កម្ពុជាជាប្រទេសដែលកំពុងត្រូវការជាចាំបាច់នូវគំនិតបង្កើតថ្មី និងអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតព្រោះចាប់ផ្តើមពីចំណុចវិជ្ជមាននៃធនធានមនុស្សកម្ពុជាប្រទេសទាំងមូលនឹងកាន់តែមានសក្តានុពលអភិវឌ្ឍដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ផ្នែកសេដ្ឋកិច្ច។
នៅកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឬគ្រប់គ្នាស្គាល់ថាជាសាលាតិចណូបានបង្កើតកម្មវិធីមួយឈ្មោះថា Techno Innovation Challenge ដើម្បីផ្តល់ឱកាសដល់អ្នកជំនាញកម្ពុជានានាមានឱកាសបង្កើនសក្តានុពលរបស់ខ្លួនតាមរយៈការបន្តបណ្តុះបណ្តាល និងប្រកួតប្រជែងលើវិស័យអាជីវកម្ម ដែលជាច្រកសំខាន់ក្នុងការលើកទឹកចិត្តឱ្យមានការបង្កើតថ្មីកាន់តែច្រើនឡើងនៅកម្ពុជា។
កញ្ញា សៀក ឡេង អ្នកសម្របសម្រួលកម្មវិធី Techno Innovation Challenge បានបង្ហាញថាឆ្នាំ 2018 នេះជាឆ្នាំទី2 ហើយដែលកម្មវិធីនេះត្រូវបានបង្កើតឡើងនៅកម្ពុជា។ កម្មវិធី Techno Innovation Cambodia បានរៀបចំដោយយកគំរូតាមកម្មវិធីប្រកួតមួយពីសាកលវិទ្យាល័យ Texas A&M University នៅសហរដ្ឋអាមេរិក ដោយមានការកែប្រែបន្តិចបន្តួចដើម្បីឱ្យត្រូវនឹងកត្តាសម្ភារ និងបរិបទរបស់កម្ពុជា។ ម្យ៉ាងវិញទៀត នៅកម្ពុជាមានបន្ថែមអ្នកជំនាញ (Mentor)ដើម្បីធ្វើជាអ្នកណែនាំសម្រាប់អ្នកចូលរួមទាំងផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកបច្ចេកទេសដើម្បីគាំទ្រឱ្យសមត្ថភាពយុវជនខ្មែរដែលមានគំនិតច្នៃប្រឌិតស្រាប់កាន់តែមានសក្តានុពលខ្លាំងឡើង។ លើសពីនេះទៅទៀត អ្វីដែលកាន់តែពិសេសនោះគឺសាលាតិចណូផ្តល់ឱកាសល្អសម្រាប់ជួយឱ្យបេក្ខជនដែលចូលរួមមានកន្លែងធ្វើជាក្រុមពិភាក្សា និងពិសោធងាយស្រួលជាងមុន ស្របពេលដែលក្រុមការងារជំនាន់ទី1 នឹងមានឱកាសជួយពួកគាត់បានច្រើនលើការអភិវឌ្ឍសមត្ថភាពបេក្ខជនទាំងអស់នៅឆ្នាំ 2018 នេះ។
កញ្ញា សៀក ឡេង និយាយថា៖ «កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះកាលណាយើងមានអ្នកជំនាញច្រើននៅផលិតកម្មនៅ-ក្នុងស្រុកនឹងកើនឡើងកាន់តែខ្លាំង ហើយនៅពេលដែលអ្នកជំនាញគាត់មានឱកាសធ្វើជំនួញ នោះធ្វើឱ្យអាជីវកម្មកាន់តែមានសម្ទុះខ្លាំង»។
អ្នករៀបចំកម្មវិធីខាងលើបានលើកឡើងផងដែរថាមកដល់បច្ចុប្បន្ននេះ កម្មវិធី Techno Innovation Challenge ក៏អាចជំរុញដល់វិស័យអប់រំ និងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនតាមរយៈការអភិវឌ្ឍជំនាញ វិទ្យាសាស្ត្រ វិស្វកម្ម និងគណិតវិទ្យា ដែលជំនាញទាំងអស់នេះអាចចូលរួមចំណែកមួយភាគ-ធំដល់ការដោះស្រាយបញ្ហាមនុស្សជាតិនៅថ្ងៃខាងមុខ។ ក្រៅពីនេះ តាមរយៈកម្មវិធីប្រកួតប្រជែងអាជីវ-កម្មបែបបច្ចេកវិទ្យានេះ អាចនឹងផ្តល់ឱកាសខ្ពស់ដល់និស្សិតដែលបានចូលរួមប្រកួតដើម្បីពង្រឹងសមត្ថភាពសក្តានុពល និងភាពច្នៃប្រឌិត រួមទាំងបំណិនផ្សេងៗឱ្យកាន់តែបានល្អ ដែលជួយដល់យុវជនអាចត្រៀមខ្លួនបានល្អសម្រាប់ទីផ្សារការងារ និងឆ្លើយតបបានជាមួយនឹងការវិវឌ្ឍរបស់ពិភពលោកដែលកំពុងចាប់ផ្តើមមានការផ្លាស់ប្តូរ និងប្រកួតប្រជែងខ្ពស់។
នៅកម្ពុជាកត្តាធនធានមនុស្សជារឿងសំខាន់ ដែលក្រសួងការងារ និងក្រសួរអប់រំ យុវជន និងកីឡា កំពុងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាលើកទឹកចិត្តឱ្យយុវជនកម្ពុជាចាប់យកជំនាញ STEM រួមទាំងពង្រឹងសមត្ថភាពកាន់តែខ្លាំងក្នុងវិស័យនេះ។ ទោះជាយ៉ាងនេះក្តី ជាស្ថានភាពជាក់ស្តែង យើងឃើញថា គ្រប់ភាគីក៏មានក្តីព្រួយបារម្ភច្រើនផងដែរចំពោះធនធានមនុស្សលើជំនាញបច្ចេកទេស និងសហគ្រិនភាពដែលទាមទារឱ្យមានការខិតខំកាន់តែខ្លាំងសម្រាប់ការប្រកួតប្រជែង។
សម្រាប់កញ្ញា សៀក ឡេង បានបង្ហាញការយល់ឃើញថា និស្សិតកម្ពុជាមានសមត្ថភាពមិនចាញ់និស្សិតបរទេស ឬនិស្សិតនៅប្រទេសជិតខាងឡើយ។ កញ្ញាបានលើកឡើងផងដែរថា ជាក់ស្តែងនិស្សិតកម្ពុជាបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ហើយធ្លាប់ទទួលបានជយលភី និងពានរង្វាន់ជាច្រើនពីក្រៅប្រទេសត្រឡប់មកវិញថែមទៀតផង។ លើសពីនេះទៅទៀត ក្រុមដែលធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Techno Innovation Challenge ក៏ធ្លាប់បានបង្ហាញសមត្ថភាពចំណេះជំនាញបច្ចេកទេស និងភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីបង្កើតសម្មិទ្ធផលប្រើប្រាស់តាមរយៈ STEM បានយ៉ាងល្អ។ នេះជាចំណុចបង្ហាញថាកម្ពុជាកំពុងមានស្ថានភាពវិជ្ជមានក្នុងការជំរុញ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញបច្ចេកទេសដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម និងក្នុងតំបន់នាថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ វិស័យ STEM ត្រូវបានចាត់ចូលជាវិស័យសំខាន់សម្រាប់កម្ពុជាក្នុងការជំរុញឱ្យដាក់បញ្ចូលក្នុងកម្មវិធីសិក្សា 4.0 ដើម្បីឆ្លើយតបជាមួយនឹងបដិវត្តន៍ឧស្សាហកម្ម 4.0 ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។ នៅលើផ្លូវទៅកាន់ការអភិវឌ្ឍជំនាញទាំងអស់នេះ ក្រសួងជំនាញបានបង្កើតកម្មវិធីអប់រំ ផ្សព្វផ្សាយ និងប្រកួតប្រជែងជាច្រើនដើម្បីធ្វើយ៉ាងណាទាក់ទាញនិស្សិត និងយុវជនកម្ពុជាឱ្យមានចំនួនកាន់តែច្រើនសិក្សាផ្នែកទាំងអស់នេះ ដែលជាគោលដៅសំខាន់ក្នុងបង្កើនចំនួនអ្នកជំនាញនៅក្នុងប្រទេសនាពេលអនាគត៕