រឿងរ៉ាវរបស់តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ជះស្រាបៀដាក់លើរូបនាងក្នុងភោជនីយដ្ឋាន សមុទ្រ កាលពីយប់ថ្ងៃទី25 ខែ ធ្នូ ឆ្នាំ 2018 វេលាម៉ោង 10:30នាទីយប់នោះ សមត្ថកិច្ចកំពុងតែដោះស្រាយលើរឿងនេះ និងធ្វើការស៊ើបសួរទៅកាន់បុគ្គលិកភោជនីយដ្ឋាន សមុទ្រ។
យោងតាមរបាយការណ៍ ដែលបានបញ្ជាក់ថា កាលពីថ្ងៃទី20 ខែធ្នូ ឆ្នាំ2018 ក្រុមហ៊ុន ស្រាបៀរ Hite ដោយមានលោក គា វី អាយុ ប្រហែល 28 ឆ្នាំ ជាជនជាតិខ្មែរ មុខរបរជា ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Hite បានទំនាក់ទំនងកញ្ញា ទេព បូព្រឹក្ស ជួលក្នុង តម្លៃ 900ដុល្លារអាមេរិក។ នាងត្រូវបាន ជួលឱ្យច្រៀងក្នុងរយៈពេល 1ម៉ោង ចំនួន6បទ ( ចាប់ពីម៉ោង 10:00នាទីយប់ ដល់ម៉ោង 11:០០នាទីយប់ ចប់កម្មពិធី)។ ក្នុងកម្មវិធីប្រម៉ូលសិន និងបញ្ចុះតម្លៃ 4 ថែម 1 របស់ស្រាបៀ Hite និងមានការ ចាប់រង្វាន់ របស់ស្រាបៀរ Hite នៅភោជនីយដ្ឋាន (សមុទ្រ) ដែលមានទីតាំង ផ្ទះលេខ72 តាមបណ្ដោយផ្លូវ លេខ118 ក្រុមទី50 ភូមិ13 សង្កាត់ទឹកល្អក់ទី1 ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ដែលត្រូវ រៀបចំឡើងនៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2018 ក្នុងភោជនីយដ្ឋានសមុទ្រ។
គួររំឭកដែរថា នៅមុនពេលកើតហេតុ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀងនិងសម្ដែងនៅក្នុងកម្មវិធី Hite X’mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារិ៍ ទី25 ខែធ្នូ ឆ្នាំ2018នេះ នៅភោជនីយដ្ធាន «សមុទ្រ» ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះត្រៀមច្រៀង6បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ម៉ោង9:40នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀងគឺម៉ោង10យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តងខណៈពេលកំពុងច្រៀងនៅលើឆាក។
លុះមកដល់ថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 វេលាម៉ោងប្រហែល 10៖00នាទីព្រឹក ទេព បូព្រឹក្សជាជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី1 តែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត។ នេះបើយោងតាមរបាយការណ៍ របស់អធិការដ្ឋានខណ្ឌទួលគោក៕