កីឡាការិនីវាយកូនបាល់ Serena Williams នឹងមិនធ្វើការពិភាក្សាទៅលើហេតុការណ៍ដែលបានផ្ទុះឡើង អំឡុងពេលនៃការប្រកួតព្រឹត្តិការណ៍ US Open វគ្គផ្តាច់ព្រ័ត្រ ដែលនាងបានរងបរាជ័យក្រោមស្នាដៃរបស់កីឡាការិនី Naomi Osaka នៅខែកញ្ញា និងកំពុងតែជ្រើសរើសយក «ការធ្វើរឿងកាន់តែធំ និងកាន់តែល្អប្រសើរ»។ នេះបើយោងទៅតាមការបញ្ជាក់របស់កីឡាការិនីអាមេរិករូបនេះទៅកាន់អ្នកយកព័ត៌មាន ក្នុងទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងការបង្ហាញខ្លួននៅលើទីលានជាលើកទី1របស់នាង ចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ចម្រូងចម្រាស់ក្នុងទីក្រុងញូវយ៉ក Williams បានចាញ់ក្នុងការប្រកួតបែបកម្សាន្តរបស់នាង ក្រោមស្នាដៃបងស្រីរបស់ខ្លួនគឺ Venus ក្នុងលទ្ធផល 4-6 6-3 និង10-8 ក្នុងរាជធានីអ៊េមីរ៉ាតអារ៉ាប់រួម ហើយបច្ចុប្បន្ននាងនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Perth ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ Hopman Cup រួមជាមួយនឹងមិត្តរួមជាតិរបស់នាងគឺ Frances Tiafoe។
នៅពេលដែលត្រូវបានចោទសួរថា ការប្រកួត US Open វគ្គផ្តាច់ព្រ័ត្រ គឺជាប្រធានបទមួយដែលនឹងចង់គេចផុត ក្នុងពេលរដូវកាលថ្មីនេះចាប់ផ្តើម ឬយ៉ាងថា Serena បានឆ្លើយថា៖ «ខ្ញុំមិនចង់គេចផុតពីអ្វីឡើយ។ ខ្ញុំគ្រាន់តែមិនមានពេលក្នុងការនិយាយពីបញ្ហានោះ។ ខ្ញុំបាននិយាយពីវា គ្រប់គ្រាន់បាននិយាយពីបញ្ហានោះអស់រយៈពេលជាច្រើនខែមកហើយ ហើយវាជារឿងដ៏ល្អបំផុតក្នុងការធ្វើដំណើរទៅកាន់រឿងកាន់តែធំ និងកាន់តែល្អប្រសើរ»។
សមិទ្ធផលកាន់តែធំ និងកាន់តែល្អប្រសើរ ពិតជាស្ថិតក្នុងចិត្តរបស់ Serena ខណៈដែលនាងបានទទួលស្គាល់ថា ការប្រជែងឲ្យតាមស្មើកំណត់ត្រារបស់នាង Margaret Court នៃការឈ្នះពាន Grand Slam 24លើក គឺជាគោលដៅរបស់នាងក្នុងឆ្នាំ2019៕
ប្រភពពី៖ Channel News Asia