមួយក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិទាំង3នេះ ក្លាយជាប្រតិបត្តិករ ដែលទុកចិត្តបានសម្រាប់បម្រើសេវាកម្មជូនដល់អ្នកដំណើរទាំងក្នុងស្រុក និងអន្តរជាតិ៕