តាមរយៈការបង្ហោះបញ្ជាក់ពីលោក ហេង ឡុង បានឱ្យដឹងថា នាព្រឹកថ្ងៃទី27 ខែធ្នូ ឆ្នាំ 2018 ក្រុមមេធាវីស្ម័គ្រចិត្តរបស់ កញ្ញាទេពបូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេងរស្មី ដែលជាអ្នកគប់កំប៉ុងមកលើកញ្ញា។ ទាំងជនបង្កនិងទាំងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថា ស្រវឹងបែបនេះ? តើភាពឈឺចាប់និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងឱ្យមហាជនជួយរកយុត្តិធម៌? សំណូមពររបស់ភាគីទេពបូព្រឹក្សមាន3 ចំណុចដូចខាងក្រោម៖
ទី1. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ
ទី2. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន ១០ម៉ឺនដុល្លារ
ទី3.ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។ ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។ អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញា ទេព បូព្រឹក្ស អរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាពត៌មាន។
គួររំលឹកផងដែលថាកាលពីរាត្រីថ្ងៃទី25 ខែធ្នូ ឆ្នាំ2018 មានករណីអំពើហិង្សារជះស្រាបៀរ និងគប់កំប៉ុងទៅលើតារាចម្រៀង ទេព បូព្រឹក្ស នៅចំណុចភោជនីយដ្ឋាន “សមុទ្រ” នៅតាមបណ្ដោយផ្លូវ 118 សង្កាត់ទឹកល្អក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នងនោះផងដែលក្រោយពីបានដាក់ពាក្យបណ្តឹង ទេព បូព្រឹក្ស បានបញ្ជាក់ថា កញ្ញាបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល4រូប គឺ បុរសដែលបានជះស្រាមកខ្លួន, ម្ចាស់ហាង “សមុទ្រ” , អ្នករៀបចំកម្មវិធី និង បុគ្គលមួយរូបដែលអះអាងថាជាម្តាយរបស់ជនបង្កដែលបានទះកំផ្លៀងមកលើអ្នករាំរបស់ខ្លួនរហូតដល់ទៅ3កំផ្លៀង និងទាមទារសំណង10ម៉ឺនដុល្លារអាមេរិក។ ដោយសំណងនោះកញ្ញាបានបញ្ជាក់ថា នឹងយកទៅបរិច្ចាគឱ្យទៅគន្ធបុប្ផា និងកុមារកំព្រាជាដើម៕